ភាពរីករាយ និងសុភមង្គលមិនមែនជាអ្វីដែលអាចយកលុយទិញបាននោះទេ។ ខណៈពេលដែលលុយគ្រាន់តែអាចធ្វើឱ្យជីវិតមានភាពងាយស្រួលជាងមុនតែប៉ុណ្ណោះ ។ ប៉ុន្តែមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងអន្ទាក់នៃការគិតថាទ្រព្យសម្បត្ដិ ឬការមានលុយកាន់តែច្រើននឹងនាំមកនូវសុភមង្គល ប៉ុន្តែការពិតគឺខុសគិត។ដូចនេះដើម្បីដឹងថាតើធ្វើយ៉ាងណាឱ្យជីវិតមានភាពរីករាយ ចូរអ្នកលុបចោលនូវទម្លាប់ទាំង8ខាងក្រោមនេះ៖
- រស់នៅដោយទាមទារលើសពីអ្វីដែលអ្នកត្រូវការ៖ ការរស់នៅដោយទាមទារលើសពីអ្វីដែលជីវិតត្រូវការ គឺជាទម្លាប់ដែលនាំឱ្យអ្នកមានភាពតានតឹង និងភាពមិនសប្បាយចិត្ត។ វាជាវដ្តនៃការចង់បានហើយចង់បានទៀតកាន់តែច្រើនឥតឈប់ឈរ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ការមិនស្កប់ស្កល់បែបនេះហើយវានឹងធ្វើឱ្យអ្នកមិនសប្បាយចិត្ត។
- ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ៖ ភាពរីករាយនឹងជីវិតមិនមែនមកពីការមានអ្វីច្រើនជាង ល្អជាងអ្នកដទៃ ឬព្យាយាមធ្វើតាមស្តង់ដារសង្គមនោះទេ។ ដោយគេធ្វើសង្កត់ធ្ងន់ទៅលើភាពស្កប់ស្កល់ជាមួយនឹងអ្វីដែលអ្នកមាននៅក្នុងជីវិត។ដូចនេះចូរកុំធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃព្រោះមនុស្សម្នាក់ៗមានចំណុចល្អរៀងៗខ្លួន។
- ការមិនយកចិត្តទុកដាក់ចំពោះសុខភាព៖ នៅពេលដែលអ្នកមិនយកចិត្តទុកដាក់លើសុខភាពទេ នោះសុខភាពអ្នកនឹងអន់ថយម្តងបន្តិចៗ។កាលណារាងកាយមួយដែលមានសុខភាពមិនល្អនោះវានឹងនាំឱ្យសុខភាពផ្លូវចិត្តរបស់អ្នកមិនដូចគ្នាល្អផងដែរ។ ដូច្នោះអ្នកត្រូវមើលថែ និងខ្វល់ខ្វាយពីសុខភាពខ្លួនឡើងវិញ ដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីទទួលបានសុខភាពល្អ អារម្មណ៍នៃផ្លូវចិត្តប្រសើរឡើង និងកាត់បន្ថយភាពតានតឹង។ បន្ថែមពីនេះទៀតនោះគឺត្រូវបរិភោគអាហារណាដែលមានជីវជាតិគ្រប់គ្រាន់។
- នៅជាប់ជំពាក់នឹងទ្រព្យសម្បត្តិខ្លាំងពេក៖ នេះមិនមានន័យថា អ្នកត្រូវលះបង់ទ្រព្យសម្បត្តិទាំងអស់នោះទេ គឺចង់មានន័យថា ទ្រព្យសម្បត្តិគឺគ្រាន់តែជាតរបស់ដែលបណ្តោះអាសន្នប៉ុណ្ណោះ វាមិនកំណត់តម្លៃ ឬសុភមង្គលរបស់អ្នកទេ។ ដូចនេះអ្នកត្រូវរីករាយនូវអ្វីដែលខ្លួនមាន។
