ការរកស៊ីតាមអនឡាញ ជាពិសេសនៅលើបណ្តាញសង្គមFacebook មានភាពផុសផុលយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ។ អ្នកខ្លះផ្តោតរកស៊ីពេញម៉ោងនៅបណ្តាញសង្គមមួយនេះ ហើយអ្នកខ្លះទៀតបានឆ្លៀតពេលខ្លះក្រៅម៉ោងរកស៊ីលើវេទិការនេះបន្ទាប់ពីកិច្ចការងារស្នូលរបស់ខ្លួន។ ដោយសារតែការប្រកួតប្រជែងផ្សព្វផ្សាយកាន់តែពុះកញ្ច្រោល មនុស្សចេះចុចប៊ូតុងBoostកាន់តែច្រើនទៅៗ ហើយម្នាក់ៗហ៊ានចាយលុយយ៉ាងច្រើននៅលើបណ្តាញសង្កមមួយនេះដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវឱ្យទិញទំនិញរបស់ខ្លួន។
ខណៈពេលដែលសហគ្រិន អ្នករកស៊ី និងអ្នកទីផ្សារមួយភាគធំ ខិតខំចាយលុយទៅលើការផ្សព្វផ្សាយ (Boost)លើ Facebook ហាងសៀវភៅអនឡាញមួយគឺ My Bookshop Cambodiaប្រើប្រាស់វិធីផ្សេងពីគេ ដោយមិនចាយលុយសូម្បីតែ១សេនលើការផ្សព្វផ្សាយតាមFacebookក្នុងរយៈពេល១ឆ្នាំកន្លះចុងក្រោយនេះ ហើយដែលគាត់ផ្តោតគឺ បង្កើតមាតិកាទីផ្សារល្អៗសម្រាប់អ្នកតាមដាន Page និងការប្រឹក្សាលើការជ្រើសរើសសៀវភៅដែលល្អបំផុតសម្រាប់អតិថិជន។
ហាងលក់សៀវភៅអនឡាញដែលមានលោកប៊ួយ សុធន ជាសហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់បាននិយាយថា ហាងសៀវភៅនេះគឺហាងសៀវភៅមួយដែលមិនផ្តោតតែលើការលក់ខ្លាំងពេកឬក៏គ្រាន់តែបង្ហោះសៀវភៅជាកាតាឡុកដូចហាងសៀវភៅ ឬក៏ហាងទំនិញផ្សេងៗទៀតនោះទេ តែអ្វីដែលហាងនេះធ្វើខុសពីគេ គឺគាត់តែងតែផ្តោតលើអតិថិជនជាចម្បង ដោយធ្វើការចែករំលែកចំណុចសំខាន់ៗនៃសៀវភៅ បង្កើតមាតិកាដែលគួរឱ្យចាប់អារម្មណ៍ និងមានគុណប្រយោជន៍ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសៀវភៅនិងអ្នកអាន បំផុសឱ្យមនុស្សអានសៀវភៅ និងធ្វើការប្រឹក្សាលើប្រភេទសៀវភៅដែលអតិថិជនចង់ទិញ ឬណែនាំអតិថិជនគាត់ឱ្យអានសៀវភៅដែលសក្តិសមបំផុត។មិនតែប៉ុណ្ណោះរាល់ការផ្សព្វផ្សាយណែនាំផលិតផលនីមួយៗសុទ្ធតែបានសិក្សាពិនិត្យយ៉ាងច្បាស់លាស់ លើគុណភាពនៃការនិពន្ធជាពិសេស ហើយតែងតែធានាជូនភ្ញៀវនូវការចំណាយតិចបានផលច្រើនទាំងលុយកាក់ និងពេលវេលា។
លោក ប៊ួយ សុធនក៏បានបន្តទៀតថា បេសកកម្មធំបំផុតនៅលើPageហាងសៀវភៅមិនមែនជាការលក់នោះទេគឺ30% post លក់ ឯ70%ទៀតគឺ ចែករំលែក ដែលពេលខ្លះ អ្នកអានសឹងថា មិនពិបាកគិតច្រើនលើគុណភាព (មិនពិបាករើសឬសម្រេចចិត្ត) ឬសឹងថា មិនចាំបាច់ទិញនោះទេ ព្រោះ Admin Page តែងដកស្រង់ខ្លឹមសំខាន់ៗនៃសៀវភៅនីមួយៗ post ជារៀងរាល់ថ្ងៃ ដែលក្រុមការងារ My BOOKSHOP Cambodia រំពឹងទុកថា អ្នកដែល follow page រាល់ថ្ងៃ ទោះមិនទិញក្តី ក៏អាចទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើនជារៀងរាល់ថ្ងៃ “ចូរអាន page ដើម្បីទទួលបានការកំសាន្ត និងពុទ្ធិទូទៅប្រចាំថ្ងៃ”។
សហស្ថាបនិករូបនេះក៏បានបញ្ជាក់ថា ហាងសៀវភៅមួយនេះបង្កើតបាន២ឆ្នាំមកហើយ ហើយ៦ខែដំបូងគាត់ក៏បានចាយលុយខ្លះៗដើម្បីផ្សព្វផ្សាយតាមFacebookដើម្បីឱ្យអតិថិជនស្គាល់ផងដែរ តែក្រោយមកគាត់បានដាក់គោលដៅខ្លួនឯងថានឹងមិនចំណាយលើការផ្សព្វផ្សាយដោយការBoostទៀតឡើយ ដោយព្យាយាមបង្កើតមាតិកាដែលមានគុណប្រយោជន៍សម្រាប់ទាក់ទាញអតិថិជនដើម្បីឱ្យក្លាយជាម៉ូយរយៈពេលវែង ហើយអ្វីដែលគាត់ព្យាយាមរយៈពេល១ឆ្នាំកន្លះចុងក្រោយនេះពិតជាបានផលដូចការរំពឹងទុកមែន។
ការងារដែលផ្តោតលើការបង្កើតមាតិកាល្អៗដែលពាក់ព័ន្ធនឹងអាជីវកម្មដើម្បីទាក់ទាញអ្នកតាមដានគឺជារឿងមួយដែលមិនងាយស្រួល ហើយត្រូវការពេលវេលា តែនៅពេលដែលអ្នកអាចសាងកេរ្តិ៍ឈ្មោះដ៏ល្អមួយ (ដូចហាងសៀវភៅ My Bookshop Cambodia) អ្នកនឹងអាចឆក់យកទំនុកចិត្ត និងការជឿជាក់ពីសំណាក់អតិថិជន ហើយអ្នកនឹងក្លាយជាអ្នកប្រឹក្សាផ្ទាល់ខ្លួនដ៏គួរឱ្យជឿជាក់មួយសម្រាប់ពួកគាត់ជាមិនខាន។ ហាងសៀវភៅ My Bookshop Cambodia ប្រើប្រាស់វិធីនេះដើម្បីទាញម៉ូយបានយ៉ាងច្រើន (Loyalty Customer) ដោយសារតែគាត់អាចកសាងទំនុកចិត្ត និងភាពជឿជាក់លើការប្រឹក្សាលើសៀវភៅដែលល្អបំផុតសម្រាប់អ្នកអាន។គាត់កំណត់យក យន្តការ “ការណែនាំតៗគ្នាពីបងប្អូនអតិថិជនដែលពេញចិត្ត គុណភាពសៀវភៅ និងសេវាកម្ម -Word of Mouth“។