ការចេះគ្រប់គ្រងផ្លូវចិត្ត និងសកម្មភាពប្រចាំថ្ងៃគឺពិតជាមានសារៈសំខាន់ណាស់ទៅដល់ការរស់នៅរបស់អ្នក។ បើអ្នកបោះចោលនូវសកម្មភាពមិនល្អ និងបង្កើនទម្លាប់ល្អ វានឹងជួយអ្នកកាត់បន្ថយភាពតានតឹង ដែលធ្វ់ើឱ្យផ្លូវចិត្តរបស់អ្នកមានភាពប្រសើរ។ ខាងក្រោមនេះជាវិធី 5 យ៉ាងដែលអាចធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកល្អ៖
1. កាត់បន្ថយភាពតានតឹង៖ ក្នុងអំឡុងពេលដែលអ្នកកំពុងជួបនូវស្ថានភាពលំបាក ចូរកុំអនុញ្ញាតឱ្យខ្លួនអ្នកគិតនិងខ្វល់ខ្វាយខ្លាំងពេក តែត្រូវយកពេលទាំងនោះមកគិតរកដំណោះស្រាយ និងយកពេលវេលាខ្លះមកឱ្យខ្លួនឯងសម្រាកបន្តិចដើម្បីកាត់បន្ថយភាពតានតឹងបានខ្លះ។
2. ចេះទប់កំហឹង៖ កុំឱ្យរឿងតូចតាចមកធ្វើឱ្យអ្នកអារម្មណ៍អ្នកមានកំហឹងឱ្យសោះ អ្នកត្រូវចេះទប់កំហឹង និងចេះអត់ឱន។ បើអ្នកអាចគ្រប់គ្រង់វាបាន នោះអារម្មណ៍នៃផ្លូវចិត្តរបស់អ្នកនឹងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមិនសូវមានកំហឹងនៅក្នុងខ្លួន។
3. លុបបំបាត់គំនិតអវិជ្ជមាន៖ ទោះបីជាស្ថានភាពនោះមានឧបសគ្គរារាំងអ្នកយ៉ាងណាក៏ដោយអ្នកត្រូវប្រកាន់នូវការគិតវិជ្ជមានជានិច្ច នោះអ្នកនឹងរកឃើញដំណោះស្រាយ តែបើអ្នករគិតអវិជ្ជមាន អ្នកនឹងមិនអាចរកឃើញដំណោះស្រាយនោះទេ ហើយថែមទាំងធ្វើឱ្យស្ថានភាពនោះកាន់តែលំបាកថែមទៀត។
4. គ្រប់គ្រងការគិត៖ មិនថាមានច្រើនយ៉ាងណាដែលអ្នកត្រូវដោះស្រាយនោះទេ ចូរកុំគិតរហូតដល់ពង្រីកបញ្ហានោះឱ្យកាន់តែស្មុគស្មាញ ព្រោះថារឿងខ្លះវាមិនគួរឱ្យខ្លាច ឬស្មុគស្មាញដូចការគិតរបស់អ្នកនោះទេ។ ដូចនេះចូរដោះស្រាយវា និងប្រឈមមុខនឹងរឿងនោះម្តងមួយៗ ទើបអារម្មណ៍របស់អ្នកមិនសូវតានតឹង។
5. បង្កើនទំនុកចិត្តលើខ្លួនឯង៖ ការផ្តល់ទំនុកចិត្តដល់ខ្លួនឯង ប្រៀបបានដូចជាអ្នកបានបើកឱកាសឱ្យខ្លួនឯងទៅសាកល្បងអ្វីដែលកាន់តែប្រសើរ ម្យ៉ាងទៀតវានឹងធ្វើឱ្យអ្នកហ៊ាន និងក្លាហានជាងមុនក្នុងការសាកល្បងអ្វីថ្មីដោយមិនមានភាពសង្ស័យលើសមត្ថភាពរបស់ខ្លួនអ្នក។
ការចេះគ្រប់គ្រង និងបង្កើតសកម្មភាពល្អៗដល់ខ្លួនឯងគឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការរស់នៅ ជាពិសេសគឺផ្លូវចិត្តរបស់អ្នកនឹងកាន់តែប្រសើរឡើង ដែលធ្វើឱ្យការរស់នៅរបស់អ្នកមានន័យ និងគ្មានភាពតានតឹង។