[bws_promobar]
អាជីវកម្មលក្ខណៈ Franchise មានការរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេសគឺក្នុងវិស័យអាហារ និងភេសជ្ជៈ។ យើងឃើញមានហាងកាហ្វេជាច្រើនបានបើកព្រោងព្រាតនៅតាមវិថីនានា ហើយម៉ាកសញ្ញាហាងកាហ្វេខ្លះ គឺរំលងពីគ្នាតែប៉ុន្មានរយម៉ែត្រក៏មាន។ តើការទិញFranchise បើកភ្លោកទឹកភ្លោកដីគឺជាមុខរបរដែលងាយស្រួលចំណេញ និងកើបលុយមែនដែរឬទេ?
សំណួរខាងលើគឺមិនអាចមានចម្លើយតែមួយបានឡើយ។ យើងមិនអាចនិយាយថា រាល់ការទិញFranchise ទាំងអស់គឺសុទ្ធតែងាយស្រួលកើបលុយ ឬក៏ជាការវិនិយោគដែលមានហានិភ័យខ្ពស់(មិនចំណេញ)។ សម្រាប់ក្នុងអត្ថបទមួយនេះ ខ្ញុំគ្រាន់តែចង់ចែករំលែក ការយល់ឃើញដោយយោងតាមព័ត៌មានដែលខ្ញុំមាន ការសង្កេត និងការវិភាគខ្លះៗតែប៉ុណ្ណោះ ដើម្បីទុកជូនបងប្អូនដែលជាសហគ្រិន ឬអ្នកចង់បើកអាជីវកម្មដោយការទិញ Franchise របស់ម៉ាកសញ្ញាណាមួយរបស់ហាងកាហ្វេ។
សម្រាប់ខ្ញុំ អ្នកដែលបានទិញ Franchise អាជីវកម្មបានមុនដំបូងគេ គឺជាអ្នកដែលមានឱកាសខ្ពស់ក្នុងការប្រមូលទុនមកវិញបានលឿន និងមានឱកាសបានចំណេញច្រើន។ ប៉ុន្តែសម្រាប់អ្នកដែលចូលតាមក្រោយបន្ទាប់ពីមានភាពពុះកញ្ច្រោលខ្លាំង គឺជាអ្នកដែលមានហានិភ័យក្នុងការវិនិយោគ។ ហេតុអ្វី? ព្រោះថា វាអាស្រ័យខ្លាំងទៅលើតម្រូវការ ការផ្គត់ផ្គង់ និងការទីតាំងអាជីវកម្ម។
ខ្ញុំចាំបានថា មានម៉ាកសញ្ញាកាហ្វេដ៏ល្បីមួយ នៅពេលដែលទើបតែបើកបាន២ ឬ៣សាខា ចំនួនអតិថិជនគឺមានច្រើនមែនទែន ដែលតម្រូវឱ្យពួកគាត់ត្រូវរង់ចាំរហូតដល់១ម៉ោងដើម្បីទទួលបានកាហ្វាមួយកែវ។ ប្រាដកណាស់ហាងទាំងនោះប្រាកដជាបានកើបលុយមិនស្ទើរឡើយពីអាជីវកម្ម Franchise កាហ្វេនេះ ដោយសារតែតម្រូវការខ្ពស់ ហើយការផ្តត់ផ្គត់មានតិច ដែលហាងខ្លះអាចលក់បានពី១,០០០ ទៅ២,០០០ពាន់កែវក្នុង១ថ្ងៃ បើគិតជាអត្រាចំណេញវិញ គឺមិនតិចជាង១,០០០ ទៅ ២,០០០ដុល្លាឡើងក្នុងថ្ងៃនីមួយៗ។ ប៉ុន្តែបន្ទាប់ពីមានការីកចេញជាសាខាជាច្រើន យើងសង្កេតឃើញថា លំហូរនៃអតិថិជននៃហាងនីមួយមានការថមថយយ៉ាងខ្លាំង ដោយសារតែការផ្គត់ផ្គង់មានច្រើន និងតម្រូវមិនរីកមាឌធំឱ្យដូចការផ្គត់ផ្គង់។ ទីតាំងខ្លះនៅមានអតិថិជនច្រើននៅឡើយ ឯទីតាំងខ្លះទៀត គឺមានសភាពស្ងាត់ ដែលជាសញ្ញាមួយមិនសូវជាវិជ្ជមានប៉ុន្មានឡើយសម្រាប់អ្នកទិញម៉ាកសញ្ញាដើម្បីបើកអាជីវកម្មនោះ។
[ad id=”5037″]
តើធ្វើយ៉ាងណាដើម្បីអាចដឹងថាយើងគួរទិញFranchise ដើម្បីបើកហាងកាហ្វេដើម្បីឱ្យប្រាកដថាអាចចំណេញ?
