spot_img
spot_img
Homeបច្ចេកវិទ្យាខួរក្បាលបុរស ខុសពីខួរក្បាលស្រី្ត

ខួរក្បាលបុរស ខុសពីខួរក្បាលស្រី្ត

-

មិនថាប្រុសមិនថាស្រីទេ មនុស្សគ្រប់គ្នា សុទ្ធតែ មានខួរក្បាល ដែលមាន ទំហំស្ទើរតែ ប៉ុនគ្នា ទាំងអស់។ ហើយមាន​ពេល​ខ្លះ​ក៏មាន​ពាក្យ​ចំអន់​គ្នាលេង​ថា​ «ខួរក្បាល​មួយគីឡូ​ដូចតែ​គ្នាទេ»។​ ក៏ប៉ុន្តែ​នៅពេល​ដែល​យើងគិត​ពីដំណើរការ​វិញគឺ​​មាន​ភាពខុសគ្នា​រវាងបុរស​និង​ស្រ្តី។ ជាការ​ពិតណាស់​លក្ខណៈ​ខាងក្រៅ​នៃខួរក្បាល​របស់​​មនុស្ស​ទាំងពីរ​ភេទគ្មាន​លក្ខណៈ​ឬ​ទម្រង់​ខុសគ្នា​ប៉ុន្មានទេ​ហើយតាមលក្ខណៈ​នេះ មក​ដល់បច្ចុប្បន្ន​អ្នកប្រាជ្ញ​មិនបាន​ដឹងថា​ដំណើរការ​នៃខួរក្បាល​របស់ភេទទាំងពីរ​មាន​ភាពខុសគ្នា​យ៉ាងណាទេ។ បើអ្នកមាន​ចម្ងល់ដែរ​សូមអញ្ជើញ​អានអត្ថបទ​ដែល​ «គំនិត» នឹងលើក​យកមក​ចែករំលែក​ថ្ងៃនេះ។

រូបភាពទី 1៖ រូបភាពនៃម៉ាស៊ីន MRI

សំណួរ​ដែលយើងគួរចាប់​ផ្តើមសួរ​នោះគឺ​៖ តើអ្នក​ដឹងទេថា​ខួរក្បាល​របស់​បុរស​និង​ស្រ្តី​មានដំណើរ​ការ​ខុសគ្នា​យ៉ាងណា​នៅពេល​ដែលពួកគេ​ស្ថិតក្រោម​សំពាធ ឬ ​ភាពតប់​ប្រមល់?

តាមការសិក្សាថ្មីមួយកាលពីខែមេសា ឆ្នាំ ២០០៨ កន្លងទៅនេះ​នៅ​សាកលវិទ្យាល័យ ផែនសីលវេនញា​ (University of Pennsylvania) នៅទីក្រុង ហ្វីឡាដាហ្វៀ (Philadelphia) នៃរដ្ឋ ផែនសីលវេនញា​ (Pennsylvania) សហរដ្ឋ​អាមេរិច​ដែលប្រើ​ឧបករណ៍ថតរូប​ភាពខួរក្បាល​ទាន់សម័យមួយ​ដែលគេ​ហៅថា អែមអែនអ ឬ (Magnetic resonance imaging​ ហៅកាត់ MRI) ដឹកនាំ​ដោយ​លោក​បណ្ឌិត ជួ័ងៗ វាង (Jiongjiong Wang) ជាសាស្រ្តាចារ្យនៃ ផ្នែកវិទ្យុសិក្សា (radiology) និង ផ្នែកប្រសាទវិទ្យា (neurology) នៅសាកលវិទ្យាល័យនោះ។​  ការសិក្សា​នេះមាន​ការចូលរួម​ពីសំណាក់​​បុរស ១៦ នាក់​​ព្រមទាំងស្រ្តី​ ១៦ នាក់ ផងដែរ។​​​ បុរស​និង​ស្រ្តីទាំងនេះ​​ត្រូវបាន​អ្នកវិទ្យាសាស្រ្ត​រៀបចំឲ្យ​ពួកគេ​រាប់លេខ​ថយក្រោយ ពីចំនួន ៦០០០​ជាង​ហើយ​លេខមួយខ្ទង់ៗ​មានគំលាតពីគ្នា​ចំនួន​ ១៣ (ឧ. ៦១៦៩​, ៦១៥៦,  ៦១៤៣…..) នៅពេលដែល​ពួកគេសម្រាកក្នុងម៉ាស៊ីន (fMRI*)។ សូមបើក រង្វង់ក្រចក​ដើម្បី​ពន្យល់​ឧបករណ៍ថតរូបភាព​ខួរក្បាល (fMRI) ដូចបង្ហាញ​ក្នុងរូបភាពទី 1 នេះបន្តិច។​ឧបករណ៍​នេះប្រើ​ដែនម៉ាញេទិច (មេដែក) ខ្លាំងមួយ​ដើម្បី បង្កើត​ឥទ្ធិពល​ទៅលើ​​ដែនម៉ាញេទិច​របស់ អាតូម​ដែលស្ថិត​ក្នុង​សារពាង្គកាយយើង​ជាពិសេស​ត្រង់ចំនុចចំណាប់​អារម្មណ៍នោះ។  ឥទ្ធិពលនៃ​ដែនម៉ាញេទិច​របស់​ម៉ាស៊ីន (fMRI) ​នឹងធ្វើឲ្យ​អាតូម​ទាំងនោះ​តម្រៀប​គ្នា​តាម​លំនាំមួយ។ ​​ហើយ​បន្ទាប់​មក​​រលកវិទ្យុ (radio frequency) (មិនមែនវិទ្យុសកម្មទេ) ដែល​មាន​ប្រេកង់ខ្ពស់​មួយ​ តម្រៀប​អាតូមទាំងនោះ​​ឲ្យមានលំនាំ ជាប្រព័ន្ធ​មួយ​ដែលស្រប​ទៅនឹង​ទម្រង់ដែល​​ដូច​រូបភាព​មួយ។ ទម្រង់នោះត្រូបានអ្នកវិទ្យាសាស្រ្តផ្តិត​ទៅលើសន្លឹកហ្វីល​ (film) សម្រាប់វិភាគ។ នេះជា​សេចក្តី​ពន្យល់​ដ៏សង្ខេប​មួយនៃម៉ាស៊ីន (fMRI)។

