អតិថិជន គឺជាប្រភពនៃការផ្ដល់ប្រាក់ចំណូលដល់ក្រុមហ៊ុនទាំងអស់ ប្រសិនបើគ្មានអតិថិជន នោះក្រុមហ៊ុនក៏មិនអាចមានប្រាក់ចំណូលដើម្បីបន្តឈានទៅមុខបានដោយជោគជ័យផងដែរ។ ហេតុនេះ ទើបគ្រប់អាជីវកម្មទាំងអស់ព្យាយាមធ្វើទីផ្សារ និងវិធីផ្សេងៗដើម្បីទាញយកអតិថិជនឱ្យបានច្រើនចូលមកកាន់ក្រុមហ៊ុនរបស់ពួកគេ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនៅក្នុងចំណុចនេះ អាជីវកម្មមួយចំនួនគិតផ្ដោតតែលើយុទ្ធសាស្រ្តដើម្បីទាញយកអតិថិជនថ្មីៗឱ្យបានច្រើន ដោយភ្លេចគិតផ្ដោតលើការរក្សាអតិថិជនដែលមានស្រាប់ ដោយជាកត្តាធ្វើឱ្យពួកគេអាចឈប់មកទិញវិញ ដែលយើងអាចនិយាយបានថា ព្យាយាមរកអតិថិជនថ្មី ភ្លេចរក្សាអតិថិជនចាស់ រហូតអាជីវកម្មបាត់អតិថិជនជាបន្តបន្ទាប់ ដោយគ្មានភាពរីកចម្រើនលឿនទៅមុខសោះ។ ហេតុនេះ តើត្រូវធ្វើបែបណា ទើបអាចទាញយកអតិថិជនចាស់ៗត្រឡប់មកវិញបាន?
មុននឹងអ្នកចាប់ផ្ដើមយុទ្ធនាការដើម្បីទាញយកអតិថិជនចាស់ៗឱ្យត្រឡប់មកប្រើប្រាស់ផលិតផល ឬសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់អ្នកវិញបាន ជំហានដំបូងអ្នកត្រូវតែស្វែងរកឱ្យឃើញនូវមូលហេតុដែលធ្វើឱ្យអតិថិជនរបស់អ្នកភាគច្រើនសម្រេចចិត្តឈប់ទិញ ឬឈប់ត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកឡើងវិញ។ នៅត្រង់ចំណុចនេះ អ្នកអាចគិតលើរឿងពីរ ដើម្បីពិចារណា រួមមាន៖
1. បទពិសោធន៍អតិថិជន៖ អ្នកត្រូវសិក្សា ឬធ្វើការស្ទង់មតិពីអតិថិជនចាស់ៗ ដើម្បីអាចឱ្យដឹងថា តើកន្លងមកបទពិសោធន៍នៃការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកយ៉ាងណាដែរ? តើអ្វីជាភាពពេញចិត្ត និងចង់សំណូមពរដើម្បីឱ្យខាងក្រុមហ៊ុនមានការពង្រឹងបន្ថែម? ហើយនៅក្នុងចំណុចនេះ អ្នកត្រូវគិតពិចារណាលើយុទ្ធសាស្រ្តនានាដើម្បីព្យាយាមឈ្វេងយល់ពីអតិថិជនចាស់ៗដែលពួកគេធ្លាប់មានបទពិសោធន៍នានាជាមួយក្រុមហ៊ុនរបស់អ្នកទាំងរឿងល្អ និងភាពមិនពេញចិត្តរបស់អតិថិជន។ បទពិសោធន៍អតិថិជន អាចធ្វើឱ្យអតិថិជនសម្រេចចិត្តមកម្ដងទៀត និងឈប់ត្រឡប់មកវិញជារៀងរហូត ពីព្រោះវាជាផ្នែកមួយដែលអាចធ្វើឱ្យអតិថិជនពេញចិត្ត ឬមិនពេញចិត្តជាមួយក្រុមហ៊ុនរបស់អ្នក ដូច្នេះចូរព្យាយាមធ្វើយ៉ាងឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុនរបស់អ្នក មិនថាជាបទពិសោធន៍នៃការវេចខ្ចប់ បទពិសោធន៍ប្រើប្រាស់ផលិតផលឬសេវាកម្ម បទពិសោធន៍នៃការផ្ដល់ជូនពីក្រុមហ៊ុន និងបទពិសោធន៍ចាប់ពីដំណើរការកម្ម៉ង់អីវ៉ាន់ជាដើម។
