មនុស្សម្នាក់ៗតែងតែមានចំណង់ចំណូលចិត្ត និងមានជំនាញខុសៗគ្នា។ ហេតុនេះហើយ គឺមានតែអ្នកទេដែលអាចកំណត់គោលដៅខ្លួនឯង ថាតើអ្នកគួរជ្រើសយកជំនាញមួយណាសម្រាប់ថ្នាក់បរិញ្ញាប័ត្ររបស់អ្នក។ តែប្រសិនបើអ្នកចាប់អារម្មណ៍មុខជំនាញវិស្វកម្ម សម្រាប់ថ្នាក់បរិញ្ញាប័ត្ររបស់អ្នក ហើយចង់ដឹងថា តើអ្នកស័ក្តសមនឹងវាដែរឬទេនោះ គន្លឹះមួយចំនួនខាងក្រោមនះអាចជាមគ្គុទេសនាំផ្លូវក្នុងការសម្រចេចិត្តរបស់អ្នកបាន។
១- អ្នកត្រូវប្រាកដថា អ្នកស្រលាញ់ និងចូលចិត្តមុខជំនាញនេះ។ អ្នកនឹងឆាប់រីកចម្រើន និងទទួលបានជោគជ័យប្រសិនបើការងារដែលអ្នកកំពុងធ្វើគឺជាចំណង់ចំណូលចិត្តនិងក្តីស្រម៉ៃរបស់អ្នក។ អ្នកមិនគួរជ្រើសរើសមុខជំនាញវិស្វកម្មដោយសារតែមុខជំនាញនេះទទួលបានប្រាក់ខែខ្ពស់នោះទេ។ ប្រើសិនបើអ្នកធ្វើដូចនេះ អ្នកនឹងមានការស្តាយក្រោយទៅថ្ងៃអនាគត។
២- អ្នកជាមនុស្សសម្បូរគំនិតច្នៃប្រឌិត និងចង់បង្កើតនូវអ្វីដែលថ្មី។
៣- ជាមនុស្សចូលចិត្តដោះស្រាយលំហាត់ និងពូកែខាងតក្កវិជ្ជា ដែល វាគឺជាផ្នែកមួយនាំអោយអ្នកទទួលបានជោគជ័យទាំងជីវិតសិក្សា និងការងារទៅថ្ងៃអនាគត។
៤- មុខវិជ្ជាវិស្វកម្មគឺជាជំនាញមួយដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើគណិតវិទ្យា និងរូបវិទ្យា។ ហើយមុខជំនាញវិស្វកម្មខ្លះក៏តម្រូវអោយអ្នកមានចំណេះដឹងល្អជាមួយនឹងមុខវិជ្ជាគីមី ជីវវិទ្យា និងមុខវិជ្ជាវិទ្យាសាស្រ្តដ៏ទៃទៀតផងដែរ។ ដូច្នេះអ្នកត្រូវតែមានសមត្ថភាពល្អគួរសមជាមួយនឹងគណិត និងរូបវិទ្យា។ ប៉ុន្តែប្រសិនបើនៅពេលដែលរៀននៅវិទ្យាល័យ អ្នកមិនទទួលបានលទ្ធផលក្នុងមុខវិជ្ជាគណិត និងរូបវិទ្យាទេនោះ វាមិនមានន័យថាអ្នកមិនអាចសិក្សាមុខជំនាញនេះបានទេ។ ប្រសិនបើអ្នកជ្រើសរើសមុខវិជ្ជានេះដោយសារតែការស្រឡាញ់ និងចូលចិត្តដោយសុទ្ធចិត្តនោះ អ្នកអាចនឹងជំនះរាល់ឧបសគ្គទាំងអស់ទោះបីមុខវិជ្ជាទាំងនោះពិបាកយ៉ាងណាក៏ដោយ។
៥- មុខជំនាញវិស្វកម្មគឺជាជំនាញដែលតម្រូវអោយអ្នកចំណាយពេលច្រើនបើប្រៀបធៀបជាមួយមុខវិជ្ជាដ៏ទៃទៀត។ អ្នកនឹងតម្រូវអោយរៀននូវមុខវិជ្ជា និងធ្វើកិច្ចការសាលាជាច្រើន។ អ្នកនឹងមិនសូវមានពេលទំនេរ បើប្រៀបធៀបជាមួយនឹងមិត្តរបស់អ្នកដែលចាប់យកមុខជំនាញ ពាណិជ្ជកម្ម ធនាគារ គណនេយ្យ ។ល។
៦- មុខជំនាញនេះ នឹងតម្រូវអោយអ្នកចំណាយពេលវេលាយ៉ាងច្រើនជាមួយនឹងកុំព្យូទ័រនិងម៉ាស៊ីន។ មិនតែប៉ុណ្ណោះអ្នកនឹងតម្រូវអោយធ្វើការពិសោធន៍ជាក់ស្តង ធើ្វការសិក្សាស្រាវជ្រាវ ព្រមទាំងធ្វើគម្រោង។
៧- ប្រសិនបើអ្នកជានារី អ្នកត្រូវត្រៀមខ្លួនអោយរួចជាស្រេច ព្រោះថាមុខជំនាញនេះគឺសម្បូរទៅដោយបុរស ហើយពេលខ្លះគឺយើងអាចនិយាយបានថាគឺមិនមាននារីសូម្បីតែម្នាក់។ អ្នកអាចនឹងទទួលការសម្លឹងជាមួយនឹងកែវភ្នែកជាច្រើន។ ប៉ុន្តែកត្តានេះ មិនគួរណាអាចរារាំងអ្នកពីការជ្រើសរើសនូវមុខជំនាញវិស្វកម្មសម្រាប់អាជីពរបស់អ្នកឡើយ។
បន្ទាប់ពីបានអាននូវអត្ថបទខាងលើនេះ អ្នកប្រាកដជាអាចសម្រេចចិត្តថាតើគួរចាប់យកជំនាញវិស្វកម្មដែរឬទេ។ ចូរចាំថា អ្នកត្រូវជ្រើសរើសនូវមុខជំនាញណាមួយដែលអ្នកស្រឡាញ់ ពេញចិត្ត ជាជាងស្តាប់អ្នកដ៏ទៃ។ មានតែអ្នកខ្លួនឯងទេ ដែលស្គាល់ខ្លួនឯងច្បាស់ជាងនរណាៗទាំងអស់។ អ្នកនឹងទទួលបានជោគជ័យ និងមានសុភមង្គលប្រសិនបើអ្នកធ្វើអ្វីដែលអ្នកចង់ធ្វើ។