Home អភិវឌ្ឍន៍ខ្លួនឯង ដំណើរការទាំង៧ជំហានក្នុងការកំណត់​ និងសម្រេចគោលដៅ

ដំណើរការទាំង៧ជំហានក្នុងការកំណត់​ និងសម្រេចគោលដៅ

0
ដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ

អ្វីទៅជាគោលដៅ?​ ហើយហេតុអ្វីបានជាយើងត្រូវតែមានគោលដៅ?

គោលដៅគឺជាចំណុចបង្គោលមួយដែលជួយចង្អុលបង្ហាញពីទីកន្លែងដែលអ្នកចង់ទៅ និង ចង់ធ្វើ។ ការដែលមានគោលដៅនិងផែនការច្បាស់លាស់ វានឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យ និង វឌ្ឍនភាព។អ្វីដែលពិសេសនោះគឺ អ្នកត្រូវតែបែងចែកឲ្យដាច់រវាងការកំណត់គោលដៅការសម្រេចគោលដៅ ហើយត្រូវប្ដេជា្ញចិត្តឲ្យមុតមាំដើម្បីអនុវត្តគោលដៅរបស់អ្នកឲ្យក្លាយជាការពិត។ ខាងក្រោមនេះគឺជាដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ៖

១ រកមើលឲ្យឃើញពីគោលដៅរបស់អ្នក

អ្នកគួរតែបង្កើតនូវក្ដីស្រមៃមួយដែលធ្វើឲ្យអ្នកមានភាពរីករាយ​និងមានមោទនភាពជាមួយនឹងក្ដីស្រមៃមួយនេះ និងមានបំណងចង់សម្រេចវាឲ្យបានជោគជ័យនាពេលខាងមុខ។ ដើម្បីឲ្យមានភាពច្បាស់លាស់ជាមួយនឹងគោលដៅរបស់អ្នក អ្នកត្រូវតែសរសេរចុះនូវគោលដៅ និងសកម្មភាពផ្សេងៗដែលត្រូវធ្វើដាក់នៅលើក្រដាស។ កាលណាដែលអ្នកមានភាពច្បាស់លាស់ចំពោះគោលដៅ នោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពជឿជាក់ និង ទុកចិត្តមកលើខ្លួនឯងក្នុងការសម្រេចវា។

បន្ទាប់ពីការសរសេរគោលដៅនៅលើក្រដាសរួចហើយអ្នកត្រូវតែរកកន្លែងណាដែលអ្នកតែងតែចេញចូលឃើញវារាល់ថ្ងៃ ព្រោះវាជាវិធីមួយដែលអាចរំឮកពីផែនការដែលអ្នកត្រូវតែសម្រេចឲ្យបាន។ ម្យ៉ាងទៀត អ្នកត្រូវបែងចែកឲ្យដាច់រវាងតម្រូវការ និង ភាពចង់បានរបស់អ្នក។ សេចក្ដីចង់បាន វាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ចិត្តដើម្បីបំពេញនូវភាពឡូយឆាយ និង សេចក្ដីពេញចិត្តរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែ តម្រូវការ គឺមានភាពចាំបាច់ដែលអ្នកត្រូវតែធ្វើវាដោយមិនអាចខកខានបានឡើយ។ ដូចនេះត្រូវដាក់សកម្មភាពគោលដៅរបស់អ្នកឲ្យបានច្បាស់ ហើយសម្រេចវាឲ្យបានជោគជ័យ។

២ ការបែងចែកនូវគោលដៅ

ការប្រកួតប្រជែងដ៏ធំបំផុតរបស់មនុស្សដែលតែងតែប្រឈមមុខ គឺ ការបង្ខំ។ ពួកគេតែងតែមើលពីបច្ចុប្បន្ន និង អនាគតភាពរបស់ខ្លួនឯង ហើយចាប់ផ្ដើម បង្ខំខ្លួនឯងឲ្យសម្រេចគោលដៅនោះឲ្យបានឆាប់ៗ ដោយគ្មានការគ្រោងទុកនូវសកម្មភាព និង ផែនការច្បាស់លាស់។ អ្នកត្រូវតែ បង្កើតគោលដៅឲ្យធំ រួចដាក់ចេញជាសកម្មភាពតូចៗ ធ្វើវាម្ដងបន្តិចៗ ម្ដងមួយជំហានៗ ដើម្បីឲ្យគោលដៅអ្នកទទួលបាននូវភាពជោគជ័យ និងស្ថិតស្ថេរ។ ជំហានដំបូងអ្នកត្រូវចាប់ផ្ដើមគឺអានសង្ខេបឡើងវិញនូវ គោលដៅ និង ពេលវេលាដែលអ្នកចង់សម្រេចវាឲ្យបានជោគជ័យ។ជំហានបន្ទាប់គឺ អ្នកត្រូវកំណត់ថាអ្នកត្រូវវាស់ស្ទង់វាយ៉ាងដូចម្ដេច?តាមរយៈសួរខ្លួនឯងថា​ ” តើខ្ញុំនឹងក្លាយទៅជាអ្វីនៅឆ្នាំក្រោយនេះ?”ឬ “ តើខ្ញុំអាចពង្រឹងនូវភាពក្លាហានរបស់ខ្ញុំតាមវិធីណា?”។ការវាស់ស្ទង់នេះជួយអ្នកក្នុងការគណនានូវពេវេលាដែលអ្នកត្រូវសម្រេចវា។

