ការពឹងផ្អែកលើប្រភពចំណូលតែមួយ គឺជាកំហុសហិរញ្ញវត្ថុមួយដែលមនុស្សជាច្រើនធ្វើដោយមិនដឹងខ្លួន។ ទោះបីជាការងារប្រចាំថ្ងៃរបស់អ្នកមានស្ថិរភាពក៏ដោយ ការមានប្រភពចំណូលតែមួយ គឺជាហានិភ័យដ៏ធំដែលអាចបង្កផលវិបាកជាច្រើនដល់ជីវិត និងអនាគតហិរញ្ញវត្ថុរបស់អ្នក។
ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលអ្នកមិនគួរពឹងផ្អែកលើប្រភពចំណូលតែមួយ៖
១. ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុខ្ពស់
ប្រសិនបើអ្នកមានប្រភពចំណូលតែមួយ ហើយប្រភពនោះមានបញ្ហា (ដូចជាបាត់បង់ការងារ បិទអាជីវកម្ម ឬកាត់បន្ថយប្រាក់ខែ) នោះជីវិតហិរញ្ញវត្ថុរបស់អ្នកទាំងមូលនឹងដួលរលំ។ ការពឹងផ្អែកលើការងារតែមួយមុខ ធ្វើឱ្យអ្នកមិនមានប្រាក់បម្រុងសម្រាប់ទ្រទ្រង់ជីវិតនៅពេលមានវិបត្តិឡើយ។
២. ពិបាកសន្សំ និងកសាងទ្រព្យសម្បត្តិ
ប្រភពចំណូលតែមួយមុខច្រើនតែគ្រប់គ្រាន់សម្រាប់តែការចំណាយប្រចាំថ្ងៃប៉ុណ្ណោះ។ នៅពេលដែលអ្នកមានប្រភពចំណូលច្រើន អ្នកនឹងមានលទ្ធភាពសន្សំប្រាក់បានកាន់តែច្រើន និងឆាប់រហ័ស។ នេះជួយឱ្យអ្នកអាចយកប្រាក់នោះទៅវិនិយោគបន្តដើម្បីបង្កើតទ្រព្យសម្បត្តិ។
៣. គ្មានសេរីភាពហិរញ្ញវត្ថុ
សេរីភាពហិរញ្ញវត្ថុ គឺសំដៅលើសមត្ថភាពក្នុងការរស់នៅដោយមិនចាំបាច់ព្រួយបារម្ភពីលុយកាក់។ នៅពេលអ្នកពឹងផ្អែកលើប្រភពចំណូលតែមួយ អ្នកត្រូវបានចងភ្ជាប់នឹងការងារនោះ ហើយពិបាកនឹងសម្រេចចិត្តផ្លាស់ប្តូរការងារ ឬធ្វើអ្វីដែលអ្នកពិតជាស្រឡាញ់។
៤. កាត់បន្ថយឱកាសក្នុងការលូតលាស់
ការមានប្រភពចំណូលច្រើនជំរុញឱ្យអ្នករៀនជំនាញថ្មីៗ ស្វែងយល់ពីឧស្សាហកម្មផ្សេងៗ និងបង្កើនសមត្ថភាពរបស់អ្នក។ វាជាការវិនិយោគលើខ្លួនឯង ដែលបើកទ្វារឱកាសថ្មីៗសម្រាប់អាជីព ឬអាជីវកម្មរបស់អ្នក។ ផ្ទុយទៅវិញ ការផ្តោតតែលើប្រភពចំណូលមួយ អាចធ្វើឱ្យអ្នកជាប់គាំងនៅកន្លែងដដែល។
យ៉ាងណាមិញ ត្រង់ន័យនេះចង់សំដៅថាប្រភពចំណូលច្រើនមិនមែនសុទ្ធតែជាការងារពេញម៉ោងនោះទេ
ប្រភពចំណូលច្រើនមិនមែនមានន័យថាអ្នកត្រូវធ្វើការពីរឬបីកន្លែងនោះទេ។ ប្រភពចំណូលអាចមានច្រើនទម្រង់ដូចជា៖
- ចំណូលសកម្ម: ចំណូលពីប្រាក់ខែ ការងារក្រៅម៉ោង (Freelance) ។
- ចំណូលអកម្ម: ចំណូលពីការជួលអចលនទ្រព្យ ការប្រាក់ពីការសន្សំ ឬការវិនិយោគ ភាគលាភពីភាគហ៊ុន ការបង្កើតស្នាដៃ (ដូចជាសៀវភៅ)។
ជារួម ការកសាងប្រភពចំណូលច្រើន គឺដូចជាការ “កុំដាក់ពងមាន់ទាំងអស់ក្នុងកន្រ្តកតែមួយ”។ ប្រសិនបើកន្រ្តកមួយនោះដួល ពងមាន់ទាំងនោះក៏ត្រូវបានបែបទាំងអស់ ដោយអ្នកមិនមានពងមាន់សម្រាប់បបម្រងឡើយ។ ដូចនេះការធ្វើពិពិធកម្មប្រភពចំណូល ផ្តល់ឱ្យអ្នកនូវសុវត្ថិភាព ឱកាស និងសេរីភាពហិរញ្ញវត្ថុដែលអ្នកត្រូវការដើម្បីរស់នៅដោយគ្មានសម្ពាធពីលុយកាក់។