ការបកស្រាយពាក្យថា “ទំនួលខុសត្រូវ”គឺងាយ ប៉ុន្តែការលំបាកនោះគឺការប្រាប់បុគ្គលិករបស់អ្នកថាតើពួកគាត់គួរមានទំនួលខុសត្រូវបែបណាហើយវាក៏កាន់តែលំបាកចំពោះការធ្វើឲ្យពួកគាត់មានទំនួលខុសត្រូវ ។ ជាពិសេសគឺនៅពេលដែលអ្នកដឹកនាំក្រុមភ្លេចថាគាត់គឺជាគម្រូក្នុងការបង្ហាញពីភាពមានទំនួលខុសត្រូវ។ គាត់ក៏មិនបានត្រិះរិះពិចារណាអំពីអាកប្បកិរិយារបស់គាត់។ ហេតុនេះគាត់នឹងមិនអាចទទួលបានមកវិញនូវការមានទំនួលខុសត្រូវរបស់បុគ្គលិកគាត់ដូចគ្នា។ អ្នកត្រូវចំាថាទំនួលខុសត្រូវជាផ្នែកមួយនៃបរិយាកាសក្រុមហ៊ុនដែលទាមទារឲ្យមានការយកចិត្តទុកដាក់។ ខាងក្រោមនេះ គឺសហគ្រិនបានបកស្រាយពីទំនួលខុសត្រូវដែលបុគ្គលិកគួរតែមាននិងជំហានដែលបុគ្គលិកគួរប្រព្រឹត្ត៖
ទី១ ហ៊ានស្ម័គ្រចិត្តបង្ហាញពីអ្វីដែលត្រូវធ្វើ៖ យើងទាំងអស់គ្នាតែងតែឃើញក្រុមហ៊ុនមួយចំនួនមានបញ្ហាដដែលៗកើតឡើងហើយគ្មានបុគ្គលិកឬអ្នកគ្រប់គ្រងណាលើកពីដំណោះស្រាយនៃបញ្ហានោះឡើងឡើយ។ ទង្វើបែបនេះអាចធ្វើឲ្យអាជីវកម្មរបស់អ្នកមានបញ្ហានៅថ្ងៃមុខ។ បើសិនជាអ្នកចង់ឲ្យគាត់ចេះមានទំនួលខុសត្រូវនៅពេលមានបញ្ហាកើតឡើង អ្នកអាចលើកជាអង្គប្រជុំពិភាក្សានិងសាកសួរបុគ្គលិកទាក់ទងនឹងមធ្យោបាយដើម្បីដោះស្រាយបញ្ហាទាំងនោះ។
ទី២ ទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ៖ បុគ្គលិកមួយចំនួននៅពេលដែលគាត់ធ្វើខុសគាត់តែងតែចង្អុលដាក់អ្នកដទៃជាជាងទទួលស្គាល់កំហុសរបស់ខ្លួនឬក៏គាត់បែរជាដោះសារថានេះមិនមែនជាភារកិច្ចរបស់គាត់ជាដើម។ ហេតុនេះក្នុងនាមយើងជាអ្នកដឹកនាំយើងត្រូវធ្វើជាគម្រូល្អដោយបង្ហាញគាត់ថាការដោះស្រាយបញ្ហាជូនអតិថិជនឬបញ្ហាដែលកើតមាននៅក្នុងស្ថាប័នជាការស្វះស្វែងរកដំណោះស្រាយរួមមិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់។
ទី៣ សម្រេចចិត្តឲ្យមានភាពវិជ្ជមាន៖ បុគ្គលិកភាគច្រើនតែងតែមិនហ៊ានបង្ហាញពីការសម្រេចចិត្តឬបញ្ចេញមតិព្រោះគាត់គិតថាខ្លួនគាត់មិនបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ ចំណេះដឹងនៅទាប ឬមិនសូវមានបទពិសោធន៍ជាដើម។ វាគឺជាផ្នែកមួយនៃទំនួលខុសត្រូវរបស់ក្រុមហ៊ុនដូចគ្នា។ អ្នកត្រូវធ្វើឲ្យយ៉ាងណាដើម្បីឲ្យបុគ្គលិករបស់អ្នកមានភាពក្លាហាន ជាជាងធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាគាត់អន់ជាងអ្នកដទៃ។
ទី៤ គិតឲ្យបានស៊ីជម្រៅពីផលវិបាកទាំងឡាយមុននឹងធ្វើការសម្រេចចិត្ត៖ តើអ្នកដោះស្រាយបញ្ហាឲ្យអស់ពីចិត្តរបស់អ្នកដើម្បីក្រុមហ៊ុនឬអ្នកគ្រាន់តែធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួន? តើអ្នករកដំណោះស្រាយយូរអង្វែងសម្រាប់អតិថិជននិងស្ថាប័នឬគ្រាន់តែរកដំណោះស្រាយឲ្យរួចមួយគ្រាៗហើយថ្ងៃក្រោយអាចនឹងមានរឿងដដែលកើតឡើងវិញ? ដូចនេះគិតឲ្យច្បាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។
ទី៥ មានការរំពឹងខ្ពស់ពីខ្លួនអ្នកនិងក្រុមរបស់អ្នក៖ នៅពេលដែលអ្នកមានការប្តេជ្ញាខ្ពស់ ទោះបីជាអ្នកមិនអាចជួយបុគ្គលិករបស់អ្នកក៏ដោយប៉ុន្តែវាបានជួយជម្រុញកម្លាំងចិត្តដល់ពួកគាត់ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកព្យាយាមរក្សាឆន្ទៈដ៏រឹងមាំរបស់ខ្លួននិងប្រាប់ទៅកាន់បុគ្គលិកថាអ្នកបានផ្ញើក្តីសង្ឃឹមទុកនៅនឹងពួកគេនោះគេប្រាកដជាខំប្រឹងមិនឲ្យអ្នកអស់សង្ឃឹមទេ។