យើងសង្កេតឃើញថា ការលក់ដូរ និងផ្សព្វផ្សាញផលិតផល ឬសេវាកម្មនៅលើបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គម Facebook គឺបាននឹងកំពុងរីកដុះដាលខ្លាំងគួរឲ្យកត់សម្គាល់។ ក៏ប៉ុន្តែ មិនមែនឲ្យតែអ្នកដែលប្រើប្រាស់បណ្តាញសង្គម Facebook ជាជំនួយក្នុងការប្រកបអាជីវកម្មរបស់ខ្លួនសុទ្ធតែអាចទទួលបានភាពជោគជ័យនោះទេ។ បើយើងក្រលេកមើលទៅលើយុទ្ធសាស្ត្រនៃការលក់ ពិសេសគឺទៅលើរបៀបក្នុងការប្រើប្រាស់ពាក្យពេចន៍សរសេរផ្សព្វផ្សាយគឺមានភាពស្រដៀងគ្នាខ្លាំងតែម្តង ហើយវាក៏អាចជាមូលហេតុមួយក្នុងចំណោមមូលហេតុសំខាន់ដទៃទៀតដែលអ្នកអតិថិជន និងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នេះមានភាពធុញទ្រាន់ និងអូសរំលងចោលជាបន្តបន្ទាប់។
តើគួរសរសេរពាក្យពេចន៍ក្នុងការផ្សព្វផ្សាយបែបណាទើបទាក់ទាញ?
ថ្ងៃនេះ គំនិត សូមធ្វើការបង្ហាញនូវវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យការប្រើប្រាស់ពាក្យពេចន៍ក្នុងការផ្សព្វផ្សាយរបស់លោកអ្នកមានភាពប្រសើរជាងមុន។
១. ចំនួននៃការប្រើប្រាស់ពាក្យពេចន៍
លោកអ្នកត្រូវដឹងថា នៅពេលលោកអ្នកធ្វើការសរសេរពាក្យពេចន៍ក្នុងការផ្សព្វផ្សាយច្រើនលើសលុបពេកនោះប្រាកដណាស់ដែល ជាង៩០% នៃអ្នកដែលបានឃើញការផ្សព្វផ្សាយរបស់អ្នកហើយ ដែលនឹងអូសរំលងចោល។ ដូច្នេះលោកអ្នកគួរកាត់បន្ថយចំនួននៃការប្រើប្រាស់ពាក្យឲ្យនូវសមល្មម។ អ្វីដែលពិសេសនោះ បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CleverTap ដែលជាក្រុមហ៊ុនអន្តរជាតិមួយដែលបានធ្វើការសិក្សាទៅលើឥរិយាបថរបស់មនុស្សនៅលើបណ្តាញសង្គមនានា បានបង្ហាញថាចំនួនពាក្យពេចន៍ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ អាជីវកម្មតូចធំនានាគឺនៅចន្លោះពី ១០១ ទៅ ១២០ តួរអក្សរសម្រាប់ភាសាអង់គ្លេស ចំណែកឯភាសាខ្មែរយើងវិញក៏មិនខុសគ្នាប៉ុន្មានដែរ បើយើងប្រៀបធៀបទៅគឺ ០៣ ទៅ ០៥ ជួរគឺល្អបំផុត ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំពោះ ជួរដំបូង គឺត្រូវតែទាក់ទាញខ្លាំងបំផុត ទើបភាគរយនៃអ្នកដែលបានឃើញការផ្សព្វផ្សាយរបស់អ្នកចាប់អារម្មណ៍ខ្ពស់។
២. ប្រើប្រាស់ពាក្យពេចន៍ដែលមានថាមពល
តើពាក្យពេចន៍ថាមពលគឺជាអ្វី? ពាក្យពេចន៍ដែលមានថាមពល គឺជាពាក្យពេចន៍ដែលទាក់ទាញអតិថិជនបានខ្លាំងបំផុត។ ពាក្យទាំងនោះមានដូចជា៖ ការបញ្ជុះតម្លៃពិសេស ឬប្រម៉ូសិនពិសេស រួសរាន់ឡើង ដំណឹងពិសេស ទិញមួយថែមមួយ … ។ ពាក្យពេចន៍ទាំងនេះគឺភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ឲ្យសាកល្បងជាវផលិតផល ឬសេវាកម្មរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចសាកល្បងបានដោយយកពាក្យពេចន៍ថាមពលនេះបូករួមជាមួយចំណុចទីមួយខាងលើ ពោលគឺសរសេរដោយពាក្យពេចន៍ថាមពលនៅជួរដំបូងគេ ហើយធ្វើការប្រៀបធៀបលទ្ធផលទៅនឹងការសរសេរចាស់ៗរបស់លោកអ្នក ថាតើវាមានភាពខុសគ្នាយ៉ាងណាខ្លះ។
៣. ការប្រើប្រាស់រូបសញ្ញា Emoji
លោកអ្នកសាកស្រម៉ៃមើលនៅពេលលោកអ្នកក្រលេកឃើញអត្ថបទមួយដែលពោពេញទៅដោយអក្សរសុទ្ធ តើលោកអ្នកប្រាកដចិត្តទេដែលលោកអ្នកនឹងអានអត្ថបទនោះរហូតដល់ចប់? ភាគតិចណាស់ដែលមនុស្ស នឹងអានការផ្សព្វផ្សាយរបស់អ្នករហូតដល់ចប់នៅពេលដែលពួកគេឃើញការសរសេរនោះមានអក្សរច្រើនពេក នេះបើតាមការបង្ហាញពី ក្រុមហ៊ុន CleaverTap ខាងលើដដែល។ ដូច្នេះការប្រើប្រាស់រូបសញ្ញា Emoji អាចជួយឲ្យការសរសេររបស់លោកអ្នកមានភាពប្រសើរ និងទាក់ទាញជាងមុន។ លើសពីនេះទៅទៀតវាការជួយសម្រួលដល់ការអាន និងសរសេររបស់លោកអ្នកផងដែរ ដោយវាអាចយកធ្វើជាសញ្ញារំលេចបញ្ជាក់នូវព័ត៌មានសំខាន់ៗមួយចំនួនផងដែរ ដូចជាសញ្ញាទូរស័ព្ទ ☎️ សម្រាប់បញ្ជាក់លេខទូរស័ព្ទជាដើម៕