នៅពេលបុគ្គលិកសប្បាយចិត្តនឹងការងារ ពួកគេយកចិត្តទុកដាក់ជាមួយអតិថិជន ហើយនៅពេលអតិថិជនពេញចិត្ត វាធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន។ អាជីវកម្មគ្រប់ធុនតែងប្រាថ្នាឲ្យមានបុគ្គលិកដែលប្រើប្រាស់ជំនាញរបស់ខ្លួនយ៉ាងពេញទំហឹង មានការចុះសម្រុងគ្នា និងបង្កើតបរិយាកាសល្អៗជាមួយគ្នា ប៉ុន្តែសំណួរសួរថា តើអ្នកធ្វើយ៉ាងណាដើម្បីឲ្យមានបរិយាកាសការងារជោគជ័យ?
១. ទទួលស្គាល់សារៈសំខាន់នៃភាពរីករាយ
ភាពសប្បាយផ្តល់ភាពវិជ្ជមានដល់អាជីវកម្ម អតិថិជន និងបុគ្គលិកព្រោះភាពសប្បាយមានន័យថា មានថាមពល កម្លាំងចិត្តក្នុងការបំពេញការងារនៅក្នុងដៃ។ នៅពេលដែលអ្នកទទួលបានសមិទ្ធផលអ្វីមួយជាមួយមិត្តរួមក្រុម អ្នកអាចធ្វើការសាទរបន្តិចបន្តួចដូចជាការជប់លៀងឬដំណើរកម្សាន្តជាដើម។ ថ្វីត្បិតតែវាគ្រាន់តែជារឿងតិចតួច ប៉ុន្តែវាធ្វើឲ្យមានភាពខុសប្លែកពីពេលមុនព្រោះវាបណ្តាលឲ្យអ្នកទាំងអស់គ្នាកាន់តែស្និទ្ធស្នាល។
២. ផ្តល់តម្លៃឲ្យបុគ្គលិកអ្នក
ជាទូទៅ ក្នុងក្រុមមួយតែងតែមានអ្នកដែលអៀនច្រើននិងលាក់ខ្លួនឯងពីចំណោមមនុស្ស។ ដូចនេះអ្នកគួរតែចាត់ទុកពួកគេស្មើៗគ្នាដោយធ្វើការប្រាស្រ័យទាក់ទងជាមួយពួកគេជាលក្ខណៈបើកទូលាយនិងស្មោះត្រង់។ លើសពីនេះអ្នកអាចបង្ហាញពួកគេពីចំណុចល្អនិងអាក្រក់របស់ពួកគេព្រមទាំងឲ្យពួកគេដឹងថាអ្នករង់ចាំភាពជោគជ័យរបស់គេនិងតែងតែលើកទឹកចិត្តគេឲ្យមានជំនឿចិត្ត ទំនុកចិត្ត ព្រោះវាអាចឲ្យពួកគេប្រឹងប្រែងបំពេញការងាររឹតតែសកម្ម។
៣. ផ្តល់ចំណេះដឹងបន្ថែម
អ្នកដឹកនាំត្រូវការការលើកទឹកចិត្តបុគ្គលិកឲ្យដើរផ្លូវដែលជាលក្ខណៈផ្ទាល់ខ្លួននិងមានការរីកចម្រើនជាវិជ្ជាជីវៈ។ អ្នកគួរចំណាយលុយខ្លះឲ្យសមាជិកក្រុមចូលរូមកម្មវិធីដូចជា វគ្គបណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍នានាជាដើម។