ក្នុងសម័យកាលបច្ចេកវិទ្យានេះ មានអ្វីៗប្លែកៗជាច្រើនបានលេចឡើងដើម្បីជាជំនួយដល់ជីវិត ការងារ និងការធ្វើធុរកិច្ចឱ្យតែទំនើប និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម័យកាល៤.០នេះ អ្នកនឹងឮពាក្យជាច្រើនដែលទាក់ទងនឹង VR(Virtual Reality), AR(Augmented Reality), IoT(Internet of Things), Big Data, AI(Artificial Intelligent) ។ល។ ដែលអ្នកគួរត្រៀមខ្លួនស្វែងយល់ និងរៀនពីវាបានកាន់តែច្រើនកាន់តែប្រសើរដើម្បីជួយដល់ភាពរីកចម្រើនការងារ អាជីព និងអាជីវកម្មក្នុងពេលខាងមុខ។
ត្រឡប់មកវិញ ខណៈពេលដែលបច្ចេកវិទ្យា VR មិនទាន់មានអ្នកស្គាល់ច្រើននៅឡើយនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ នៅបណ្តាប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យាជុំវិញពិភពលោកបានបញ្ចូលវាទៅក្នុងការងារ យុទ្ធសាស្ត្រទីផ្សារ និងការបណ្តុះបណ្តាលដើម្បីបង្កើនប្រសិទ្ធភាព និងភាពទាក់ទាញ។
ជាក់ស្តែង ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយគឺក្រុមហ៊ុន pwc (ក្រុមហ៊ុននេះក៏មានវត្តមានក្នុងប្រទេសកម្ពុជាផងដែរ) បានបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាVRនៅក្នុងវគ្គបណ្តាលជំនាញទន់ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំដល់បុគ្គលិករបស់ខ្លួន។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលប្រើប្រាស់បច្ចេកវិទ្យានេះ ទទួលបានផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ដែលជួយឱ្យ៖
បង្កើនកម្រិតជឿជាក់៖ អ្នកដែលទទួលបានការបណ្តុះបណ្តាលដោយប្រើVRមានភាពជឿជាក់កើនឡើង២៧៥%បន្ទាប់ពីបានបញ្ចប់វគ្គ ដែលច្រើនជាងការបណ្តុះបណ្តាលក្នុងថ្នាក់៤០% និង ៣៥%លើសការរៀនតាមអនឡាញ។
បង្កើនកម្រិតផ្សារភ្ជាប់អារម្មណ៍និងវគ្គបណ្តុះបណ្តាល៖ អ្នកដែលទទួលបានការបណ្តុះបណ្តាលតាមរយៈបច្ចេកវិទ្យានេះទទួលបានបទពិសោធន៍ផ្សារភ្ជាប់ជាមួយមាតិការបណ្តុះបណ្តាល៣.៧៥ដងល្អជាងការរៀននៅក្នុងថ្នាក់ និង២.៣ដងល្អជាងការរៀនតាមប្រព័ន្ធអនឡាញ។
ការផ្តោតអារម្មណ៍៖ ជាទូទៅ យើងតែងបែកអារម្មណ៍នៅពេលទទួលបានការបណ្តុះបណ្តាលដោយសារតែទូរស័ព្ទដៃ ឬក៏បរិយាកាសជុំវិញខ្លួនយើង។ តាមរយៈការពាក់វែនតាVR អ្នកដែលបានចូលរួមវគ្គបណ្តុះបណ្តាលបាននិយាយថាពួកគេអាចស្ញង់អារម្មណ៍បានល្អជាងការបណ្តុះបណ្តាលទូទៅ។
ល្បឿន៖ ល្បឿននៃការចាប់បានសម្រាប់វគ្គបណ្តុះបណ្តាលនេះគឺមានប្រសិទ្ធភាពខ្ពស់មែនទែនបើប្រៀបធៀបនឹងការបណ្តុះបណ្តាលធម្មតាដែលអ្នកចូលរួមអាចប្រើប្រាស់ជំនាញដែលបានរៀនហើយមានប្រសិទ្ធភាពជាងមុន និងចំនាយពេលតិចជាងមុន។ ប្រសិនបើអ្នកត្រូវចំណាយពេលរៀនមុខវិជ្ជានោះក្នុងថ្នាក់រៀន២ម៉ោង អ្នកត្រូវការតែ៣០នាទីប៉ុណ្ណោះជាមួយនឹងVRដើម្បីទទួលបានបរិមាណចំណេះនិងជំនាញដូចគ្នា។
មិនមែនត្រឹមតែការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងការបណ្តុះបណ្តាលជំនាញទន់ប៉ុណ្ណោះទេ VRក៏ត្រូវបានគេប្រើប្រាស់ក្នុងវិស័យជាច្រើនទៀតដូចជាវិស័យសំណង់ វិស្វកម្ម សង្គ្រោះបន្ទាន់ ពេទ្យ និងវិស័យដទៃផ្សេងទៀតដែលអនុញ្ញាតិឱ្យយើងគ្រាន់តែពាក់វែនតាVR នោះ យើងនឹងឃើញស្ថានភាពនីមួយជារូប៣D ប្រៀបដូចជាយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពនោះអញ្ចឹង។