ចាប់តាំងពីមានវត្តមាននៅលើផែនដី មនុស្សមានការចង់ចេះចង់ដឹង ចូលចិត្តឆ្ងល់ច្រើន ដែលមូលហេតុនេះបានធ្វើឲ្យមនុស្សកើនចំណេះដឹងកាន់តែច្រើនឡើងៗ ហើយសៀវភៅរាប់រយលានក្បាលត្រូវបានសរសេរឡើងទុកសម្រាប់អ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត។ មានឯកសារជាច្រើននៅក្នុងសម័យបុរាណត្រូវបានសរសេរឡើងដោយប្រើប្រាស់ភាសាសម្ងាត់ ហើយសៀវភៅដ៏អាថ៌កំបាំងទាំងនោះស្ទើរតែទាំងអស់ត្រូវបានបកស្រាយ និងលាតត្រដាងដោយអ្នកជំនាញផ្នែកបំបែកសារសម្ងាត់នាសម័យបច្ចុប្បន្ន។ ប៉ុន្តែថ្ងៃនេះគេហទំព័រ«គំនិត»សូមណែនាំសៀវភៅបុរាណមួយក្បាលដែលគ្មានអ្នកជំនាញណាអាចបំបែក និងបកស្រាយពីខ្លឹមសារនៅក្នុងនោះបានឡើយ សៀវភៅនោះមានឈ្មោះថា Voynich។
សៀវភៅ Voynich ត្រូវបានគេជឿជាក់ថាគឺជាសៀវភៅដ៏អាថ៌កំបាំងបំផុតនៅក្នុងលោក ដែលត្រូវបានគេប៉ាន់ស្មានថាវាត្រូវបានគេសរសេរឡើងនៅដើមសតវត្សទី១៥ និងអាចមានប្រភពដើមនៅភាគខាងជើងនៃប្រទេសអ៊ីតាលី។ សៀវភៅនេះត្រូវបានគេដាក់ឈ្មោះតាមឈ្មួញសៀវភៅម្នាក់ដែលបានរកឃើញសៀវភៅនេះ លោក Wilfrid Voynich ដែលគាត់បានទិញសៀវភៅនេះនៅឆ្នាំ១៩១២។
មានទំព័រមួយចំនួនត្រូវបានបាត់ ប៉ុន្តែសៀវភៅVoynichដែលមាននៅសល់បច្ចុប្បន្នគឺមានចំនួន២៤០ទំព័រ ដែលភាគច្រើនគឺជាគំនូរ។ ទំព័រជាច្រើននៅក្នុងសៀវភៅនោះគឺដូចទៅនឹងតិណទេស(ថ្នាំដែលផ្សំឡើងពីរុក្ខជាតិ)ក្នុងសម័យនោះ ដែលគេគិតថាព័ត៌មានដែលមាននៅលើទំព័សៀវភៅនោះគឺជាការបកស្រាយអំពីរុក្ខជាតិដែលអាចយកមកផ្សំថ្នាំ សម្រាប់វេជ្ជសាស្ត្រ។ ផ្ទុយទៅវិញ មានរុក្ខជាតិជាច្រើនដែលមាននៅក្នុងសៀវភៅនោះគឺសុទ្ធសឹងតែជារុក្ខជាតិដែលមិនធ្លាប់បានស្គាល់ ហើយក្រៅពីនោះ អក្សរ និងភាសាដែលបានសរសេរនៅលើសៀវភៅនោះគឺនៅតែគ្មានអ្នកណាដឹង និងអាចអានបាននោះទេ។ មានរូបភាពរុក្ខជាតិខ្លះនៅក្នុងសៀវភៅ គឺជារូបភាពដែលស្រដៀងទៅនឹងរូបភាពដែលគេមើលរុក្ខជាតិដោយប្រើអតិសុខុមទស្សន៍(មីក្រូស្កុប) ដែលវាពិតជាមិនអាចទៅរួចដោយសារតែជំនាន់នោះមិនទាន់មានឧបករណ៍នេះនៅឡើយ។ មានអ្នកជំនាញជាច្រើនជឿជាក់ថា អក្សរដែលសរសេរនៅលើសៀវភៅមួយនេះគឺជាសារសម្ងាត់ ដែលធ្វើឲ្យសៀវភៅVoynichនេះត្រូវបានធ្វើការសិក្សាស្រាវជ្រាវពីសំណាក់អ្នកជំនាញផ្នែកបំបែកសារសម្ងាត់ជាន់ខ្ពស់ជាច្រើនដែលរាប់បញ្ចូលទាំងអ្នកបំបែកសារសម្ងាត់របស់អាមេរិច និងចក្រភពអង់គ្លេសទាំងជំនាន់សង្គ្រាមលោកលើកទី១ និងទី២។ បន្ថែមពីលើនេះ សៀវភៅនេះត្រូវបានអ្នកជំនាញបញ្ចាក់ថា ពណ៌ថ្នាំដែលបានប្រើប្រាស់ក្នុងការគូរ គឺសុទ្ធសឹងតែជាប្រភេទរ៉ែដ៏មានតម្លៃ ដែលធ្វើឲ្យគេជឿថាវាជាសៀវភៅដែលមានតម្លៃមួយ។ ម្យ៉ាងទៀត យោងតាមការពិនិត្យពីអ្នកវិទ្យាសាស្ត្រ សៀវភៅនេះត្រូវបានសរសេរឡើងដោយគ្មានកំហុសសូម្បីតែបន្តិច ដែលនាំឲ្យគេសន្មតថាវាជាសៀវភៅដែលត្រូវបានសរសេរ និងចងក្រងឡើងដោយអ្នកមានថ្វីដៃឯក កម្ររកបាន។
ក្រោយពីព្យាយាមប្រើប្រាស់គ្រប់វិធីទាំងអស់ដើម្បីបំបែកសារសម្ងាត់ ហើយមិនទទួលបានជោគជ័យ សៀវភៅនេះបានក្លាយជាសៀវភៅកំពូលអាថ៌កំបាំងមួយ និងជាប្រធានបទមួយដែលសម្បូរទៅដោយទ្រឹស្តីរវើរវាយ និងមានលក្ខណៈជាប្រលោមលោក។ បច្ចុប្បន្ននេះ សៀវVoynichត្រូវបានគេរក្សាទុកនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យយ៉េលនៅសហរដ្ឋអាមេរិច (Yale University)។
ប្រភព៖ ភាពយន្តឯកសារ National Geography 2011: Naked Science, The book that Can’t Be Read