មនុស្សជាច្រើនចូលចិត្តទៅផ្សារក្នុងថ្ងៃឈប់សម្រាកឬពេលទំនេរពីការងាររបស់ពួកគេ។ រីឯអ្នកលក់ជាច្រើនតែងតែលក់មិនដាច់នៅថ្ងៃធ្វើការឬក្នុងស្ថានភាពដែលថ្ងៃខ្លះមានអាកាសធាតុមិនល្អ។ ដូចនេះអ្នកត្រូវដឹងថាអ្នកគួរធ្វើយ៉ាងណាដើម្បីអាចទាក់ទាញអតិថិជនដែលមានចំនួនតិចតួចក្នុងស្ថានភាពអាក្រក់បែបនោះដើម្បីរកចំណូលសម្រាប់អាជីវកម្មរបស់អ្នក៖
គន្លឹះទី១ រក្សាអតិថិជនដែលបានចូលក្នុងហាងរបស់អ្នក
ការរក្សាអតិថិជនមិនឲ្យបាត់បង់ជាប្រការដែលចាំបាច់សណាស់។ ក្នុងនាមជាអ្នកលក់អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យអតិថិជនរបស់អ្នកខ្លាចឬគ្មានអារម្មណ៍ក្នុងការទិញទំនិញរបស់អ្នក។ ដូចច្នេះអ្នកគួរតែបង្ហាញការគួរសមនិងភាពរួសរាយរាក់ទាក់ទៅកាន់អតិថិជន។ ម្យ៉ាងវិញទៀត អ្នកគួរតែផ្តល់សេវាកម្មបន្ថែមដូចជាអ្នកអាចផ្តល់ការប្រឹក្សាយោបល់ទាក់ទងនឹងទំនិញដែលគាត់បានជ្រើសរើសឬអ្នកអាចណែនាំផលិតផលដែលសមនឹងគាត់ឬផ្តល់ព័ត៌មានក្នុងការប្រើប្រាស់ជាដើម។
គន្លឹះទី២ ធ្វើផ្លាកសញ្ញាដែលទាក់ទាញអតិថិជន
ផ្លាកសញ្ញាគឺជាឧបករណ៍ដែលទាក់ដល់អារម្មណ៍របស់អតិថិជន។ ពិតជាចាំបាច់ណាស់ដែលអ្នកត្រូវមានផ្លាកដែលអាចធ្វើឲ្យអតិថិជនចាប់អារម្មណ៍។ ឧទាហរណ៍ដូចជាផ្លាកបញ្ចុះតម្លៃ។ អ្នកអាចច្នៃផ្លាកសញ្ញាបញ្ចុះតម្លៃឲ្យមានភាពទាក់ទាញក្នុងការផ្សព្វផ្សាយផលិតផលរបស់អ្នក។ អ្នកគួរតែព្យួរផ្លាកសញ្ញាបញ្ចុះតម្លៃនៅមុខហាងរបស់អ្នកនៅពេលដែលអតិថិជនដើរកាត់ហាងរបស់អ្នកពួកគាត់នឹងចាប់អារម្មណ៍។
គន្លឹះទី៣ ជូនដំណឹងអតិថិជន
កំណត់នូវការផុតកំណត់នៃការលក់ ការបញ្ចុះតម្លៃ ឬទំនិញបញ្ចុះតម្លៃមានកាលកំណត់សុទ្ធតែអាចធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍ក្នុងការទិញទំនិញក្នុងហាងរបស់អ្នក។ ដូចនេះនៅរដូវកាលពិសេសដូចជាបុណ្យចូលឆ្នាំសកល ចូលឆ្នាំខ្មែរជាដើម អ្នកអាចផ្ញើសារជូនដំណឹងដល់អតិថិជនពីការបញ្ចុះតម្លៃដ៏ពិសេសនេះ។ ការធ្វើដូចនេះអាចទាក់ទាញអតិថិជនបានច្រើន។
គន្លឹះទី៤ ផ្តល់ក្តីបារម្ភ
អ្នកអាចបង្ហាញក្តីបារម្ភរបស់អ្នកចំពោះអតិថិជនដូចជានៅរដូវត្រជាក់ ភ្លៀង ក្តៅ ជាដើម។ អ្នកអាចផ្តល់ភេសជ្ជៈផ្សេងៗតាមអាកាសធាតុដូចជា កាហ្វេ តែ ទឹកត្រជាក់ ឬផ្តល់ជានំចំណីផ្សេងៗដើម្បីបង្ហាញការយកចិត្តទុកដាក់របស់អ្នកចំពោះអតិថិជន។ ដូចនេះ អ្នកគួរតែមានភេសជ្ជៈទាំងនោះនៅក្នុងស្តុករបស់អ្នកដើម្បីបម្រើអតិថិជនរបស់អ្នក។ អ្នកអាចប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហោះរូបភាពទាំងនោះនៅពេលអតិថិជនគាត់កំពុងតែផឹកភេសជ្ជៈដែលអ្នកបានផ្តល់ឲ្យក្នុងចំពោះការមកទិញអីវ៉ាន់ក្នុងហាងរបស់អ្នក។
គន្លឹះទី៥ ផ្តល់កន្លែងលេងសម្រាប់ក្មេង
អ្នកម្តាយជាច្រើនតែងតែមានកូនមកជាមួយនៅពេលដើរផ្សារ។ ដូចនេះអ្នកអាចបង្កើតកន្លែងលេងដ៏តូចមួយសម្រាប់កូនគាត់។ ធ្វើដូចនេះគាត់អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការជ្រើសរើសទំនិញ។ ម្យ៉ាងវិញទៀត គាត់នឹងមានអារម្មណ៍កក់ក្តៅនៅពេលមកទិញទំនិញក្នុងហាងរបស់អ្នក។