ពាក្យថាអ្នកដឹកនាំខុសគ្នាទៅតាមការឲ្យនិយមន័យរបស់មនុស្សម្នាក់ៗ។ អ្នកដឹកនាំជាអ្នកដែលកំណត់ទិសដៅ ហើយជួយខ្លួនឯងនិងអ្នកដទៃឲ្យធ្វើកិច្ចការដែលត្រឹមត្រូវដើម្បីបន្តដំណើរទៅខាងមុខ។ យើងសុទ្ធតែដឹងថាពាក្យថាអ្នកដឹកនាំគេនិងចៅហ្វាយនាយគឺខុសគ្នា។ អ្នកដឹកនាំគឺជាអ្នកដែលនៅខាងមុខគេ ហ៊ានប្រថុយឧបសគ្គគ្រប់បែបយ៉ាង និងមិនទុកឲ្យអ្នកនៅក្រោមបង្គាប់ទៅជួបជាមួយហានិភ័យតែម្នាក់ឯងទេ។ ពួកគេមិនយកការបញ្ជាមកដាក់មុខតែគេមានតែធ្វើដំណើរទៅជាមួយគ្នា។ អ្នកដឹកនាំដែលពូកែនឹងធ្វើឲ្យសមាជិកក្រុមមានអារម្មណ៍ថាពួកគេមានភាពម្ចាស់ការលើខ្លួនឯង មានទំនួលខុសត្រូវ មានគោលដៅច្បាស់លាស់ និងអាចផ្សាភ្ជាប់ខ្លួនជាមួយការងារបានយ៉ាងជិតស្និទ្ធ។
ពិតណាស់ថាគោលដៅរបស់អង្គភាពទទួលបានភាពជោគជ័យគឺអាស្រ័យលើអ្នកដឹកនាំដែលមានភាពវ័យឆ្លាតក្នុងការដឹកនាំសមាជិកក្រុមដល់កម្រិតណា។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអ្នកដឹកនាំអាចយកទៅប្រើដើម្បីធ្វើឲ្យខ្លួនឯងកាន់តែពូកែក្នុងការដឹកនាំមនុស្សឲ្យសម្រេចគោលដៅរបស់ក្រុមហ៊ុន ៖
- ចេះបែងចែកការងារ ៖ អ្នកដឹកនាំពូកែមិនមែនជាមនុស្សដែលអាចធ្វើការគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់ទេ។ ពួកគេចេះចែកទំនួលខុសត្រូវការងារឲ្យសមាជិកធ្វើទៅតាមសមត្ថភាពបំពេញការងាររបស់ពួកគេរៀងៗខ្លួន។ គេធ្វើឲ្យសមាជិកម្នាក់ៗសុទ្ធតែមានឱកាសក្នុងការជួយឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខ។ គេថែមទាំងដឹងទៀតថាមនុស្សបែបណាស័ក្តិសមជាមួយនឹងតួនាទីដូចម្តេចនៅក្នុងអង្គភាព។
- កំណត់គោលដៅ ៖ អ្នកដឹកនាំដឹងយ៉ាងច្បាស់ពីគោលដៅនិងគោលបំណងរបស់ស្ថាប័នរបស់គេ។ ពួកគេនឹងផ្សព្វផ្សាយដល់បុគ្គលិកនៅក្រុមហ៊ុនទាំងអស់បានដឹងគ្រប់គ្នាពីគោលដៅពិតប្រាកដរបស់ក្រុមហ៊ុនដើម្បីឲ្យពួកគេមានគោលដៅរួមតែមួយក្នុងការធ្វើការ។
