វាជាប្រការចាំបាច់ដែលអ្នកត្រូវបង្កើនជំនាញរបស់អ្នកដើម្បីធ្វើឲ្យការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃកាន់តែប្រសើរ។ ទោះបីជាអ្នកជាបុគ្គលិកឬមានអាជីវកម្មផ្ទាល់ខ្លួន អ្នកគួរតែចំណាយពេលខ្លះចូលរួមក្នុងការលក់ដើម្បីមានទំនាក់ទំនងល្អជាមួយអតិថិជន។ សហគ្រិនដែលទើបតែចាប់ផ្តើមអាជីវកម្ម គាត់តែងតែចំណាយពេលចែករំលែកគំនិតអាជីវកម្មជាមួយអ្នកវិនិយោគឬអ្នកផ្តល់ប្រឹក្សាគំនិតឲ្យគាត់ក្នុងគោលបំណងធ្វើឲ្យអាជីវកម្មមានដំណើរការល្អជាពិសេសគឺការមានទំនាក់ទំនងល្អជាមួយអតិថិជននិងធ្វើយ៉ាងណាឲ្យអតិថិជនទុកចិត្តលើផលិតផលឬសេវាកម្មរបស់យើង។ ជាក់ស្តែងការលក់គឺជាដង្ហើមនៃការរីកលូតលាស់និងជោគជ័យរបស់អាជីវកម្ម។ បើសិនជាគ្មានការលក់គឺគ្មានអាជីវកម្មទេហេតុនេះអ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មចាំបាច់ត្រូវយកចិត្តទុកដាក់។ ខាងក្រោមនេះគឺជាចំណុចសំខាន់នៃលក្ខណៈរបស់អ្នកលក់ដ៏ពូកែ៖
#ទី១ ចាប់ផ្តើមសួរសំណួរមុន
អ្នកទាក់ទងដ៏ពូកែគឺជាអ្នកដែលផ្តើមសំណួរមុនគេ។ គាត់តែងតែកត់ត្រាទុកនឹងសំណួរដែលសំខាន់ៗហើយសិក្សាស្រាវជ្រាវជាមួយសំណួរនឹងទាំងនោះបន្ថែមទៀត។ ដូចនេះនៅពេលដែលគាត់មានការណាត់ជួបឬជួបប្រជុំ គាត់តែងតែចាប់ផ្តើមការសន្ទនាជាមួយនឹងសំណួរដែលគាត់បានត្រៀមទុក។ ទង្វើបែបនេះសបញ្ជាក់ពីអត្តចរិកនៃអ្នកពូកែទំនាក់ទំនង និងអ្នកលក់ដ៏ពូកែម្នាក់។ ម្យ៉ាងវិញទៀតនៅពេលដែលអ្នកចេះសួរសំណួរល្អៗគឺស្មើនឹងអ្នកកំពុងតែធ្វើកិច្ចការពីរដែលជាគូណប្រយោជន៍សម្រាប់ជួយអ្នកក្នុងរយៈពេលវែង។ទីមួយ អ្នកបង្ហាញភាពចេះដាក់ខ្លួនឬឱនលំទោនរបស់អ្នកដែលធ្វើឲ្យអ្នកស្គាល់មនុស្សបានកាន់តែច្រើន។ ទីពីរ អ្នកនឹងទទួលបានគំនិតមួយផ្នែកដែលអ្នកមិនដែលនឹកឃើញកាលពីមុនមក។ ដូចនេះកុំភ្លេចសរសេរសំណួរល្អៗទុកដើម្បីអាចឲ្យអ្នកផ្តើមសួរគេនៅពេលជំនួបជាមួយនឹងអ្នកដទៃចូលមកដល់។
#ទី២ ផ្លាស់ប្តូរគំនិតអវិជ្ជមាននៃការលក់របស់អ្នក
ខ្ញុំបានជួបមនុស្សមួយចំនួនដែលមានគំនិតអវិជ្ជមានជាច្រើនទាក់ទងនឹងផ្នែកលក់ដោយពួកគេគិតថាការធ្វើការផ្នែកលក់គឺមកពីបុគ្គលិកទាំងនោះមិនអាចរកការងារផ្សេងក្រៅពីនេះបានទើបបានជាពួកគាត់សម្រេចចិត្តធ្វើការផ្នែកនេះ។ ដើម្បីសម្រេចឲ្យបានសម្ធិផលក្នុងការលក់ មុនដំបូងអ្នកត្រូវផ្លាស់ប្តូរគំនិតរបស់អ្នកក្នុងការលក់ជាមុនសិនជាជាងការមានគំនិតអវិជ្ជមាន។ ការងារផ្នែកលក់គឺជាការងារដែលអ្នកបានជួយអ្នកដទៃឲ្យរួចពីក្តីព្រួយបារម្ភរបស់គេនិងផ្តល់សេវាកម្មដែលគេចង់បាន។ ការធ្វើដូចនេះអ្នកលក់គឺមិនមែនជោគជ័យតែម្នាក់ឯងទេតែគេក៏បានជួយអ្នកដទៃឲ្យទទួលបានផលចំណេញផងដែរ។
#ទី៣ រកវិធីដោះស្រាយបញ្ហា
នៅពេលដែលអ្នកពូកែរកគំនិតមកដោះស្រាយបញ្ហាជូនអតិថិជននោះអ្នកនឹងខុសហើយពិសេសជាងអ្នកដទៃ។ អ្នកលក់ដែលពូកែ គាត់គិតថាការលក់គឺជាឱកាសក្នុងការដោះស្រាយបញ្ហាជាជាងការទទួលតែប្រាក់ចំណេញដោយមិនគិតពីសុខទុក្ខអតិថិជន។ លើសពីនេះទៅទៀតគាត់ដាក់ទាំងកម្លាំងកាយនិងចិត្តក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជាក់ស្តែងក្នុងការលក់របស់គាត់បច្ចុប្បន្ន។ នៅពេលអ្នកចាប់ផ្តើមចេះដោះស្រាយបញ្ហា អ្នកនឹងមានគំនិតជាច្រើនដើម្បីធ្វើអាជីវកម្មរបស់អ្នក។