ជាទូទៅសម្រាប់អ្នកដែលបើកអាជីវកម្មខ្នាតតូចភាគច្រើនពួកគេមានដើមទុនទាប។ ទោះបីជាយ៉ាងណាក៏ពួកគេមិនអាចមិនត្រូវការការធ្វើទីផ្សារផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់គេនោះទេ។ ប៉ុន្តែគេក៏ត្រូវគិតគូរដែរថាតើការចំណាយប៉ុណ្ណាទៅលើការធ្វើទីផ្សារទើបមិនធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់គាត់មិនរង្គោះរង្គើ។ ទន្ទឹមនឹងនោះម្ចាស់អាជីវកម្មថែមទាំងត្រូវវិភាគពីក្រុមអតិថិជនដែលជាគោលដៅចម្បងរបស់គេព្រោះបើអតិថិជនខុសគ្នានោះថ្លៃចំណាយក៏ដូចជាការរកច្រកដែលមានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយក៏ខុសគ្នាដែរ។ ខាងក្រោមនេះជាគម្រោងនៃការធ្វើទីផ្សារមួយចំនួនដែលអាចធានាពីលទ្ធផលល្អត្រូវនឹងថវិកាស្តួចស្តើងរបស់អាជីវកម្មអ្នកបាន៖
#១ តាមបណ្តាញសង្គម
កាលពីក្នុងអត្ថបទមុនៗក៏បានលើកឡើងដែរថាបណ្តាញសង្គមគឺជាច្រកដែលមានប្រសិទ្ធភាពណាស់សម្រាប់មនុស្សជំនាន់ថ្មីជាពិសេសគឺ Facebook និង Instagram។ បច្ចុប្បន្នមានយុវវ័យភាគច្រើនស្ទើរតែនៅទូទាំងប្រទេសប្រហែល៥លាននាក់ដែលមានគណនីFacebookនិងប្រហែលជាពាក់កណ្តាលនោះដែលមានគណនីInstagram។ មានអាជីវកម្មជាច្រើនដែលមានអតិថិជនគោលដៅភាគច្រើនជាយុវវ័យបានបង្កើតទំព័រឬគណនីរបស់ខ្លួនផងដែរនៅលើបណ្តាញសង្គមព្រោះថាគេគិតថាវាផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ ចំណាយតិច មិនប្រើពេលយូរ និងទាន់សម័យកាល។ ជាពិសេសអ្នកអាចជ្រើសរើសចំនួននិងទីតាំងជាក់លាក់ដែលអ្នកចង់ឲ្យផុសរបស់អ្នកReachទៅដល់ដោយការBoostទៅលើផុសនោះ។ កាន់តែពិសេសជាងនេះទៅទៀតគឺអ្នកចង់ផ្សព្វផ្សាយឬឈប់ពេលណាក៏បាន។
#២ លក្ខណៈប្រពៃណី
ការធ្វើទីផ្សារតាមបែបប្រពៃណីមានដូចជាតាមវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ចែកខិត្តប័ណ្ណជាដើម។ ចំពោះវិធីទាំងនេះគឺត្រូវការចំណាយច្រើនជាងការផ្សព្វផ្សាយតាមបណ្តាញសង្គម។ ប៉ុន្តែដូចដែលបាននិយាយខាងលើអញ្ចឹងវាអាស្រ័យលើអតិថិជនគោលដៅរបស់អ្នកដែរថាតើពួកគេស្ថិតនៅក្នុងក្រុមប្រភេទណាទើបអ្នកអាចបែងចែកពីការធ្វើទីផ្សារទៅកាន់ពួកគេ។ ឧទាហរណ៍ថាអាជីវកម្មរបស់អ្នកគឺលក់ថ្នាំសម្លាប់សត្វល្អិតនោះអតិថិជនគោលដៅរបស់អ្នកគឺជាបងប្អូនប្រជាកសិករនៅឯជនបទដែលអ៊ីនធឺណិតគឺពិបាកចូលទៅដល់ ហេតុនេះការប្រើប្រាស់វិធីទី១គឺមិនសូវមានប្រសិទ្ធភាពទេ។ អ្នកអាចជ្រើសយកការធ្វើទីផ្សារតាមរយៈវិទ្យុដែលមានប្រសិទ្ធភាពល្អចំពោះក្រុមប្រភេទនេះ។
#៣ តពីមាត់មួយទៅមាត់មួយ
អ្នកប្រហែលជាមិនជឿនោះទេ ប្រសិនបើខ្ញុំប្រាប់ថាការធ្វើទីផ្សារបែបនេះគឺមានប្រសិទ្ធភាពជាងគេប៉ុន្តែវាគឺជាការពិត។ វាអាស្រ័យទៅលើអាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកបានផ្តល់ផលិតផលឬសេវាកម្មដែលមានគុណភាពទៅឲ្យអតិថិជន វាប្រៀបដូចជាអ្នកពឹងគេឲ្យជួយផ្សព្វផ្សាយឲ្យអ្នកអញ្ចឹង។ វាមានន័យថានៅពេលដែលអតិថិជនត្រូវចិត្តហើយ គេនឹងណែនាំប្រាប់ដល់មិត្តភក្តិ គ្រួសារ សាច់ញាតិ និងមិត្តរួមការងារជាដើម។ ដោយហេតុថាមនុស្សយើងជឿលើពាក្យសម្តីមនុស្សដែលស្និទ្ធស្នាលជាមួយយើងជាជាងជឿលើផលិតផលនោះខ្លួនឯងទើបបានជាខ្ញុំនិយាយថាការធ្វើទីផ្សារបែបនេះគឺមានប្រសិទ្ធភាពជាងគេ។
#៤ រក្សាទំនាក់ទំនងជាមួយអតិថិជន
ការធ្វើទីផ្សារមិនមែនធ្វើតែម្តងហើយនោះទេ វាប្រៀបដូចជាវដ្តរដូវដែលវិលចុះវិលឡើងមានន័យថាអ្នកត្រូវធ្វើម្តងហើយម្តងទៀត។ ការធ្វើទីផ្សារបែបនេះគឺមិនចំណាយអស់ច្រើននោះទេតែទទួលបានផលមកវិញច្រើន។ អ្នកអាចខលទូរស័ព្ទ ផ្ញើសារ អ៊ីមែល ឬឆាតទៅអតិថិជននៅកំឡុងពេលនិងបន្ទាប់ពីគេប្រើប្រាស់ផលិតផលឬសេវាកម្មរបស់យើង។ ថ្វីត្បិតតែវិធីនេះមើលទៅមានភាពសាមញ្ញប៉ុន្តែវាធ្វើឲ្យអតិថិជនចាស់នៅតែបន្តទិញនិងប្រើប្រាស់ផលិតផលរបស់អ្នកតទៅទៀត។ វាជាការសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះអតិថិជន។