តើលោកអ្នកធ្លាប់ឆ្ងល់ទេ ថាហេតុអ្វីបានជាប្រកបអាជីវកម្មដូគ្នា ប៉ុន្តែហេតុអ្វីបានជាដៃគូប្រកួតប្រជែងខ្ញុំទទួលបានជោគជ័យ ខណៈពេលអាជីវកម្មរបស់ខ្ញុំធ្លាក់ចុះចំនួននៃការលក់បែបនេះទៅវិញ?
តោះ! មកឈ្វេងយល់អំពីមូលហេតុដែលធ្វើឲ្យដៃគូប្រកួតប្រជែងជាមួយនឹងយើងទាំងអស់គ្នា! ដៃគូប្រកួតប្រជែងរបស់អ្នកទទួលបានជោគជ័យជាងក៏ព្រោះតែគេ៖
១. ប្រើយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ
ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលលក់ពុំសូវដាច់ខណៈពេលដែលដៃគូប្រជែងរបស់អ្នកអាចរកចំណូលបានច្រើនពីការលក់ អ្នកគួរតែងាកមកមើលពីយុទ្ធសាស្ត្រដែលអ្នកបានដាក់ចេញហ្នឹងម្ដងទៀត ថាតើរបៀបដែលអ្នករចនារូបភាព ក៏ដូចជាមាតិកាដែលអ្នកផ្សព្វផ្សាយចេញទៅនេះស្ថិតនៅក្នុងកម្រិតណា? មានភាពទាក់ទាញដែលឬទេ? មានការចូលរួមពីសំណាក់អតិថិជនដែរឬទេ? ហើយប្រភេទអតិថិជនគោលដៅរបស់អ្នកជាអ្នកណា? ជាយុវវ័យ ឬក៏មនុស្សចាស់? ស្រ្តីឬក៏បុរស? និងពិនិត្យមើលឡើងវិញទាក់ទងទៅនឹងច្រកផ្សព្វផ្សាយរបស់អ្នក ថាតើវេទិកាដែលអ្នកកំពុងផ្សព្វផ្សាយនេះមានប្រសិទ្ធភាពឬអត់ជាដើម?
មែនទែនទៅដៃគូប្រជែងរបស់អ្នក លក់ដាច់ជាងអ្នក គឺដោយសារតែពួកគេ បានកំណត់យ៉ាងច្បាស់ថានរណាជាអតិថិជនគោលដៅរបស់ពួកគេ រួចចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រក៏ដូចជាធ្វើយុទ្ធនាការបែបណាដើម្បីទាក់ទាញអតិថិជនឲ្យមកចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់ខ្លួន តាមរយៈការបង្កើតមាតិកាដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ទាក់ទងទៅនឹងផលិតផលរបស់ខ្លួន ដូចជាការហៅ Influencer ឲ្យមកជួយផ្សព្វផ្សាយ ដោយផ្ដោតទៅលើគុណភាពនៃការឌីហ្សាញរូបភាព វីដេអូណែនាំ បូករួមនឹងការសរសេរព័ត៌មានខ្លីខ្លឹមរបស់ផលិតផល ដើម្បីជាសារចែកជូនទៅឲ្យអតិថិជនបានដឹង បានស្គាល់ និងចង់សាកល្បងប្រើប្រាស់កាន់តែច្រើន។ អ្វីដែលសំខាន់មួយទៀតនៃភាពជោគជ័យរបស់ដៃគូប្រកួតប្រជែងរបស់អ្នកនោះគឺ ការចេះស្វែងរកអ្នកដែលមានឥទ្ធិពលដែលមានប្រជាប្រិយភាព មានជំនាញដើម្បីហៅមកជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួនឲ្យកាន់តែផ្ទុះជាងមុន។
២. សេវាកម្មល្អ
ចំណុចមួយទៀតដែលធ្វើឲ្យផលិតផលរបស់អ្នកលក់ពុំសូវដាច់ដូចគេ គឺវាអាចមកពីការផ្ដល់នូវសេវាកម្មរបស់អ្នកនៅខ្សោយនៅឡើយ ទាំងផ្នែកដឹកជញ្ជូន និងសេវាកម្មក្នុងហាង។
ដូចនេះអ្នកគួរតែត្រឡប់ទៅពិនិត្យមើលការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុនអ្នកឡើងវិញ ថាតើអតិថិជនមិនមករកអ្នកដោយសារតែចំណុចនេះឬយ៉ាងណា ប្រសិនបើនៅមានចន្លោះខ្វះខាតពិតមែន អ្នកត្រូវតែកែតម្រូវវាឲ្យបានរហ័ស មិនថាសេវាកម្មក្នុងការទទួលរាក់ទាក់ភ្ញៀវ ឬសេវាជួសជុល សេវាថែទាំ និងសេវាកម្មដឹកជញ្ជូននោះទេ។
៣. ការបំពេញចិត្តអតិថិជន
តើអ្នកគួរយកចិត្តអតិថិជនដោយរបៀបណា? ហើយអាជីវកម្មរបស់អ្នកមានបានបង្ហាញពីការយកចិត្តទុកដាក់ និងការព្រួយបារម្ភទៅលើអតិថិជនដែរឬទេ?
ដៃគូប្រកួតប្រជែងរបស់អ្នកអាចយកឈ្នះអ្នកបានគឺស្ថិតនៅត្រង់ចំណុចនេះឯង ប្រសិនបើអ្នកមិនចាប់អារម្មណ៍ទៅលើការបំពេញចិត្តអតិថិជនទេ នោះអ្នកនឹងបាត់បង់ឱកាសក្នុងការទទួលបានអតិថិជនថ្មីៗជាមិនខាន។
៤. បុគ្គលិកលក់យល់ច្បាស់ពីព័ត៌មានរបស់ផលិតផល
ការណ៍ដែលបុគ្គលិកលក់ មិនដឹងច្បាស់អំពីផលិតផល មិនដឹងថាផលិតផលដែលខ្លួនកំពុងតែលក់នោះនាំចូលមកពីណា មិនដឹងថាវាមានអត្ថប្រយោជន៍បែបណាខ្លះ និងរឹតតែមិនដឹងអំពីរបៀបនៃការនិយាយណែនាំ និយាយបញ្ចុះបញ្ចូលអតិថិជនទៀតនោះ ការលក់របស់អ្នកប្រាកដជាធ្លាក់ចុះជាមិនខាន។
កត្តាដែលធ្វើឲ្យអាជីវកម្មរបស់ដៃគូប្រកួតប្រជែងរបស់អ្នកលេចធ្លោជាងអ្នក និងមានអ្នកគាំទ្រជាងអ្នក គឺដោយសារតែបុគ្គលិករបស់គេ ម្នាក់ៗត្រូវបានបណ្ដុះបណ្ដាលឲ្យបានដឹងយ៉ាងច្បាស់អំពីផលិតផលនីមួយៗ ថាវាមកនាំចូលមកពីប្រទេសណា មានអត្ថប្រយោជន៍បែបណាខ្លះ និងដឹងអំពីរបៀបប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជន ដូចនេះនៅពេលដែលអតិថិជនគេមកទិញ គឺអតិថិជនមានអារម្មណ៍ល្អ ព្រោះបានដឹងនូវព័ត៌មានលម្អិតអំពីផលិតផលនីមួយៗ។