ពូជផ្ការំដួលផ្កាម្លិះ ត្រូវបានជាប់ចំណាក់ថ្នាក់ជាអង្ករល្អបំផុតនៅលើពិភពលោកជាលើកទីប្រាំនៅក្នុងសន្និសិទអង្ករពិភពលោក TRT (The Rice Trader) នៅទីក្រុងភូកេត នៃប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា នេះបើយោងតាមមេដឹកនាំនៃស្ថាប័នឧស្សាហកម្មអង្ករកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា នេះជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះរួមមានឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងឆ្នាំ២០២២នេះ។
គួរបញ្ជាក់ផងដែរថា ពូជផ្ការំដួលឬផ្កាម្លិះ ជាពូជស្រូវក្រអូប ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូកកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឆ្នាំ១៩៩៩។ ពូជស្រូវនេះ ផ្ដល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អប្រសើរមានភាពថ្លា វែងរលូន បាញ់ទន់ឆ្ងាញ់ និងមានក្លិនក្រអូប ជាពិសេសជាពូជដែលមានប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។