អាជីពជាអ្នកលក់គឺជាការងារមួយដែលពោពេញទៅដោយសក្តានុពល និងអាចរកប្រាក់ចំណូលបានខ្ពស់ប្រសិនបើយើងខិតខំប្រឹងប្រែង តស៊ូ និងចេះតិចនិចក្នុងការចរចារ ឬលក់។ នៅប្រទេសជឿនលឿន អាជីពអ្នកលក់គឺជាអាជីពមួយដែលគេលើកតម្កើង ហើយមានអ្នកល្បីៗលំដាប់ពីភពលោកមិនតិចអ្នកទេដែលល្បីដោយសារតែអាជីពលក់នេះដូចជាលោក Joe Girard លោក Zig Ziglar លោក Dale Carnegie ជាដើម។ តើកត្តាអ្វីខ្លះដែលដែលអាចជួយឱ្យអ្នកលក់ជោគជ័យបាន?
លោកអ៊ុង សុឆិកា ដែលជាប្រធានផ្នែកលក់ និងជានាយកផ្នែកបណ្តុះបណ្តាលរបស់ក្រុមហ៊នធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍បានលើកឡើងយ៉ាងសាមញ្ញថា អ្នកលក់ជោគជ័យតំបូងត្រូវមានមានកត្តាបឋមបី គឺ៖
១) ពេញចិត្តនឹងក្រុមហ៊ុន ផលិតផល និងជឿជាក់ថាវិស័យ និងក្រុមហ៊ុនដែលគាត់កំពុងធ្វើនឹងរីកចម្រើនទៅមុខ មិនមែនដោយសារលុយ ឬចំណូលតែមួយមុខនោះទេ។
២) មានគោលដៅហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្បាស់លាស់ដែលចង់ជោគជ័យនៅក្នុងវិស័យលក់នេះពិតប្រាកដ។ ឧទាហរណ៍៖ គោលដៅរបស់អ្នកលក់អចលនទ្រព្យ គឺផ្តល់ដី និងគេហដ្ឋានដ៏ល្អនៅក្នុងក្តីសុបិនរបស់អតិថិជនដើម្បីឲ្យគាត់មានសុភមង្គលបំផុតជាមួយក្រុមគ្រួសារជាមួយនឹងតម្លៃសមរម្យដែលគាត់អាចទទួលយកបាន។
៣) មានវិន័យ និងស្រលាញ់ការរៀនសូត្រ ហើយចូលចិត្តចែករំលែកមិនលាក់អ្វីដែលខ្លួនធ្វើបាន និងអ្វីដែលជាការលំបាករបស់ខ្លួននៅនឹងខ្លួនឯងឡើយ។ ការលក់មិនមែនស្រួលនោះទេ វាជាការលំបាក ដូច្នេះបើទុកក្នុងខ្លួន គឺអាចនឹងស្ទះស្លាប់ ដូច្នេះយើងចាំបាច់ត្រូវធ្វើការងារជាក្រុម ចែករំលែក ភាពជោគជ័យ និងការលំបាកផ្សេងៗរវាងគ្នា និងគ្នា និងអ្នកដឹកនាំផ្នែកលក់ជានិច្ច។