ឥឡូវ​សូមត្រលប់​មក​ប្រធានបទ​យើងវិញ។​ ការស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញថា​ខួរក្បាល​បុរស​​នៅពេល​ដែលស្ថិត​ក្រោម​សំពាធ​ គឺ​មានសកម្មភាព​ខ្ពស់នៅត្រង់​​ផ្នែក​ខាងមុខ​ឆ្វេង(left orbitofrontal cortex) នៃ​ខួរក្បាល ដូចបង្ហាញក្នុងរូបភាព ទី 2  ដែលជា​តំបន់​​​គ្រប់គ្រង​រំញោច​នៃការ​ច្បាំង​​ ឬ ​រត់គេចខ្លួន (ហ្វៃអហ្វៃ្ល ឬ fight or flight)។

រូបភាពទី​ 2៖ ខួរក្បាលផ្នែកខាងឆ្វេងមុខ

ក៏ប៉ុន្តែ​​​ចំពោះ​ខួរក្បាលស្រ្តី​វិញ​សកម្មភាពខ្ពស់គឺកើតឡើងនៅត្រង់ ផ្នែក ប្រព័ន្ធ

លីមបិក (limbic system) ​ដូចបង្ហាញក្នុងរូបភាពទី 3 ដែលគ្រប់គ្រង​រំញោច​នៃអារម្មណ៍ (ដូចជាការ​ខឹង​ ស្អប់ ស្រលាញ់។ល។)

រូបភាពទី 3៖ ប្រព័ន្ធលីមបិក (Limbic System)

របកគំហើញ​នេះត្រូវបាន​លោកបណ្ឌិត​ វាង (Dr. Wang) និយាយ​ថានឹង​អាចក្លាយ​ជាកត្តា​ជំរុញមួយ​ដែ​ល​អនុញ្ញត​ឲ្យអ្នកវិទ្យាសាស្រ្ត​អាចសិក្សា​ពីលំនាំ​នៃ​ភាពមិនប្រក្រតី​នៃអារម្មណ៍របស់មនុស្សប្រុសនិង​ស្រីបាន៕

*fMRI គឺជាពាក្យដែលសម្រាប់សំគាល់ម៉ាស៊ីន MRI ដែលទំនើបមួយ។

ដកស្រង់ចេញពីគេហទំព័រ http://www.sciencedaily.com/videos/2008/0403-men_are_from_mars.htm ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១

កែសម្រួល​និង​បកប្រែដោយលោក ចំណាន

ប្រភពនៃរូបភាព៖

រូបទី1: http://bostonspineclinics.com/custom_content/c_81729_other_imaging.html កាលពី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១

រូបទី2: http://www.cnsforum.com/imagebank/item/Neuro_biol_OCD/default.aspx កាលពី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១

រូបទី3: http://www.clipart.dk.co.uk/418/subject/Biology/Limbic_system កាលពី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