៣ ការជ្រើសរើសនូវសកម្មភាពបន្ទាប់

បន្ទាប់ពីការសរសេរគោលដៅដែលកំណត់ថាត្រូវធ្វើនៅក្នុងក្រដាសហើយ សកម្មភាពបន្តគឺ ស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន រួមមាន គ្រួសារ មិត្តភិក្ត មិត្តរួមការងារ ឬសាស្ត្រាចារ្យដែលមានជំនាញជាក់លាក់ជាដើម។ អ្នកត្រូវការពួកគេព្រោះ អ្នកទាំងនោះអាចបង្ហាញពីវិធីសាស្ត្រ ដំបូន្មាន គំនិត និង គន្លឹះសំខាន់ ដែលអាចធ្វើឲ្យអ្នកយល់ដឹងបានកានតែច្បាស់ និង សម្រេចវាបានកាន់តែជោគជ័យ។បន្ទាប់ពីការសួរនូវសំណួរ ឬ ស្នើសុំនូវមតិយោបល់ណាមួយពីមនុស្សដែលអ្នកគិតថាអាចជឿទុកចិត្តបានហើយ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវកត់ចំណាំ និង សរសេរចូលនូវគំនិតណាល្អៗទៅក្នុងក្រដាស ឬ សៀរភៅកត់ត្រារបស់អ្នកដើម្បីយកមកអនុវត្ត ជាសកម្មភាពជាក់ស្ដែង។

៤ ការប្រព្រឹត្តទៅកាន់អ្នកដ៏ទៃ

សំដៅទៅលើអ្វីដែលអ្នកបានសន្យានឹងនរណាម្នាក់ថានឹងត្រូវសម្រេចការងារនោះឲ្យបានទោះជាលំបាកនឿយហត់យ៉ាងណាក៏ដោយ។ ហើយប្រភេទមនុស្សទាំងអស់នោះគឺជាអ្នកដែលធ្វើឲ្យអ្នកសម្រេចនូវគោលអ្នកបានជោគជ័យ ដោយសារតែពួកគេមានឥទ្ធិពលមកលើអ្នក និង ជាមនុស្សដែលអ្នកគោរព ស្រលាញ់ចូលចិត្ត ព្រមទាំងមិនចង់ធ្វើឲ្យពួកគេខកចិត្តចំពោះអ្នក។

 ៥ បង្កើតនូវទំនួលខុសត្រូវ

ទំនួលខុសត្រូវពិតជាមានសារៈសំខាន់ណាស់ ព្រោះបើអ្នកខ្វះទំនួលខុសត្រូវអ្នកនឹងក្លាយជាមនុស្សអាត្មានិយម ក្លាយមនុស្សកំសាកមិនហានប្រឈមមុខនឹងបញ្ហាឡើយ ហើយអ្នកនឹងដើរចោទប្រកាន់គេថាបានធ្វើនេះបានធ្វើនោះទាំងដែលអ្នកខ្លួនឯងជាអ្នកធ្វើ ជាអ្នកបង្ក។ម្យ៉ាងវិញទៀតបើទាក់ទងនឹងគោលដៅរបស់អ្នក ឬ ក៏ការងាររបស់អ្នក អ្នកគួរតែរកនរណាម្នាក់ដើម្បីណែនាំផ្លូវដែលអ្នកត្រូវទៅ ដូចជា អ្នកបង្វឹក( coach) និង អ្នកនាំផ្លូវ (Mentor)។ អ្នកទាំងពីរនាក់នេះមិនដូចគ្នាទេ ចំពោះអ្នកនាំផ្លូវ គឺជាមនុស្សម្នាក់ដែលធ្លាប់បានសម្រេចគោលដៅដែលមានដូចអ្នក តែប៉ុណ្ណោះ។​ អ្នកអាចទៅសុំសួរពីយោបល់ឬដំបូន្មានល្អៗពីពួកគេបាន ប៉ុន្តែគេមិនអាចអង្គុយរង់ចាំជួយអ្នកបានគ្រប់ពេលនោះទេ​ព្រោះពួកគេនៅមានគោលដៅច្រើនដែលត្រូចធ្វើសម្រេចគោលដៅបន្តទៀត។ ចំណែកឯ អ្នកបង្វឹក គឺជាមនុស្សម្នាក់ដែលមានជំនាញជាក់លាក់មួយ ហើយជំនាញនោះគឺជាមុខរបររបស់គេនោះឯង។ ឧទាហរណ៍ដូចជា បើសិនជាអ្នកចង់ក្លាយជាអ្នករកស៊ីពូកែម្នាក់ នោះអ្នកត្រូវទៅរកអ្នកបង្វឹកណាដែលមានជំនាញខាងរកស៊ី ឬ បើអ្នកចង់ក្លាយជាអ្នកទីផ្សារម្នាក់ដ៏ជំនាញ អ្នកត្រូវទៅរកមនុស្សណាដែលមានជំនាញនេះ ប៉ុន្តែអ្នកត្រូវតែផ្ដល់ជាថវិកាដើម្បីធ្វើការតបស្នងវិញ។