- មិនបង្ហាញពីការដឹងគុណ៖ ការមិនបានបង្ហាញអំពីការដឹងគុណនូវអ្វីដែលអ្នកមាន នោះអ្នកនឹងតែងមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ និងមិនមានអ្វីដែលជាទីពេញចិត្ត។ ដូចនេះបន្ទាប់ពីអ្នកចំណាយពេលពេញមួយថ្ងៃរួចហើយ នៅរាល់យប់មុនពេលអ្នកចូលគេង ចូរអ្នកនឹកមើល និងសរសេររឿងដែលបានធ្វើឱ្យអ្នករីករាយ។ វាអាចជាអ្វីដែលសាមញ្ញដូចជាពេញចិត្តនូវកាហ្វេមួយពែង ឬការសន្ទនាជាមួយមិត្តភក្តិនិងរឿងអ្វីផ្សេងៗទៀត ។ការអនុវត្តការដឹងគុណដ៏សាមញ្ញនេះបានផ្លាស់ប្តូរទស្សនៈរបស់អ្នកទាំងស្រុង។ ជំនួសឱ្យការផ្តោតលើអ្វីដែលអ្នកមិនមាន អ្នកនឹងចាប់ផ្តើមឱ្យតម្លៃលើអ្វីដែលខ្លួនមាន។ ប្រសិនបើអ្នកចង់រីករាយនៅក្នុងជីវិតដោយមិនចាំបាច់មានលុយច្រើន ការអនុវត្តការដឹងគុណគឺជារឿងចាំបាច់បំផុត។ វាជួយអ្នកអ្នកដឹងគុណចំពោះអ្វីដែលអ្នកមាន និងជួបនៅក្នុងជីវិតរបស់អ្នក។ អ្នកនឹងមានអារម្មណ៍ថាពេញចិត្តមានសុភមង្គល និងពេញលេញគ្រប់គ្រាន់នៅក្នងជីវិត។
- ជៀសវាសក្នុងការធ្វើរឿងដែលថ្មី៖ ការគេចវេសក្នុងការចាប់ផ្តើមនូវអ្វីដែលថ្មី ឬបញ្ហាប្រឈម ដែលអ្នកនៅតែស្ថិតនៅក្នុងតំបន់ដែលមានផាសុកភាព និងសុខស្រួល នោះអ្នកនឹងមិនអាចទទួល ឱកាសសម្រាប់ការលូតលាស់ និងកែលម្អខ្លួនឯងបានឡើយ។ បែបនេះហើយអ្នកគួរតែចាប់ផ្តើមធ្វើរឿងដែលថ្មីៗ វាអាចនឹងមិនស្រួលនោះទេនៅពេលដែលអ្នកប្រឈមមុខនូវអ្វីដែលថ្មី។ ប៉ុន្តែវានឹងធ្វើឱ្យអ្នកជួបនូវរឿងល្អៗប្រសើរជាងមុន មិនតែប៉ុណ្ណោះអ្នកនឹងកាន់តែរឹងមាំ ថែមទាំងមានការលូតលាស់រីកចម្រើនផងដែរ។
- ផ្តល់អាទិភាពលើលុយខាំ្លងពេក ៖ ការរស់នៅក្នុងសង្គមដែលតែងតែឱ្យតម្លៃទ្រព្យសម្បត្តិសម្ភារៈ វាបានធ្វើឱ្យអ្នកតាមផ្តោតតែលើសម្ភារៈទាំងនោះដែលគរាន់តែជារបស់ក្រៅខ្លួន។ ប៉ុន្តែរបស់ទាំងនេះមិនមែនជាអ្វីទាំងស្រុងដែលអាចឱ្យអ្នករីករាយបាននោះទេ។ ដោយគន្លឹះនៃសុភមង្គល និងភាពរីករាយពិតប្រាកដវាអាចជារឿងសាមញ្ញដូចជាដើរលេងមើលធម្មជាតិនៃព្រៃឈើ ការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ឬរៀនជំនាញថ្មីៗដែលអ្នកចូលចិត្ត។
- មានផ្នត់គំនិតថាសុភមង្គលកើតចេញពីលុយ៖ ការគិតបែបនេះគឺមិនត្រូវនោះទេ ទោះបីជាលុយសំខាន់ក៏ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃជីវិតប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតដែលត្រូវយល់នោះគឺថាលុយមិនស្មើនឹងសុភមង្គលទេ ព្រោះថាសុភមង្គលនិងភាពរីករាយមិនអាចយកលុយទៅទិញបាននោះទេ។ ដោយសុភមង្គលកើតចេញពីខាងក្នុងអារម្មណ៍នៃចិត្តរបស់អ្នកផ្ទាល់ មិនកើតចេញពីទ្រព្យសម្បត្តិនោះទេ។
សុភមង្គលពិតកើតចេញពីខាងក្នុងចិត្តនៃអារម្មណ៍។ ដូចនេះអ្នកមិនត្រូវការទ្រព្យសម្បត្តិដ៏ច្រើនដើម្បីរស់នៅដ៏មានន័យដែលពោរពេញទៅដោយក្ដីអំណរ និងគោលបំណងនោះទេ។