spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ តើត្រូវដឹងអ្វីខ្លះ?

ដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ តើត្រូវដឹងអ្វីខ្លះ?

-

ការធ្វើទីផ្សារនៅក្នុងអាជីវកម្ម ជារឿងមួយដែលម្ចាស់អាជីកម្មត្រូវគិត និងមិនអាចមើលរំលងបានឡើយ ពីព្រោះការធ្វើទីផ្សារមានសារៈសំខាន់ដូចជា៖

  • ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញចិត្តអតិថិជនសក្ដានុពល
  • ជួយកសាង និងរក្សាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន
  • ជួយបង្កើតទំនាក់ទំនងរវាងអាជីវកម្ម និងអតិថិជនរបស់ខ្លួន
  • ជួយផ្ដល់ជាដំណឹងសំខាន់ៗជូនដល់អតិថិជន
  • ជួយជំរុញការលក់ឱ្យកាន់តែខ្លាំង
  • ជំនួយក្នុងការផ្តល់ការយល់ដឹងអំពីអាជីវកម្មរបស់អ្នក
  • ជួយអាជីវកម្មរបស់អ្នកឱ្យរក្សាភាពពាក់ព័ន្ធសំខាន់ៗ
  • បង្កើតជម្រើសប្រាក់ចំណូលបានកាន់តែច្រើន

ទោះបីជាការធ្វើទីផ្សារមានសារៈសំខាន់ខ្លាំងបែបនេះក៏ដោយ ប៉ុន្តែដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ ម្ចាស់អាជីវកម្មត្រូវដឹងអ្វីខ្លះ? ខាងក្រោមនេះ នឹងបង្ហាញជូនអ្នក៖

1. ការស្រាវជ្រាវទីផ្សារ

ការស្រាវជ្រាវទីផ្សារ គឺជាផ្នែកសំខាន់នៃការធ្វើយុទ្ធសាស្រ្តទីផ្សារក្នុងអាជីវកម្មរបស់អ្នក ពីព្រោះវាជាការប្រមូលព័ត៌មានដែលផ្តល់នូ​វការយល់ដឹងពីអតិថិជនរបស់អ្នកទាំងការគិត ដំណើរការនៃការទិញ និងទីតាំង។ លើសពីនេះ ការស្រាវជ្រាវទីផ្សារ ក៏អាចជួយអ្នកឱ្យធ្វើការព្យាករណ៍ការលក់ដំបូង តាមដាននិន្នាការទីផ្សារ និងតាមដាននូវអ្វីដែលគូប្រកួតប្រជែងរបស់អ្នកកំពុងធ្វើដែរ។

2. ការកំណត់ទីផ្សារគោលដៅ

ការកំណត់ទីផ្សារគោលដៅ ជាការកំណត់ក្រុមមនុស្សដែលជាអតិថិជនសក្ដានុពលនៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីងាយស្រួលធ្វើទីផ្សារឱ្យចំគោលដៅដែលចង់បាន ដោយមិនចាំបាច់ត្រូវផ្សព្វផ្សាយអំពីផលិតផលសេវាកម្មរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាឡើយ។

ការកំណត់អតិថិជនគោលដៅឱ្យបានត្រឹមត្រូវ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  • ភូមិសាស្ត្រ៖ សំដៅលើការសិក្សាស្វែងរកទីតាំងរស់នៅ​ និងកន្លែងធ្វើការ ដែលអតិថិជនសក្ដានុពលរបស់អ្នកកំពុងស្ថិតនៅច្រើនជាងគេ។
  • ប្រជាសាស្រ្ត៖ សំដៅលើការកំណត់ភេទស្រី/ប្រុស អាយុ កម្រិតនៃការអប់រំ មុខរបរ និងប្រាក់ចំណូលរបស់អតិថិជនសក្ដានុពលដែលអ្នកចង់បាន។
  • អាកប្បកិរិយា៖ សំដៅលើការឈ្វេងយល់អំពីមូលហេតុចម្បងដែលអតិថិជនរបស់អ្នកប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក យល់ពីអ្វីដែលទាក់ទាញអតិថិជនអំពីម៉ាកយីហោជាក់លាក់របស់អ្នក យល់ពីអ្វីដែលជាអត្រាប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក យល់ពីប្រភពទីកន្លែងដែលភាគច្រើនអតិថិជនរបស់អ្នកប្រើប្រាស់ហើយអាចទទួលបាន ឬមើលឃើញអំពីការផ្សព្វផ្សាយផលិតផលសេវាកម្មរបស់អ្នក។ល។
  • របៀបរស់នៅ និងគុណតម្លៃ៖ សំដៅលើការឈ្វេងយល់អំពីស្ថានភាពរស់នៅ គុណតម្លៃក្នុងជីវិត ចំណង់ចំណូលចិត្ត ការចាប់អារម្មណ៍ និងស្ថានភាពគ្រួសារ (លីវឬមានគ្រួសារ)របស់អតិថិជនសក្ដានុពលរបស់អ្នក។
3. ស្គាល់អាជីវកម្មរបស់ខ្លួនឯងច្បាស់

ដើម្បីអាចធ្វើទីផ្សារឱ្យបានកាន់តែល្អ នៅក្នុងចំណុចនេះអ្នកត្រូវតែស្គាល់ឱ្យបានច្បាស់ថា តើអាជីវកម្មរបស់អ្នកជាប្រភេទអ្វី? ផ្ដោតលក់លើអ្វី? ហើយអ្នកចង់បានអ្វីពីការលក់របស់អ្នក? អតិថិជនជានរណា? ដៃគូប្រកួតប្រជែងមានកន្លែងណាខ្លះ? អ្វីជាផែនការអាជីវកម្មរបស់ក្រុមហ៊ុនរបស់អ្នក? ស្គាល់ពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់អាជីវកម្មរបស់ខ្លួនឯង? បន្ថែមពីនេះ ត្រូវដឹងថា អ្វីជាទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនបានច្បាស់?

បន្ទាប់ពីស្គាល់ច្បាស់ពីអាជីវកម្មរបស់ខ្លួនឯង នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារ និងដឹងយ៉ាងច្បាស់អំពីគោលបំណងដែលអ្នកចង់ទទួលបានច្បាស់លាស់ ហើយក៏ងាយស្រួលក្នុងការធ្វើផែនការទីផ្សារឱ្យចំគោលដៅ ព្រមទាំងអាចកំណត់កញ្ចប់ថវិកាបានត្រឹមត្រូវ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