ការឆ្លងរាតត្បាតជាសកលនៃជម្ងឺកូវី១៩នៅតែមិនទាន់មានសញ្ញាថមថយនៅឡើយ ហើយវិបត្តិនេះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងច្រើនចំពោះការរស់នៅ និងការធ្វើអាជីវកម្ម។ ជម្ងឺផ្លូវដង្ហើមនេះ ធ្វើឲ្យយើងស្គាល់ពាក្យថា យើងត្រូវរស់នៅបែបគន្លងថ្មី ដោយកាត់បន្ថយការជួបជុំ និងរក្សាគម្លាតពីគ្នា ដើម្បីកាត់បន្ថយហានិភ័យ។ ទោះបីជាមានវ៉ាក់សាំងហើយក៏ដោយ ពិភពលោកនឹងមិនអាចត្រឡប់ទៅរកសភាពដើមបានភ្លាមៗឡើយ ហើយត្រូវបានគេប្រមើលមើលថា យ៉ាងហោចណាស់ស្ថានភាពបែបនេះត្រូវបន្តរហូតដល់ឆ្នាំ២០២២ ឬអាចយូរជាងនេះ។
ក្នុងសម័យកាលនេះ មានអាជីវកម្មមិនតិចទេដែលទទួលរងផលប៉ះពាល់ ហើយហាងក៏មិនតិចដែរដែលត្រូវបិទទ្វារដោយសារតែគ្មានភ្ញៀវចូល ដែលតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវបន្សាំ ឬត្រូវបត់ខ្លួនដើម្បីកាត់បន្ថយការចំណាយ និងផ្លាស់ប្តូររបៀបប្រកបអាជីវកម្ម។
ដោយសារតែកូវីដ ហាងលែងជាទីកន្លែងដែលមនុស្សអាចទៅអ៊ូរអរដូចមុន ហើយក្នុងកំឡុងពេលនេះ ការមានហាងឬទីតាំងល្អ លែងសូវជាកត្តាសំខាន់ទៀតហើយ ដោយមនុស្សកាន់តែច្រើនទៅៗ ចាប់ផ្តើមបត់ខ្លួនប្រប្រាស់ប្រព័ន្ធបណ្តាញសង្គម ឬវិធីសាស្ត្រឌីជីថលផ្សេងៗទៀតដើម្បីទិញ ឬលក់ទំនិញ/សេវាកម្មរបស់ខ្លួន។
វិបត្តិកូវីដ១៩នេះ នឹងធ្វើឱ្យភោជនីយដ្ឋានបែបចង្ក្រានឥតស្រមោល (Ghost Kitchen) និងហាងគ្មានរូបរាង (Dark Store)កាន់តែពេញនិយមខ្លាំងឡើងៗ។ ចង្ក្រានឥតស្រមោលគឺជាអាជីវកម្មអាហារដែលមាននិន្នាការថ្មីមួយ ដោយម្ចាស់អាជីវកម្មមិនចាំបាច់មានទីតាំងល្អទេ គឺអាចធ្វើនៅផ្ទះ ឬទីកន្លែងណាមួយក៏បាន ដោយគ្មានតុកៅអីទទួលភ្ញៀវ ហើយផ្តោតតែសេវាកម្មវេចខ្ចប់ និងដឹកទៅដល់ទីតាំងរបស់អតិថិជន។ ហាងអត់រូបរាងវិញក៏ដូច្នេះដែរ គឺម្ចាស់អាជីវកម្មលែងពឹកពាក់លើការដើរចូលមកហាង ឬមានទីតាំងល្អទៀតហើយ ដោយយើងអាចធ្វើការលក់ពីទីណាក៏បាន ដោយផ្តោតលើការដឹកជញ្ចូនដល់អតិថិជន និងប្រើប្រាស់ច្រកឌីជីថលសម្រាប់ធ្វើការផ្សព្វផ្សាយស្វែងរកអតិថិជន។
អាជីវកម្មម៉ូដែលទាំង២ខាងលើ ចាប់ផ្តើមផ្ទុះកាន់តែខ្លាំងឡើងទូទាំងសកលក្នុងកំឡុងពេលការឆ្លងរីករាលដាលនេះដោយសារតែអតិថិជនចាប់ផ្តើមស៊ាំនឹងការបញ្ជាទិញតាមអនឡាញ និងលែងហ៊ានចេញក្រៅជួបជុំមនុស្សច្រើន ហើយទម្លាប់ទិញតាមអនឡាញនឹងមិនសាបរលាបនោះទេ ទោះបីជាកូវីដ១៩រលត់ទៅវិញក៏ដោយ។ និន្នាការនេះ នឹងបង្កភាពកាន់តែងាយស្រួលដល់អ្នកចង់ចាប់ផ្តើមអាជីវកម្មផងដែរ ដោយសារតែការចំណាយបើកអាជីវកម្មទាំងនេះ មានទំហំតិចជាងមុន តែម្ចាស់អាជីវកម្មត្រូវមានភាពច្នៃប្រឌិតក្នុងការធ្វើការផ្សព្វផ្សាយទាក់ទាញអារម្មណ៍តាមរយៈប្រព័ន្ធឌីជីថល ឬប្រព័ន្ធផ្សព្វផ្សាយនានា។