៦ អបអរសាទរនូវភាពជោគ​​​​​​​​​​​​​​​​​​​​ជ័យរបស់អ្នក

ដើម្បីធ្វើឲ្យគោលដៅអ្នកទទួលបាននូវភាពសមប្រកប គឺពិតជាមានភាពលំបាក ហើយវា​ក៏ជារឿងធម្មតាសម្រាប់មនុស្សទៅហើយ ប៉ុន្តែរាល់ការលំបាកនោះវានឹងនាំឲ្យយើងទទួលបាននូវភាពជោគជ័យផងដែរ។ ក្នុងនោះដែរអ្នកគួរតែចេះអបអរនិងសាទរនូវអ្វីដែលអ្នកបានសម្រេច ដើម្បីធ្វើជារង្វាន់សម្រាប់លើកទឹកចិត្តដល់ខ្លួនឯង។អ្នកអាចផ្ដល់ជាកាដូរៀងរាល់១ខែម្ដង ឬ ២ខែ ដូចជាការទិញនូវសៀវភៅដែលអ្នកទន្ទឹងចង់បាន ឬ ក៏ចំណាយពេលណាមួយដើម្បីសម្រាកលំហែកាយ ឬ ទៅកន្លែងណាដែលធ្វើឲ្យអ្នកមានភាពស្រស់ស្រាយ និងពោពេញទៅដោយភាពរីករាយ  តាមរយៈការសាទរនូវភាពជោគជ័យរបស់អ្នក អ្នកនឹងធ្វើឲ្យខួរក្បាលគិតពីភាពជោគជ័យជាងភាពបរាជ័យ ព្រោះអ្នកតែងតែបង្ហាញនូវសមិទ្ធផលដែលបានសម្រេចជារឿយៗ។ម្យ៉ាងទៀតអ្នកត្រូវទទួលស្គាល់ភាពជោគជ័យតាមរយៈ ខួរក្បាល បេះដូង និង មាត់។ខួរក្បាល តំណាងឲ្យចំណេះដឹងនិងភាពវៃឆ្លាត។បេះដូង តំណាងឲ្យអារម្មណ៍ដែលអ្នកដាក់ទៅលើគោលដៅរបស់អ្នក។ចំណែកឯមាត់វិញ គឺ សំដៅទៅលើការនិយាយចែកចាយនូវសមិទ្ធផលដែលខ្លួនទទួលបានទៅកាន់អ្នកដទៃ។

៧ ការវិនិច្ឆ័យទៅលើអ្វីដែលអ្នកបានធ្វើ

បន្ទាប់ពីការអនុវត្តនូវចំនុចទាំង៦ខាងលើហើយ អ្នកត្រូវឆ្លុះបញ្ចាំងនូវសកម្មភាពដែលអ្នកបានធ្វើថាមានចន្លោះខ្វះខាតកន្លែងណាដែលត្រូវកែលម្អឬត្រូវព្យាយាមបន្ថែមទៀតដែលឬក៏អត់។ ដូចនេះអ្នកត្រូវពិនិត្យមើលទៅលើសមត្ថភាពខ្លួនឯង និងអ្វីដែលអ្នកបានសម្រេច ចំពោះគោលដៅដែលអ្នកបានកំណត់ ព្រោះពេលដែលអ្នកពិនិត្យពិច្ច័យ និង វិនិច្ឆ័យទៅលើអ្វីដែលអ្នកបានធ្វើ វានឹងឲ្យអ្នកដឹងពីលទ្ធផលនៃការខិតខំប្រឹងប្រែង ព្រមទាំងភាពអត់ធ្មត់ដែលអ្នកបានចំណាយជាមួយនឹងការសម្រេចគោលដៅរបស់អ្នក។

ជាចុងបញ្ចប់អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់ រួចកំណត់ពីជំហានដែលត្រូវធ្វើ មានការចាត់ចែងពេលវេលាឲ្យច្បាស់លាស់ មានភាពអត់ធ្មត់ចំពោះវា កុំបង្ខំព្រោះអ្នកនឹងត្រូវខាតបង់បើអ្នកមិនអាចបញ្ឈប់នូវភាពតក់ក្រហល់បាន ចុងក្រោយគឺដល់ពេលដែលត្រូវសម្រេចវាដើម្បីក្ដីស្រម៉ៃរបស់អ្នក។