2. សេវាកម្មអតិថិជន៖ អ្នកត្រូវតែធ្វើការសិក្សា និងសង្កេតមើលក្នុងរយៈពេលជាក់លាក់ណាមួយតាមការកំណត់របស់អ្នក ដើម្បីឱ្យដឹងថាតើរបៀបនៃការផ្ដល់សេវាកម្មរបស់ក្រុមបុគ្គលិករបស់អ្នក ភាគច្រើនពួកគេធ្វើបែបណា? តើត្រូវមានចំណុចកែប្រែអ្វីខ្លះ? បន្ថែមពីនេះ អ្នកក៏ត្រូវសាកសួរពីអតិថិជនចាស់ៗអំពីភាពពេញចិត្ត និងភាពមិនពេញចិត្តនូវអ្វីដែលខាងក្រុមហ៊ុនធ្លាប់ផ្ដល់សេវាកម្មជូន។ ធ្វើបែបនេះ ដើម្បីកាន់តែដឹងច្បាស់ថា ក្រុមហ៊ុនរបស់អ្នកត្រូវកែប្រែ និងពង្រឹងឱ្យខ្លាំងលើផ្នែកផ្ដល់សេវាកម្មអតិថិជន ព្រមទាំងចៀសវាងរាល់កំហុសឆ្គងដែលធ្លាប់មានពីមុនៗមក។ សេវាកម្មអតិថិជន មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ពីព្រោះវាអាចទាញឱ្យអតិថិជនកាន់តែពេញចិត្ត និងក្លាយជាអតិថិជនដ៏ស្មោះត្រង់ជាមួយក្រុមហ៊ុនរបស់អ្នក ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែរៀបចំផែនការបែបណាដើម្បីធ្វើឱ្យបុគ្គលិកទាំងអស់មានជំនាញសេវាកម្មអតិថិជនឱ្យបានខ្លាំង។
ក្រៅពីការស្វែងរក និងឈ្វេងយល់ពីមូលហេតុដែលធ្វើឱ្យអតិថិជនឈប់ត្រឡប់មកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកហើយ ជំហានបន្ទាប់អ្នកអាចចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្តដើម្បីធ្វើប្រតិបត្តិការក្នុងការទាញយកអតិថិជនចាស់ៗរបស់អ្នកត្រឡប់មកវិញ។
1. ពិចារណាលើយុទ្ធនាការទីផ្សារថ្មី
នៅក្នុងចំណុចនេះ អ្នកអាចគិតពិចារណាលើយុទ្ធនាការទីផ្សារថ្មីដើម្បីអនុវត្តន៍ក្នុងការទាញយកអតិថិជនចាស់ៗឱ្យត្រឡប់មកប្រើប្រាស់លើផលិតផល ឬសេវាកម្មរបស់អ្នកបន្តទៀត តាមក្បួនមួយចំនួន៖
- អ្នកត្រូវតែគិតផ្ដោតលើការសា្តរនូវរាល់កំហុសឆ្គងដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ដោយអ្នកអាចធ្វើការស្ទង់មតិជាមួយអតិថិជនទាំងតាមអនឡាញ ឬតាមខល ដើម្បីធ្វើបញ្ជីនៃអ្វីដែលអតិថិជនមិនពេញចិត្តនោះក្នុងការឈ្វេងយល់ឱ្យបានកាន់តែច្បាស់។ បន្ទាប់មកគិតផ្ដោតលើដំណោះស្រាយដើម្បីពង្រឹងឱ្យមានភាពល្អប្រសើរជាងមុន។
