Home អនុវត្តន៍ ការកំណត់គោលដៅដ៏ឆ្លាតវៃ និងឆាប់សម្រេចបានលទ្ធផលខ្ពស់

ការកំណត់គោលដៅដ៏ឆ្លាតវៃ និងឆាប់សម្រេចបានលទ្ធផលខ្ពស់

0

ការកំណត់គោលដៅដ៏ឆ្លាតវៃ ដែលមនុស្សគ្រប់គ្នានិយាយថា Setting Smart goals គឺអាចប្រើប្រាស់ក្នុងការកំណត់គោលដៅក្នុងជីវិតផ្ទាល់ខ្លួន កំណត់គោលដៅអាជីវកម្ម និងគោលដៅផ្សេងៗទៀតតាមការកំណត់របស់បុគ្គលម្នាក់ៗ។

ហើយដំណើរការនៃការកំណត់គោលដៅឆ្លាតវៃ ទាមទារឱ្យអ្នកមានភាពប្រាកដនិយមនៅពេលកំណត់គោលដៅ ពីព្រោះការអស់សង្ឃឹម ការបាក់ទឹកចិត្តអាចកើតមានឡើង ប្រសិនបើអ្នកកំណត់គោលដៅដែលពិបាកក្នុងការសម្រេចបាន។

ហេតុដូចនេះ ខ្លឹមសារខាងក្រោម នឹងបង្ហាញអ្នកអំពីរបៀបកំណត់គោលដៅ SMART ឬការកំណត់គោលដៅដ៏ឆ្លាតវៃដែលឆាប់សម្រេចបានលទ្ធផលខ្ពស់។

Smart Goals

របៀបកំណត់គោលដៅ តាមក្បួន SMART

1. S= Specific មានភាពច្បាស់លាស់

អ្នកត្រូវតែកំណត់គោលដៅដែលមានភាពជាក់លាក់ ហើយអ្នកក៏ត្រូវយល់យ៉ាងច្បាស់ថា អ្នកចង់បានអ្វី និងចង់សម្រេចកិច្ចការអ្វី។ ត្រូវចងចាំថា ទោះបីជាគោលដៅរបស់អ្នកជាអ្វីក៏ដោយ ក៏ត្រូវតែធ្វើឱ្យប្រាកដថាគោលដៅរបស់អ្នកគួរតែត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ ហើយកំណត់នូវអ្វីដែលនឹងត្រូវសម្រេច និងសកម្មភាពដែលត្រូវអនុវត្ត ដើម្បីសម្រេចគោលដៅ។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • ​តើ​ខ្ញុំ​ចង់​សម្រេច​អ្វី?
  • ហេតុអ្វីខ្ញុំចង់សម្រេចគោលដៅនេះ?
  • តើអ្នកណាពាក់ព័ន្ធដើម្បីចូលរួមជួយសម្រេចគោលដៅនោះ?
  • តើគោលដៅនេះត្រូវសម្រេចនៅឯណា?
  • តើត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីសម្រេចបានវា?
  • តើអ្វីនឹងជាឧបសគ្គ និងជាតម្រូវការដែលពាក់ព័ន្ធដើម្បីសម្រេចគោលដៅ?
2. M= Measurable អាចវាស់វែងបាន

អ្នក​ត្រូវ​មាន​គោល​បំណង​ជា​បរិមាណដែលអាចវាស់វែង និង​អាច​តាម​ដាន​អំពីស្ថានភាព និងភាព​រីក​ចម្រើនរបស់អ្នក។ ក្នុងនោះ អ្នកអាចកំណត់ថា តើទិន្នន័យណាដែលត្រូវប្រើដើម្បីវាស់ស្ទង់គោលដៅ?

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើមានគោលដៅចំនួនប៉ុន្មានដែលអ្នកចង់សម្រេច?
  • តើចំណាយពេលប៉ុន្មានទើបអាចសម្រេច?
  • តើខ្ញុំដឹងដោយរបៀបណា ប្រសិនបើខ្ញុំបានទៅដល់គោលដៅរបស់ខ្ញុំ?
  • តើអ្វីជាសូចនាករនៃវឌ្ឍនភាពរបស់ខ្ញុំ?
3. A= Achievable អាចសម្រេចបាន

គោលដៅត្រូវតែមានភាពប្រាកដនិយម ដើម្បីរក្សានូវភាពរីករាយ និងមានឆន្ទៈក្នុងការខិតខំព្យាយាមសម្រេចវា។ ការកំណត់គោលដៅខ្ពស់ គឺជាការល្អ ប៉ុន្តែអ្នកក៏ត្រូវបំបែកគោលដៅធំនោះ ជាផ្នែកតូចៗដើម្បីកាន់តែងាយស្រួលក្នុងការសម្រេច។ ប្រសិនបើគោលដៅមិនអាចសម្រេចបានទេ អ្នកប្រហែលជាត្រូវបង្កើនធនធានជាមុនសិន ដើម្បីផ្តល់ឱ្យខ្លួនឯងនូវភាពជោគជ័យ។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើខ្ញុំមានធនធាន និងសមត្ថភាពដើម្បីសម្រេចគោលដៅនោះទេ?
  • របៀបសម្រេចគោលដៅ
  • តើមានជំនាញ ឬមានអ្វីខ្លះ ដែលជាតម្រូវការដើម្បីជួយសម្រេចគោលដៅ?
4. R= Relevant ភាពប្រាកដនិយម

គោលដៅគួរតែត្រូវគ្នានឹងបេសកកម្មរបស់ខ្លួនឯង ហើយបើធ្វើអាជីវកម្ម គួរតែកំណត់គោលដៅឱ្យត្រូវគ្នានឹងទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន ដោយកុំកំណត់គោលដៅគ្រាន់តែជាលំហាត់សម្រាប់អ្វីដែលត្រូវធ្វើ។ លើសពីនេះ ដើម្បីកំណត់បានល្អ អ្នកត្រូវតែកំណត់គោលដៅណាដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់អត្ថប្រយោជន៍សំខាន់ៗចំពោះខ្លួនឯង ឬចំពោះក្រុមហ៊ុនជាដើម។​

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើអ្វីជាគោលដៅអាទិភាពសម្រាប់អ្នក?
  • ហេតុអ្វីបានជាខ្ញុំកំណត់គោលដៅនេះ? តើវាមានសារៈសំខាន់ខ្លាំងប៉ុណ្ណា?
5. T= Time-Bound កំណត់ពេលវេលាជាក់លាក់

គោលដៅគួរតែមានពេលវេលាកំណត់ ពីព្រោះគោលដៅ​ដែល​គ្មាន​កាល​កំណត់ គឺ​មិនសូវបាន​ធ្វើ​បាន​ច្រើន​ទេ។ ដូច្នេះអ្នកត្រូវតែមានការកំណត់ពេលវេលានៃការចាប់ផ្ដើម និងពេលវេលាដែលត្រូវសម្រេចបានឱ្យជាក់លាក់ ដើម្បីអ្នកអាចវាយតម្លៃភាពជោគជ័យនៃការព្យាយាមរបស់អ្នក និងអាចកំណត់គោលដៅថ្មីបន្តទៀត។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើអ្នកចង់សម្រេចគោលដៅរបស់អ្នកនៅពេលណា?
  • តើត្រូវចាប់ផ្ដើមពីពេលណា និងបញ្ចប់ពីពេលណា?