បើនិយាយទៅ នៅក្នុងពិភពអាជីវកម្មគឺគ្មានពាក្យថាប្រាកដជានោះទេ។ អ្នកខ្លះរកស៊ីមុខរបរមួយជោគជ័យ ហើយអាចនឹងបោសគូថ នៅពេលដែលរកស៊ីអាជីវកម្មមួយទៀតដែលខ្លួនមិនមានចំណង់ចំណូលចិត្ត ឬបទពិសោធន៍។ ប៉ុន្តែ សម្រាប់សហគ្រិនវ័យឆ្លាត គាត់អាចកាត់បន្ថយភាគរយនៃការបរាជ័យបានឱ្យមានកម្រិតទាប ដោយផ្អែកលើកត្តា និងព័ត៌មានមួយចំនួន។
បើនិយាយពីហាងកាហ្វេម៉ាកវិញ សម្រាប់ទីតាំងធំល្មម គឺត្រូវចំណាយមិនតិចជាង១០ម៉ឺន ទៅ១៥ម៉ឺនដុល្លារនោះទេ ហើយហាងខ្លះអាចមានការវិនិយោគរហូតដល់៣០-៤០ម៉ឺនក៏មាន។ ការទិញម៉ាកសញ្ញាជាលក្ខណៈFranchise គឺមានរយៈពេលកំណត់មួយដោយតម្រូវឱ្យអ្នកទិញបើកអាជីវកម្មធ្វើការចចារបើកបន្តក្នុងអំឡុងពេល៥-១០ឆ្នាំម្តង។ សម្រាប់ការជួលទីតាំងទៀតសោត ក៏មានរយៈពេលកំណត់មួយដែរ ដោយបច្ចុប្បន្នយ៉ាងយូរបំផុតបាន១០ឆ្នាំហើយភាគច្រើនគឺធ្វើកិច្ចសន្យាជួលបានត្រឹម៥ឆ្នាំប៉ុណ្ណោះ។
ឧទាហរណ៍ថាយើងទិញអាជីវកម្មFranchise មួយមានតម្លៃ ១.៥ ម៉ឺនដុល្លារ ហើយអាចធ្វើអាជីវកម្មបាន៥ឆ្នាំ ព្រមទាំងជួលទីតាំងអាជីវកម្មមួយមានតម្លៃ៤,០០០ ដុល្លារ/ខែ និងធ្វើការជួសជុលកែលម្អរទីតាំងអស់១០ម៉ឺនដុល្លារ។ មិនទាន់បើកដំណើរការអាជីវកម្មផង យើងត្រូវចំណាយទុនអស់ ១.៥ ម៉ឺន (ថ្លៃ Franchise) + 10ម៉ឺន (ថ្លៃកែលម្អរ + សម្ភារៈ) + ២ម៉ឺន (ថ្លៃកក់លើឈ្នួលទីតាំង) ដែលសរុបប្រហែលជិត១៥ម៉ឺនទៅហើយ ដោយក្នុងនោះថ្លៃ Franchise គឺជាការចំណាយមិនអាចយកត្រឡប់មកវិញ ហើយការចាយទៅលើសម្ភារៈ និងកែលម្អរគឺជាការចំណាយអាចយកត្រឡប់មកវិញបានតិចតួចបន្ទាប់ពី៥ឆ្នាំ។ សម្រាប់ការប្រតិបត្តិប្រចាំខែសម្រាប់ហាងកាហ្វេមួយខាងលើគឺមិនក្រោម៧,០០០-១០,០០០ដុល្លារ ឡើយ (ឈ្នួលទីតាំង+បុគ្គលិក+ទឹកភ្លើង+ចំណាយផ្សេងៗ) និងរួមបញ្ចូលលើចំណាយ Franchise ប្រចាំខែផងដែរ។ បើយើងចាត់ទុកថា ការចំណាយ១១.៥ ម៉ឺនខាងលើជាការចំណាយលើការវិនិយោគមិនអាចយកវិញបានក្នុងរយៈពេល៥ឆ្នាំ យើងអាចធ្វើការរំលស់ថេរ ហើយដាក់ចូលជាចំណាយប្រចាំខែ ដែលប្រហែលនឹង២,០០០ ដុល្លារបន្ថែមទៀតក្នុង១ខែ ឬការចំណាយសរុបប្រចាំប្រហែល ១០,០០០ ដុល្លារ/ខែ។
