ថ្ងៃនេះសូមប្តូររសជាតិម្តង ដោយហេតុថា អត្ថបទដែល«គំនិត»លើកយកមកចែកជូននៅថ្ងៃនេះគឺរៀងខុសនឹងអត្ថបទរាល់សព្វមួយដង។ សង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តអត្ថបទប្រភេទនេះ។ នៅចាំអីទៀត តោះទៅតាមដានជាមួយ «គំនិត»ទាំងអស់គ្នា!
នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនមានភាពរីកចម្រើនគួរអត់កត់សម្គាល់ ហើយនៅរៀងរាល់មុនថ្ងៃចូលឆ្នាំក្រុមហ៊ុនតែងតែផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកចំនួន២ខែ។ ប៉ុន្តែឆ្នាំនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានការធ្លាក់ចុះយ៉ាងខ្លាំងដែលធ្វើឲ្យប្រធានក្រុមហ៊ុនខ្វល់ខ្វាយខ្លាចបុគ្គលិកបាក់ទឹកចិត្ត និងអស់សង្ឃឹមប្រសិនគាត់មិនផ្តល់ប្រាក់រង្វាន់ដូចសព្វដង។
មានថ្ងៃមួយនោះ គាត់ស្រាប់តែនឹកឃើញរឿងកាលពីតូចនៅពេលដែលគាត់ទៅទិញស្ករ។ បុគ្គលិកលក់នៅទីនោះ នៅពេលដែលថ្លឹងស្ករ តែងតែដួសស្ករយ៉ាងច្រើនដាក់ទៅថ្លឹង បន្ទាប់មកដកចេញបន្តិចម្តងៗ រហូតដល់ស្ករនោះ គ្រប់ចំនួនដែលអតិថិជនត្រូវការ។ ប៉ុន្តែមានតែបុគ្គលិកម្នាក់ប៉ុណ្ណោះនៅទីនោះ នៅពេលដែថ្លឹងស្ករ តែងតែដួសស្ករដាក់ទៅថ្លឹងមិនឲ្យគ្រប់ចំនួន តែក្រោយមកគាត់ថែមបន្តិចម្តងៗរហូតដល់គ្រប់បរិមាណដែលអតិថជនត្រូវការ។ ទោះបីជាស្ករដែលយើងទទួលបានគឺដូចគ្នាក៏ដោយ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តវិធីទី២ជាង។ ដូច្នេះហើយ លោកប្រធានក្រុមហ៊ុននោះក៏នឹកឃើញមធ្យោបាយមួយ។
រំលងបាន២ថ្ងៃ គាត់ក៏បើកការប្រជុំមួយ ដោយប្រកាសថា “ឆ្នាំនេះក្រុមហ៊ុនមានដំណើរការមិនសូវល្អឡើយ ហើយឆាប់ខាងមុខនេះ នឹងមានបុគ្គលិកខ្លះនឹងត្រូវបានជំរូសចោល”។
បុគ្គលិកទាំងអស់នៅពេលបានឮដូចនេះហើយមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ហើយភ័យខ្លាចអ្នកដែលត្រូវដើរចេញពីក្រុមហ៊ុនគឺរូបខ្លួន។
ក្រោយមកលោកប្រធានក្រុមហ៊ុនក៏បានប្រកាសព័ត៌មានមួយទៀត “យើងទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្រោមដំបូលផ្ទះតែមួយ ទោះបីជាក្រុមហ៊ុនជួបប្រទះការលំបាកក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នាមិនអាចបោះបង់គ្នាចោលបានឡើយ យើងត្រូវរួមសុខរួមទុក្ខទាំងអស់គ្នា តែឆ្នាំនេះ នឹងមិនមានប្រាក់រង្វាន់ដូចសព្វដងនោះទេ”។
បន្ទាប់ពីឮការប្រកាសនេះហើយ ម្នាក់ៗធូរស្រាលចិត្ត និងត្រេកអរ ហើយនិយាយថា “ប្រាក់រង្វាន់គឺមិនសំខាន់ទេ សំខាន់ឲ្យតែមានការងារធ្វើទៅបានហើយ”។
បុណ្យចូលឆ្នាំកាន់តែខិតជិតមកដល់ បុគ្គលិកគ្រប់គ្នាសុទ្ធតែមិនមានគម្រោងអ្វីធំដំសម្រាប់ឆ្លងឆ្នាំនោះទេ។ ពេលនោះ លោកនាយកក្រុមហ៊ុនក៏បើកការប្រជុំម្តងទៀត ដែលធ្វើឲ្យម្នាក់ៗមានការបារម្ភយ៉ាងខ្លាំងព្រោះខ្លាចមានអ្វីមិនល្អកើតឡើង។ អ្នកដែលបានទៅចូលរួមហើយត្រឡប់មកវិញសុទ្ធតែនិយាយដោយត្រេកអរ ហើយប្រកាសប្រាប់បុគ្គលិកឯទៀតថា “បាន! បាន! ពួកយើងនឹងបានប្រាក់រង្វាន់ឆ្នាំនេះ! គឺបានមួយខែ!” ។ បុគ្គលិកទាំងអស់នៅពេលដែលបានស្តាប់ឮហើយមានការសប្បាយចិត្តយ៉ាងខ្លាំង ហើយនាំគ្នាទះដៃនិងស្រែកហ៊រកញ្ច្រៀវយ៉ាងកងរំពង។
តើប្រិយមិត្តទាំងអស់គិតយ៉ាងណាចំពោះប្រធានក្រុមហ៊ុនមួយនេះ? បើនិយាយឲ្យត្រង់ទៅ គាត់ពិតជាឆ្លាតណាស់។ វិធីខាងលើដែលគាត់បានយកមកប្រើគឺពិតជាល្អ ព្រោះថា ប្រសិនបើគាត់ប្រាប់បុគ្គលិកត្រង់ៗថា ពួកគេនឹងត្រូវបានកាត់ប្រាក់រង្វាន់នោះ ម្នាក់ៗនឹងបាក់ទឹកចិត្ត អស់សង្ឃឹម ហើយនឹងលែងមានចិត្តខិតខំធ្វើការទៀត។ ផ្ទុយទៅវិញ បន្ទាប់ពីគាត់បានប្រើមធ្យោបាយនេះរួច ទោះបីជាលទ្ធផលចុងក្រោយបុគ្គលិកម្នាក់ៗត្រូវបានកាត់ប្រាក់រង្វាន់អស់មួយខែក៏ពិតមែន តែម្នាក់ៗទទួលប្រាក់រង្វាន់នោះដោយក្តីរីករាយនិងត្រេកអរឥតឧបមា។
លទ្ធផលចុងក្រោយគឺដូចគ្នា ប៉ុន្តែការដោះស្រាយដោយប្រើប្រាស់វិធីផ្សេងៗគ្នានោះ យើងក៏នឹងទទួលបានស្ថានភាពល្អ ឬអាក្រក់ខុសៗគ្នាទៅតាមនោះផងដែរ។ សង្ឃឹមថា បន្ទាប់ពីបានអានអត្ថបទនេះរួចហើយ នឹងធ្វើឲ្យប្រិយមិត្តចាំនៅក្នុងចិត្ត ហើយអនុវត្តតាមវិធីនេះ។ នៅពេលដែលយើងជួបស្ថានការលំបាក យើងត្រូវរិះគិតរកដំណោះស្រាយឲ្យបានច្រើន ហើយត្រូវជ្រើសរើសវិធីដែលល្អបំផុត ចៀសវាងការប្រើប្រាស់ផ្លូវកាត់។
ដកស្រង់៖ 新汉语水平考试,HSK五级