បើសិនជាអ្នកខ្លាចភាពលំបាកដូចជាភាពតានតឹង(ស្រ្តេស) ឬការប្រថុយនឹងគ្រោះថ្នាក់ អ្នកមិនគួរបើកអាជីវកម្មឡើយ។ ភាពជាសហគ្រិនអ្នកត្រូវការបេះដូងដ៏រឹងមាំដែលមិនងាយចុះចាញ់គ្រប់ឧបសគ្គព្រោះអ្នកគឺមានទំនួលខុសត្រូវលើអនាគតរបស់ខ្លួនឯង បុគ្គលិក និងគ្រួសារផងដែរ។ អ្នកពិតជាត្រូវការភាពអត់ធ្មត់ ការប្រឹងប្រែង និងការព្យាយាម ទោះបីជាអ្នកមិនប្រាកដថាអ្នកនឹងទទួលបានជោគជ័យក៏ដោយ។ ខ្ញុំឃើញថាមានម្ចាស់អាជីវកម្មជាច្រើនដែលមិនបានរៀបចំផែនការឲ្យបានច្បាស់លាស់នោះឡើយ។ ជាទូទៅបញ្ហាដែលនឹងអាចកើតមានឡើងដែលយើងនឹកស្មានមិនដល់នៅពេលឆ្នាំដំបូងគឹមានច្រើនណាស់។ ប៉ុន្តែបើសិនជាអ្នកឆ្លងផុតដំណាក់កាលនៃការបើកអាជីវកម្មក្នុងឆ្នាំដំបូងបាននោះភាគរយដែលអ្នកអាចរក្សាអាជីវកម្មរបស់អ្នកឲ្យទទួលបានជោគជ័យគឺមានអាត្រាខ្ពស់។ ខាងក្រោមនេះគឺអ្វីដែលអ្នកគួរពិចារណាមុនពេលដែលអ្នកចាប់បើកអាជីវកម្មឆ្នាំដំបូងរបស់អ្នក៖
ភាពជាសហគ្រិនអ្នកត្រូវការបេះដូងដ៏រឹងមាំដែលមិនងាយចុះចាញ់គ្រប់ឧបសគ្គ
១. អ្នកត្រូវការបុគ្គលិក
អ្នកប្រហែលជាគិតថាអ្នកធ្វើអ្វីគ្រប់យ៉ាងក្នុងអាជីវកម្មរបស់អ្នកដោយខ្លួនឯងបានព្រោះអ្នកគិតថាអ្នកឆ្លាតក្នុងការបង្កើតអាជីវកម្ម។ ដូចច្នេះហើយអ្នកគិតថាអ្នកអាចគ្រប់គ្រងកិច្ចការគ្រប់យ៉ាងបានដោយខ្លួនឯងទាំងអស់។ បើសិនជាអ្នកមិនចង់ឈឺក្បាលចំពោះអាជីវកម្មរបស់អ្នកខ្លាំងពេកទេ អ្នកគួរជ្រើសរើសមនុស្សឲ្យបានសក្តិសមមកជួយកិច្ចការអ្នក។ អ្នកគួរគិតថាមុខជំនាញមួយចំនួនត្រូវការអ្នកដែលមានជំនាញច្បាស់លាស់។ ឧទាហរណ៍ ជំនាញគណនេយ្យ ជំនាញបង្កើតគេហទំព័រជាដើមព្រោះអ្នកគ្មានជំនាញច្បាស់លាស់គ្រប់បែបយ៉ាងដើម្បីជួយអាជីវកម្មអ្នកឲ្យបានគ្រប់ជ្រុងជ្រោយទេ។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវការមនុស្សជួយក្នុងការទំនាក់ទំនងជាមួយអតិថិជន។ ដូចច្នេះ អ្នកអាចយកពេលវេលាទៅផ្តោតលើការងាររដ្ឋបាលនិងរិះរកគំនិតយុទ្ធសាស្រ្តធ្វើទីផ្សារបាន។ នៅពេលដែលអ្នកមានបុគ្គលិកដែលមានបទពិសោធន៍ធ្វើការជាមួយអ្នក ពួកគេអាចជួយកាត់បន្ថយបញ្ហាដែលកើតមានឡើងបាន។
២. អ្នកគួរតែស្គាល់អតិថិជនគោលដៅរបស់អ្នក
កំហុសមួយទៀតដែលខ្ញុំតែងតែឃើញគឺម្ចាស់អាជីវកម្មជាច្រើនគាត់គិតថាគាត់មានគំនិតអស្ចារ្យសម្រាប់អាជីវកម្មរបស់គាត់។ ផ្ទុយទៅវិញ គាត់មិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ថាតើនរណាខ្លះដែលជាអ្នកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់គាត់។ ទង្វើបេបនេះអាចធ្វើឲ្យអាជីវកម្មរបស់គាត់ដួលរលំបាន។ ចូរចងចាំថាបើអាជីវកម្មរបស់អ្នកគ្មានអតិថិជនទេគឺមិនអាចទទួលបានជោគជ័យឡើយ។ ដូចនេះអ្នកត្រូវស្គាល់អតិថិជនរបស់អ្នកឲ្យបានច្បាស់ថាតើពួកគាត់ត្រូវការអ្វីដើម្បីអ្នកបំពេញចិត្តពួកគាត់។ នេះហើយគឺជាជំហានដែលនាំអ្នកឆ្ពោះទៅកាន់ភាពជោគជ័យ។
៣. អ្នកមិនអាចកំណត់ប្រាក់ចំណេញ
នៅកំឡុងពេលដែលអ្នកបើកអាជីវកម្មនៅឆ្នាំដំបូង អ្នកនឹងត្រូវចំណាយច្រើនទៅលើអាជីវកម្មរបស់អ្នក។ ដូចនេះហើយអ្នកត្រូវមានការរៀបចំហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ បើពុំដូចនោះទេអ្នកនឹងត្រូវស្រេ្តសពីបញ្ហាទាំងនោះ។ វាជាការប្រសើរ បើសិនជាអ្នកមានប្រាក់សន្សំផ្ទាល់ខ្លួនដោយអ្នកអាចយកលុយទាំងនោះដើម្បីទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុបាននិងមិនបាច់ត្រូវខ្ចីអ្នកដទៃ។
៤. អាជីវកម្មថ្មីតិចតួចប៉ុណ្ណោះដែលអាចដំណើរការបានលើសពី២ឆ្នាំ
ការធ្វើជំនួញពិតជាពិបាក បើចង់ឲ្យវាជោគជ័យគឺរឹតតែពិបាកជាងការគិតរបស់អ្នកទៅទៀត។ ខ្ញុំនិយាយបែបនេះមិនមែនចង់បំភ័យអ្នកនោះទេ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករៀបចំផែនការធុរកិច្ចរបស់អ្នកឲ្យបានច្បាស់លាស់ទុកជាទុនបម្រុងដើម្បីជំនះឧបសគ្គទាំងអស់ដែលអ្នកនឹងត្រូវប្រឈមមុខ។ គ្មានរូបមន្តឬមន្តអាគមណាអាចធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យនោះទេ បើសិនជាអ្នកមិនចំណាយពេលដើម្បីត្រិះរិះនិងរៀបចំគម្រោងអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់នោះទេ។