- អ្នកត្រូវតែគិតផ្ដោតលើការផ្តល់ជាការលើកទឹកចិត្តដល់អតិថិជនចាស់ៗ ប៉ុន្តែក៏ត្រូវប្រាកដថាការផ្សព្វផ្សាយមានគុណតម្លៃសម្រាប់អតិថិជនរបស់អ្នក។ អ្នកអាចផ្ញើសារទៅអតិថិជនផ្ទាល់ និងធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមអំពីការបញ្ចុះតម្លៃក្នុងកម្រិតណាមួយ ចំពោះអតិថិជនចាស់ដែលធ្លាប់ចំណាយជាមួយអតិថិជនអស់កម្រិតប៉ុន្មានជាដើម។ ឧទាហរណ៍ ក្រុមហ៊ុនរបស់អ្នកមានការបញ្ចុះតម្លៃពិសេសចំនួន30% ចំពោះតែអតិថិជនដែលធ្លាប់ចំណាយថវិកាលើផលិតផលឬសេវាកម្មរបស់អ្នកអស់ចាប់ពី 50% -100$។ ធ្វើបែបនេះ អតិថិជនចាស់ៗ អាចត្រឡប់មកវិញមួយចំនួន ដើម្បីទទួលបានការបញ្ចុះតម្លៃ។ ម្យ៉ាងវិញទៀត អ្នកអាចប្រើវិធីផ្សេងទៀតដើម្បីលួងលោម និងលើកទឹកចិត្តដល់អតិថិជនចាស់ៗឱ្យពួកគេសប្បាយចិត្ត និងត្រឡប់មកវិញ។
2. កសាងទំនុកចិត្តពីអតិថិជនឡើងវិញ
ជាធម្មតាទេ បើអតិថិជនមិនត្រឡប់មកទិញនៅក្រុមហ៊ុនអ្នកវិញច្បាស់ណាស់ពួកគេឈប់មានទំនុកចិត្ត ឬមិនពេញចិត្តខ្លាំងលើផ្នែកណាមួយដែលក្រុមហ៊ុនរបស់អ្នកផ្ដល់ជូន។ ហេតុនេះ វិធីដ៏ល្អ អ្នកត្រូវតែប្រើយុទ្ធសាស្រ្តដើម្បីកសាងទំនុកចិត្តដល់អតិថិជនចាស់ៗឡើងវិញ តាមរយៈវិធីខាងក្រោម៖
- បង្កើនទំនាក់ទំនងល្អជាមួយអតិថិជនឡើងវិញ ដោយអ្នកអាចធ្វើបញ្ជីគ្រប់គ្រងទិន្នន័យអតិថិជនចាស់ៗទាំងអស់ដើម្បីចាប់ផ្ដើមបង្កើតទំនាក់ទំនង ការឈ្វេងយល់បន្ថែមពីអតិថិជន និងធ្វើឱ្យអតិថិជនមានអារម្មណ៍ថាពួកគេទទួលបានការយកចិត្តទុកដាក់ខ្លាំងលើសពីការព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យទិញផលិតផលឬសេវាកម្ម។
- ក្រុមបុគ្គលិកផ្នែកលក់មានការត្រៀមខ្លួនរួចរាល់ក្នុងត្រៀមដោះស្រាយរាល់បញ្ហានានាដែលកើតឡើងភ្លាមៗជាមួយអតិថិជន។ ធ្វើបែបនេះ ដើម្បីធានាថាទោះបីជាមានបញ្ហាបច្ចេកទេស បញ្ហាអចេតនា និងកំហុសឆ្គងដែលអតិថិជនធ្លាប់មានបទពិសោធន៍ជាមួយក្រុមហ៊ុន គឺក្រុមបុគ្គលិកទាំងអស់មានការចេះពីរបៀបឆ្លើយតបយ៉ាងល្អដែលធ្វើឱ្យអតិថិជនត្រជាក់ចិត្ត និងសប្បាយចិត្តហើយក៏នឹងត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកឡើងវិញ។
- អ្នកត្រូវតែផ្តោតលើគុណភាពទាំងផលិតផល និងភាពពេញចិត្តរបស់អតិថិជន តាមរយៈការតាមដានជាមួយអតិថិជនទាំងអស់ដើម្បីធានាការពេញចិត្ត និងដោះស្រាយរាល់កង្វល់ដែលអាចកើតមានចំពោះអតិថិជន។ ចូរបង្ហាញនូវការយកចិត្តទុកដាក់ និងការដោះស្រាយបញ្ហាទាំងអស់តាមរបៀបដែលមានគុណតម្លៃបំផុតសម្រាប់អតិថិជន។
- អ្នកត្រូវតែធានាថាក្រុមបុគ្គលិករបស់អ្នកទាំងអស់ អាចបំពេញរាល់តម្រូវការអតិថិជនបានពេញលេញ ព្រមទាំងអាចផ្ដល់ជូននូវបទពិសោធន៍ល្អៗដល់អតិថិជនជាមួយនឹងក្រុមហ៊ុន។