- ទំនាក់ទំនង ៖ អ្នកដឹកនាំត្រូវប៉ិនប្រសប់ក្នុងការទាក់ទងមនុស្សមិនថាជាមួយអ្នកនៅក្នុងក្រុមហ៊ុនឬនៅក្រៅក្រុមហ៊ុននោះទេ។ បើសិនជាក្រុមហ៊ុនរបស់អ្នកជាក្រុមហ៊ុនធំវាប្រហែលជាពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកគ្រប់គ្នា តែយ៉ាងហោចណាស់អ្នកត្រូវប្រាកដថាបុគ្គលិកទាំងអស់សុទ្ធតែទទួលបានពត៌មានគ្រប់គ្រាន់ដើម្បីធ្វើការឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព។
- មានពេលឲ្យបុគ្គលិក ៖ វាជាប្រការដែលសំខាន់ព្រោះថាអ្នកដឹកនាំជាទីពឹងដ៏ល្អសម្រាប់សមាជិកក្រុមជាពិសេសនៅពេលដែលគេជួបប្រទះបញ្ហា។ ហេតុនេះហើយនៅពេលដែលបុគ្គលិកត្រូវការអ្នកដើម្បីប្រឹក្សាយោបល់ ដោះស្រាយបញ្ហា ឬប្រាប់អ្នកពីតម្រូវការរបស់គេ អ្នកត្រូវឆ្លៀតពេលរបស់អ្នកឲ្យពួកគេ។ ការធ្វើបែបនេះមានន័យថាអ្នកបានឲ្យតម្លៃខ្ពស់ចំពោះបុគ្គលិក។
- លើកទឹកចិត្តអ្នកដទៃ ៖ ការលើកទឹកចិត្តជាវិធីសាស្ត្រមួយដ៏ល្អដើម្បីបង្ហាញថាអ្នកជាគម្រូមួយដ៏ប្រសើរ។ កាលណាអ្នកចេះជួយលើកទឹកចិត្តគេគឺស្មើនឹងអ្នកកំពុងជម្រុញផលិតភាពការងាររបស់បុគ្គលិកឬសមាជិកក្រុមនោះដូចគ្នា។ អ្នកដឹកនាំពូកែគឺមានសមត្ថភាពច្នៃប្រឌិតខ្ពស់ក្នុងការស្វះស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីឲ្យសមាជិកក្រុមមានកម្លាំងនិងឆន្ទៈមោះមុតបំពេញការងារ។
- ផ្តល់រង្វាន់ ៖ កាលណាតែបុគ្គលិកខិតខំប្រឹងប្រែងធ្វើការពួកគេគឺស័ក្តិសមនឹងទទួលបានការសរសើរនិងរង្វាន់លើកទឹកចិត្ត។ វាជារឿងគួរឲ្យសោកស្ដាយដែលចៅហ្វាយនាយខ្លះមិនបានកត់សម្គាល់ពីការខិតខំធ្វើការរបស់បុគ្គលិកឡើយ។ ដូច្នេះអ្នកដឹកនាំគួររកវិធីណាដែលអាចផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកបាន។
- មានជំនាញដោះស្រាយបញ្ហា ៖ អ្នកដឹកនាំពូកែមិនងាយនឹងដួលដោយសារតែហានិភ័យឬបញ្ហានោះឡើយ។ ពួកគេប៉ិនប្រសប់ក្នុងការដោះស្រាយនិងបន្ធូរបន្ថយបញ្ហាមិនឲ្យធំរីករាលដាលឬបំបាត់ចោលតែម្តង។ គេមានទំនុកចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ គ្មានភាពភ័យខ្លាច និងហ៊ានប្រថុយជាមួយហានិភ័យ។ ជាពិសេសនៅពេលដែលគេជួបបញ្ហាគេមិនដែលរាថយឬរត់គេចទេ គេតែងរកមើលឫសគល់នៃបញ្ហា ដោះស្រាយវា និងរៀនសូត្រពីបញ្ហានោះ។
