spot_img
spot_img
Homeធុរកិច្ចចង់បើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន តើត្រូវធ្វើដូចម្ដេច?

ចង់បើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន តើត្រូវធ្វើដូចម្ដេច?

-

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាអ្នកជំនួយលើវិស័យកសិកម្មដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺជាក្រុមហ៊ុនកណ្ដាល ដែលផ្ដោតខ្លាំងលើកសិ-ឧស្សាហកម្មធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង 5 ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីមុខជំនួញមួយនេះ អ្នកឧកញ៉ាក៏មានជំនួញជាច្រើនទៀតដែរ ដូចជា៖

  • ក្រុមហ៊ុន សំណង់ក្មេងវត្ត
  • ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា
  • ក្រុមហ៊ុន កំពង់ផែ ឧកញ៉ា ម៉ុង
  • ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា)
  • ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា)
  • ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន
  • ក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល
  • ក្រុមហ៊ុន Yamamoto Circuit Cambodia
  • ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទះ​លំហែកាយ​ម៉ុង ឫទ្ធី សែនជ័យ

គួរបញ្ជាក់ផងដែរថា ទម្រាំទទួលបានភាពជោគជ័យរហូតមកទល់សព្វថ្ងៃនេះ អ្នកឧកញ៉ាបានតស៊ូយ៉ាងខ្លាំង ពីព្រោះអ្នកឧកញ៉ាជាកូនអ្នកក្រីក្រមួយរូប ដោយព្យាយាមរហូតអាចបង្កើតមុខជំនួញដ៏មានសក្ដានុពលជាខ្លាំងនៅកម្ពុជា ព្រមទាំងជួយបណ្ដុះអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពខ្លាំងដោយអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅក្នុងវិស័យកសិកម្ម និងជួយអ្នកក្រលំបាកជាច្រើននៅកម្ពុជា។

ឆ្លងតាមប្រសាសន៍ផ្ទាល់របស់អ្នកឧកញ៉ានៅក្នុងបទសម្ភាសន៍មួយ លោកបានបង្ហាញគន្លឹះ 2 សម្រាប់អ្នកដែលចង់ចាប់ផ្ដើមបើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន ដើម្បីគិតពិចារណាបន្ថែមទៀត។

1. កសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យល្អ ដើម្បីបង្កើតជំនឿជឿជាក់ដល់អ្នកដទៃ

គ្រប់អ្នករកស៊ីទាំងអស់ សុទ្ធតែមានបញ្ហាខ្វះដើមទុន ពីព្រោះការចាប់ផ្ដើមដំបូង មិនអាចមានទុនគ្រប់គ្រាន់បានឡើយ ប៉ុន្តែជាដំណោះស្រាយត្រង់ចំណុចនេះ គឺអ្នកខ្លួនឯងត្រូវតែពង្រឹងសមត្ថភាព ភាពប៉ិនប្រសប់ កសាងកេរ្តិ៍ឈ្មោះ កិត្តិយសឱ្យបានល្អ និងមានជំនឿលើខ្លួនឯង ដើម្បីបង្ហាញដល់អ្នកពាក់ព័ន្ធឱ្យជឿទុកចិត្តលើអ្នកបាន។

នៅពេលដែលយើងអាចធ្វើឱ្យគេមានទំនុកចិត្តបាន នោះយើងក៏អាចសុំជំនួយ ឬជំពាក់ ឬសុំការវិនិយោគបានយ៉ាងងាយស្រួល។ លើសពីនេះ យើងក៏អាចរកស៊ី ដោយមិនចាំបាច់ប្រើដើមទុនទៀតផង ដោយគ្រាន់តែប្រើសមត្ថភាព ចំណេះជំនាញផ្ទាល់ខ្លួន ដើម្បីប្រកបមុខរបរ បន្ទាប់មក អាចសងដើមទៅកាន់ភាគីម្ខាងទៀតនៅពេលដែលអ្នកទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញ។

2. មានជំនាញច្បាស់លាស់

មុននឹងអាចរកស៊ីបាន សូមឆ្លើយសំណួរខាងក្រោម៖

  • តើអ្នកចង់រកស៊ីលើវិស័យអ្វី?
  • តើវិស័យនោះ អ្នកយល់ច្បាស់ដែរឬទេ?
  • តើជំនាញរបស់អ្នកបច្ចុប្បន្ននេះ មានភាពពិតប្រាកដដែរឬទេ?

ជារួមមក ចំណុចនេះ ចង់បង្ហាញថា បើអ្នកពិតជាចង់រកស៊ីមែន ជំហានដំបូងត្រូវរៀនទាំងក្នុងសាលា និងរៀនពីភាពជាក់ស្ដែងជាមុនសិន ដើម្បីធ្វើឱ្យសមត្ថភាព ចំណេះជំនាញរបស់ខ្លួនលើវិស័យ ឬមុខរបរណាមួយដែលអ្នកចង់រកស៊ីនោះឱ្យមានភាពស្ទាត់ជំនាញនិងច្បាស់លាស់ជាមុនសិន។ ឧទាហរណ៍៖ បើអ្នកចង់រកស៊ីដាំស្វាយ ដូច្នេះអ្នកត្រូវតែរៀនអំពីស្វាយឱ្យចេះស្ទាត់សិន ដូចជាស្គាល់ពីប្រភេទស្វាយ របៀបដាំឱ្យបានត្រឹមត្រូវ និងរបៀបថែទាំឱ្យបានល្អជាដើម។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