មនុស្សភាគច្រើនតែងតែខ្លាចក្នុងការធ្វើការខុសពីជំនាញដែលខ្លួនបានរៀន ប៉ុន្តែតាមពិតទៅ ការទទួលយកឱកាសធ្វើការក្នុងវិស័យផ្សេង អាចនាំមកនូវអត្ថប្រយោជន៍ និងជំនាញចម្រុះដែលមិនអាចរកបាននៅក្នុងជំនាញស្នូលរបស់អ្នកឡើយ។ នេះគឺជាមធ្យោបាយដ៏ល្អមួយដើម្បីពង្រីកសក្តានុពលខ្លួនឯង។
១. បង្កើនភាពបត់បែន និងសមត្ថភាពសម្របខ្លួន
អ្នកនឹងក្លាយជាបុគ្គលិកដែលមានភាពបត់បែនខ្ពស់ ងាយស្រួលសម្របខ្លួនទៅនឹងការផ្លាស់ប្តូរណាមួយនៅក្នុងក្រុមហ៊ុន។
២. ទទួលបានទស្សនៈវិស័យថ្មីៗ
ការធ្វើការខុសជំនាញអនុញ្ញាតឲ្យអ្នកមើលឃើញបញ្ហាពីវិស័យផ្សេងៗ។ អ្នកអាចអនុវត្តចំណេះដឹងដែលអ្នកមានពីជំនាញដើមរបស់អ្នកទៅលើវិស័យថ្មី ដែលអាចនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ដូចនេះអ្នកអាចក្លាយជាអ្នកជំនាញដែលរួមបញ្ចូលគ្នានូវចំណេះដឹង (T-Shaped Professional) ដែលក្រុមហ៊ុនភាគច្រើនកំពុងត្រូវការ។
៣. ពង្រីកបណ្តាញទំនាក់ទំនង
ការផ្លាស់ប្តូរការងារមានន័យថាការជួបមនុស្សថ្មីៗនៅក្នុងឧស្សាហកម្មមួយផ្សេងទៀត។ បណ្តាញទំនាក់ទំនងដែលចម្រុះបែបនេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់អនាគតអាជីវកម្ម ឬការងាររបស់អ្នក។ អ្នកអាចទទួលបានឱកាសការងារ ឬគំនិតអាជីវកម្មថ្មីៗដែលមិនធ្លាប់បានដឹងពីមុន។
៤. កសាងទំនុកចិត្ត និងភាពរឹងមាំផ្លូវចិត្ត
ការយកឈ្នះលើការភ័យខ្លាចក្នុងការចាប់ផ្តើមអ្វីថ្មីបង្ហាញថាអ្នកមានភាពក្លាហាន។ ការសម្រេចគោលដៅនៅក្នុងវិស័យដែលអ្នកមិនបានដឹងលម្អិតពីដំបូង នឹងបង្កើនទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង នៅពេលដែលអ្នកបានដឹងពីវាបន្ថែម។ វាធ្វើឱ្យអ្នកនឹងលែងភ័យខ្លាចការចាប់ផ្តើមអ្វីថ្មីទៀតហើយ ហើយមានភាពធន់ខ្ពស់ក្នុងការប្រឈមមុខនឹងបញ្ហា។
សរុបមក ការធ្វើការខុសជំនាញមិនមែនជាការដើរថយក្រោយនោះទេ តែជាការវិនិយោគលើខ្លួនឯងដ៏ឆ្លាតវៃ ទៅលើជំនាញថ្មីបន្ថែម។ វាជាឱកាសដើម្បីទទួលបាន បទពិសោធន៍ចម្រុះ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ បន្ថែមលើជំនាញស្នូលរបស់អ្នក។

