កាលពីថ្ងៃទី4 ខែមីនាថ្មីៗនេះ លោក Dennis Yu ជាអ្នកជំនាញទីផ្សារឌីជីថល នៅសហរដ្ឋអាមេរិក បានបង្ហាញវីដេអូឃ្លីបចំនួន 8 របស់លោក Gavin Lira ដែលគាត់ព្យាយាមថតវីដេអូឱ្យមានភាពល្អឥតខ្ចោះ ប៉ុន្តែទម្រាំថតចប់ គាត់ត្រូវចំណាយពេលថតឡើងវិញចំនួន 8 ដង ស្មើនឹង 8 វីដេអូ។
ហេតុនេះហើយ លោក Dennis Yu បានលើកយកបទពិសោធន៍នៃការថតវីដេអូបែបនេះ ដើម្បីបង្ហាញដល់យើងអំពីកំហុសឆ្គងដែលគួរឈ្វេងយល់បន្ថែម និងកែតម្រូវ។
កំហុសឆ្គងទាំងនោះរួមមាន៖
- មិនបានណែនាំខ្លួនឯងឱ្យគេស្គាល់ថាខ្លួនជានរណា ដូច្នេះ “រាល់ពេលដែលអ្នកចាប់ផ្ដើមថតវីដេអូលើកដំបូង អ្នកត្រូវតែព្យាយាមណែនាំខ្លួនឯងឱ្យអ្នកទស្សនាបានដឹងថា អ្នកជានរណាជាមុនសិន មុនពេលនិយាយខ្លឹមសារសំខាន់ៗដើម្បីឱ្យមនុស្សចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយ។
- ថតបង្ហាញទេសភាពជុំវិញច្រើនជាងថតឃើញរូប គឺវាមើលទៅមិនសូវមានភាពទាក់ទាញ ដូច្នេះនៅពេលថត សូមព្យាយាមថតផ្ដោតលើរូបរបស់អ្នកឱ្យបានច្រើន។
- ព្យាយាមនិយាយលក់ មុនពេលផ្ដល់ការកំសាន្ត និងការចែករំលែកចំណេះដឹង
- ប្រើមីក្រូហ្វូនរបស់ទូរស័ព្ទដៃ ជំនួសឱ្យការប្រើឧបករណ៍ខាងក្រៅ
- ព្យាយាមអានស្រ្គីបមួយពាក្យៗដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាមិនគួរឱ្យចាប់អារម្មណ៍
- សម្លឹងមើលខ្លួនឯង ដោយមិនព្យាយាមសម្លឹងមើលកាំមេរ៉ា ដែលសកម្មភាពនេះនឹងធ្វើឱ្យអ្នកផ្ទាល់ និងអ្នកទស្សនាពិបាកមានទំនាក់ទំនងគ្នា
- យកដៃដាក់ក្នុងហោប៉ៅ ឬធ្វើសកម្មភាពនានាដែលមើលទៅមិនសមរម្យ ហើយមិនស៊ីសង្វាក់គ្នាជាមួយនឹងកម្រិតនៃការបញ្ចេញសម្លេង
- គិតថា នឹងថតវីដេអូមួយឱ្យមានភាពល្អឥតខ្ចោះ ដែលនឹងធ្វើឱ្យអ្នកខាតពេលច្រើន ពីព្រោះចង់បានល្អឥតខ្ចោះ នៅពេលថតខុស ក៏ព្យាយាមនិយាយនិងថតឡើងវិញ
ហេតុដូចនេះហើយ រាល់កំហុសឆ្គងទាំង 8 ខាងលើ លោក Dennis Yu ចង់ឱ្យអ្នកទាំងអស់គ្នាព្យាយាមឈ្វេងយល់ហើយសិក្សាបន្ថែម និងកែតម្រូវកំហុសឆ្គងខ្លួនឯង បន្ទាប់មកធ្វើយ៉ាងណាព្យាយាមថតវីដេអូដែលមើលទៅដូចជាអ្នកកំពុងនិយាយបែបធម្មជាតិរបស់អ្នក ដោយមិនសម្ដែងខ្លាំងពេក ឬព្យាយាមចង់ថតម្ដងឱ្យល្អឥតខ្ចោះនោះទេ។ ប្រសិនបើជាលើកដំបូងនៃការថតវីដេអូរបស់អ្នក ចូរព្យាយាមថតបន្តរហូតដល់ចប់ ប៉ុន្តែប្រសិនបើនិយាយខុស ឈប់បន្ដិចហើយនិយាយបន្ត ដោយកុំព្យាយាមនិយាយខុសហើយ ក៏ចាប់ផ្ដើមថតឡើងវិញឱ្យសោះ។