ជាទូទៅកាហ្វេ១កែវ អាចចំណេញបាន១ដុល្លារ ដូចនេះ យើងត្រូវការលក់កាហ្វេឱ្យបានយ៉ាងតិច១០,០០០ម៉ឺនកែវដើម្បីអាចរួចខ្លួន ឬស្មើរនឹង ៣៣០កែវ/១ថ្ងៃ។ ទាំងនេះគ្រាន់តែជាតួរលេខត្រួសៗដើម្បីឱ្យសហគ្រិន ឬម្ចាស់អាជីវកម្មអាចមានគំនិតខ្លះៗទៅលើអាជីវកម្ម Franchise កាហ្វេប៉ុណ្ណោះ។
ដូចនេះ មុននឹងសម្រេចចិត្តបើកហាងកាហ្វេជាលក្ខណៈ Franchise នៅទីតាំងណាមួយ យើងត្រូវយ៉ាងហោចណាស់ធ្វើការសិក្សាពីទីតាំងនោះ ឬទីតាំងជិតៗនោះ ថាតើគេអាចលក់កាហ្វេបានចំនួនប្រហាក់ប្រហែលខាងលើដែរឬទេក្នុង១ថ្ងៃ? ពេលខ្លះយើងជិះកាត់ឃើញមានមនុស្សច្រើននៅក្នុងហាង តែវាអាចជាតួរលេខដែលមិនអាចទុកចិត្តបានដោយសារតែអ្នកចូលនៅក្នុងហាងគឺជាអ្នកដែលទិញ និងអង្គុយញ៉ាំយូរៗ ទាមទារឱ្យយើងចំណាយពេលខ្លះអង្គុយសង្កេត។ ដូចខ្ញុំធ្លាប់មានបទពិសោធចូលហាងកាហ្វេមួយដែលមានមនុស្សអង្គុយច្រើន ហើយពេលដែលខ្ញុំចូលទៅអង្គុយប្រហែល១ម៉ោង ខ្ញុំឃើញមានលំហូរអតិថិជនប្រហែល៤-៥នាក់ប៉ុណ្ណោះ ដែលសរុបជាចំនួនកែវកាហ្វេមិនដល់១០កែវ/ម៉ោង។ ប្រសិនបើហាងកាហ្វេទំហំមធ្យមមួយបើកនៅទីតាំងដែលមានតម្លៃជួលដូចដែលបានលើកឡើងខាងលើមិនអាចលក់បានជាមធ្យមច្រើនជាង៣៥០កែវ/ថ្ងៃ អាជីវកម្មនោះគឺប្រឈមមុខនឹងការខាត ឬមិនចំណេញ។ តួរលេខខាងលើគឺមិនទាន់ធ្វើការគិតទៅលើអត្រាការប្រាក់ដែលខ្ចីគេ (ប្រសិនបើមិនមានទុនខ្លួនឯង) ឬប្រៀបធៀបនឹងការដាក់លុយផ្ញើរនៅក្នុងធនាគារ (ប្រសិនបើមានដើមទុនក្នុងដៃខ្លួនឯង)ផង។
តែទោះជាយ៉ាង ទីតាំងខ្លះនៅតែអាចទទួលបានផលច្រើនពីអាជីវកម្មដោយសារកត្តាទីតាំង និងតម្រូវការខ្ពស់នៅតំបន់នោះ។ ដូចនេះ មុននឹងសម្រេចចិត្តទិញFranchise បើកអាជីវកម្ម អ្នកគួរតែធ្វើការគិត និងវិភាគជាមុនសិនដើម្បីកាត់បន្ថយហានិភ័យ និងការខាតបង់ ព្រោះថា អាជីវកម្មមួយចំនួនមើលពីខាងក្រៅគឺសម្បើម ចំណេញច្រើន តែធាតុពិតគឺមិនដូចការគិតរបស់យើងនោះទេ។