- ឆ្លើយតបជាមួយនឹងតម្រូវការក្រុម ៖ នៅពេលអ្នកដឹងថាម្នាក់ៗត្រូវការអ្វីនោះពីអ្នកនឹងដឹកនាំគេងាយស្រួលដោយបំពេញតាមតម្រូវការរបស់គេ។ អ្នកត្រូវឈ្វេងយល់ដោយខ្លួនឯងថាបុគ្គលម្នាក់ៗចង់បានអ្នកដឹកនាំក្រុមជាមនុស្សបែបណា។
- មានភាពស្មោះត្រង់ ៖ មិនថាជាការបំពេញការងារឬជីវិតប្រចាំថ្ងៃទេ ភាពស្មោះត្រង់ត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង។ ជាពិសេសក្នុងនាមអ្នកជាអ្នកដឹកនាំអ្នកត្រូវមានភាពស្មោះត្រង់ជាចាំបាច់។ អ្នកត្រូវប្រតិបត្តិចំពោះមនុស្សគ្រប់គ្នាប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង មិនលាក់លៀម និងអនុវត្តចំពោះបុគ្គលិកស្មើៗគ្នា។
- កុំតឹងតែងពេក ៖ ការដែលអ្នកបញ្ជាឲ្យបុគ្គលិកថាការងារត្រូវតែរួចរាល់ ប្រាក់ចំណេញត្រូវតែបាន ភាគរយនៃការលក់ត្រូវតែកើនជាដើមវាស្មើនឹងការដាក់សម្ពាធឲ្យបុគ្គលិកដូចគ្នា។ ជួនកាលបើអ្នកធ្វើដូចច្នេះវានឹងជះឥទ្ធិពលមិនល្អឲ្យបុគ្គលិកវិញទេ។ វានឹងធ្វើឲ្យគេមិនមានទឹកចិត្តធ្វើការងារឲ្យបានល្អតែបែរជាធ្វើការឲ្យតែបានៗទៅវិញ។ អ្នកត្រូវធ្វើឲ្យគេមានអារម្មណ៍ថាពួកគេមានសិទ្ធិសេរីភាពក្នុងការធ្វើការតាមវិធីរបស់គេ ហ៊ានប្រថុយជាមួយហានិភ័យដោយមិនមានការដាក់ទោស អាចនិយាយការពិត និងអាចបញ្ចេញមតិយោបល់បាន។ ជាពិសេសអ្នកត្រូវធ្វើឲ្យបុគ្គលិកមានភាពជឿជាក់ថាកន្លែងធ្វើការរបស់គេជាកន្លែងដែលគួរឲ្យចង់មកនិងមិនសោះកក្រោះ។
- ស្ទាបស្ទង់ពីចំណុចខ្សោយរបស់ខ្លួន ៖ ដូចដែលយើងបានលើកឡើងខាងលើថាអ្នកដឹកនាំមិនមែនជាមនុស្សដែលពូកែកិច្ចការគ្រប់យ៉ាងទេ។ វាមិនប្លែកឡើយថាមនុស្សយើងនៅមានចំណុចខ្វះខាតឬចំនុចខ្សោយនោះឯង។ ជាការពិតការដឹងពីចំណុចខ្វះខាតរបស់អ្នកទៅលើជំនាញណាមួយនឹងជួយឲ្យអ្នកអាចបែងចែកការងារទៅកាន់មនុស្សដែលមានសមត្ថភាពផ្នែកនោះទៅធ្វើវា។
- សាកល្បងការយល់ឃើញរបស់អ្នកដទៃមកលើអ្នក ៖ អ្នកត្រូវបង្កើតបរិយាកាសការងារដែលមានភាពស្មោះត្រង់និងបើកទូលាយឲ្យម្នាក់ៗអាចនិយាយពីទស្សនៈរបស់គេចំពោះការគ្រប់គ្រងឬការដឹកនាំរបស់អ្នក។ វាជាឱកាសដែលអាចឲ្យអ្នកដឹងថាសមាជិកក្រុមរបស់អ្នកមានអារម្មណ៍ប្រសើរទេពេលធ្វើការជាមួយអ្នក ដឹងពីគុណភាពនៃការដឹកនាំរបស់អ្នក និងចំណុចណាខ្លះដែលអ្នកគួរពង្រឹងបន្ថែម។