កាលពីប្រាំឆ្នាំមុន ទីក្រុងប៉េកាំងនៃប្រទេសចិន បានបង្ហាញផែនការហាមឃាត់ការដាក់ឱ្យប្រើប្រាស់តាក់ស៊ីដំណើរការដោយឥន្ធនៈហ្វូស៊ីល ដែលជាហេតុធ្វើឱ្យសព្វថ្ងៃនេះ រថយន្តរាប់ពាន់គ្រឿងត្រូវប្រើថ្មជំនួសវិញ។ ដូច្នេះអ្នកបើកបរយានយន្តអគ្គិសនី (EVs) មិនចាំបាច់ព្រួយបារម្ភអំពីការខ្ជះខ្ជាយពេលវេលានៅឯស្ថានីយ៍សាកថ្មទៀតឡើយ ដោយគ្រាន់តែទៅស្ថានីយប្តូរថ្ម ដើម្បីដំឡើងសាកថ្មមួយផ្សេងទៀតក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហើយទាំងនេះគ្រាន់តែជាផ្នែកមួយនៃទីផ្សារដ៏សម្បូរបែប និងកំពុងរីកចម្រើនសម្រាប់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។
កាលពីខែកក្កដា ឆ្នាំ2022 នេះ សមាគមរថយន្តដឹកអ្នកដំណើរចិនបានព្យាករណ៍ថា រថយន្ត EV ថ្មីចំនួន 6 លានគ្រឿងនឹងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិន ដែលជាការពិនិត្យឡើងវិញនៃការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន 5.5 លាន EV ដែលនឹងត្រូវលក់នៅឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា ជិតមួយភាគបួននៃរថយន្តទាំងអស់ដែលបានចុះបញ្ជីថ្មីនៅក្នុងប្រទេសចិនបច្ចុប្បន្ននេះ គឺសុទ្ធតែជារថយន្តកូនកាត់អគ្គិសនី ឬដោតឌុយ ដែលវាបង្ហាញថា ប្រទេសចិនកំពុងនាំមុខអឺរ៉ុប និងនាំមុខសហរដ្ឋអាមេរិកក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗទាំងនេះ។ បន្ថែមពីនេះ ចំនួនពាក់កណ្តាលនៃរថយន្ត EV របស់ពិភពលោកត្រូវបានលក់នៅក្នុងប្រទេសចិន។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រ BBC ។
ទោះបីជាទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិនកំពុងមានការរីកចម្រើនខ្លាំងក៏ដោយ ក៏វាកំពុងមានការប្រកួតប្រជែងខ្លាំងផងដែរ ដោយមានក្រុមហ៊ុនជាច្រើនកំពុងប្រជែងគ្នាដណ្តើមយកទីផ្សាររថយន្តអគ្គីសនីនេះ។ សូម្បីតែក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះ Juneyao ក៏ចង់ចាប់ផ្តើមផលិតរថយន្តអគ្គិសនីផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលថ្មីៗនេះ។
កត្តាទាំងនេះហើយ ទើបមានសំណួរចោទធំៗចំនួនពីរ គឺទី1. តើភាពរីកចម្រើនលើទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិននឹងមានភាពស្ថិតស្ថេរឬទេ? និងទី2. តើវានឹងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីពិភពលោកមានលក្ខណៈបែបណា?
Ana Nicholls នាយកផ្នែកវិភាគឧស្សាហកម្មនៅ Economist Intelligence Unit បាននិយាយថា “វាពិបាកក្នុងការមើលឃើញថាតើទីផ្សារ EV អាចបន្តពង្រីកបានក្នុងអត្រាបែបណានាពេលអនាគត” ។