ក្រុមហ៊ុនកាន់តែច្រើនឡើងៗចាប់ផ្តើមយកចិត្តទុកដាក់បណ្តាក់ទុន និងបង្កើនការចំណាយលើការធ្វើទីផ្សារនៅតាមប្រព័ន្ធឌីជីថលនានាដោយសារតែពួកគាត់ចាប់ផ្តើមយល់ពីតម្លៃ និងប្រសិទ្ធភាពរបស់វា។ ទំនោរមួយនេះ គឺកើតឡើងដោយសារតែអតិថិជន និងអ្នកប្រើប្រាស់ទូទៅ បានចំណាយពេលកាន់តែច្រើនឡើងជាមួយនឹងច្រកឌីជីថលនានាដូចជាបណ្តាញសង្គម Facebook Instagram Youtube និងគេហទំព័រព័ត៌មាន ហើយកាន់តែតិចទៅៗជាមួយនឹងច្រកផ្សព្វផ្សាយជំនាន់មុនដូចជាទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី ឬកាសែតជាដើម។ទំនោរមួយនេះ នឹងកាន់តែវិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស មិនមានល្បឿនថមថយឡើយ ហើយច្រកឌីជីថលជាច្រើនថ្មីៗទៀតនឹងលេចចេញជាបន្តបន្ទាប់ ដែលតម្រូវឱ្យក្រុមហ៊ុន និងសហគ្រាសសម័យថ្មីនេះត្រូវតែតាមដាន និងធ្វើបច្ចុប្បភាពយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនជានិច្ច។
ដោយសារតែភាពចាំបាច់ក្នុងការបង្ហាញវត្តមាននៅលើប្រព័ន្ធឌីជីថល និងចេះរៀបចំយុទ្ធសាស្ត្រទីផ្សារឌីជីថលឱ្យទាន់ទំនោរសង្គម ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើនបានសម្រេចចិត្តជាវសេវាកម្មឱ្យក្រុមហ៊ុនភ្នាក់ងារយុទ្ធសាស្ត្រទីផ្សារឌីជីថលជួយសម្របសម្រួល និងបង្កើតយុទ្ធសាស្ត្រសម្រាប់ផលិតផលនិងសេវាកម្មរបស់ខ្លួនផ្សព្វផ្សាយលើបណ្តាញសង្គមនានា ជាពិសេស Facebook និង Instagram។ នៅពេលដែលក្រុមហ៊ុនតូច និងមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ការជាវសេវាកម្មពីភ្នាក់ងារទីផ្សារឌីជីថល គឺជាជម្រើសមួយដ៏ប្រសើរ។ ប៉ុន្តែ នៅពេលដែលក្រុមហ៊ុនមានចំណូលសមរម្យមួយ និងមានកញ្ចប់ថវិការដើម្បីពង្រីកខ្លួននៅលើទីផ្សារ បង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលនៅក្នុងក្រុមហ៊ុនគឺជាជម្រើសមួយដែលមិនអាចមើលរំលងបាន ហើយខ្ញុំជឿជាក់ថា នៅពេលដែលអ្នកមានក្រុមការងារខ្លួនឯង អ្នកនឹងមានប្រៀបជាងអ្នកដែលជួលសេវាកម្មពីខាងក្រៅ និងអាចធ្វើទីផ្សារបានស៊ីជម្រៅជាងដៃគូរអាជីវកម្មរបស់អ្នក។ តើក្រុមការងារយុទ្ធសាស្ត្រទីផ្សារឌីជីថលគួរមានប៉ុន្មានអ្នក និងមានតួរនាទីអ្វីខ្លះ?
ដើម្បីបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលឱ្យបានពេញលេញមួយគួរមានតួរនាទីនិងទំនួលខុលត្រូវដូចខាងក្រោម៖
- អ្នកគ្រប់គ្រងក្រុម (អ្នកដឹកនាំក្រុម)៖ ដើម្បីឱ្យក្រុមដំណើរទៅមុខបានរលូន នៅក្នុងក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលគួរមានអ្នកដឹកនាំម្នាក់ដែលមានចំណេះដឹងល្អលើជំនាញនេះដើម្បីអាចដាក់គោលដៅ និងទិសដៅយុទ្ធសាស្ត្រទីផ្សារឌីជីថល រួមទាំងជាអ្នកសម្របសម្រួលឱ្យក្រុមការងារអាចធ្វើការជាមួយគ្នាបានល្អ និងជាអ្នកសម្រេចចិត្តនៅក្នុងក្រុមថាតើគួរធ្វើអ្វី ជ្រើសរើសជម្រើសមួយណា ហើយនិងជាអ្នកដាក់ការងារឱ្យកូនក្រុមធ្វើ។
- អ្នកយុទ្ធសាស្ត្រ៖ ប្រសិនបើក្រុមនៅតូចនៅឡើយ អ្នកដឹកនាំក្រុមអាចជាអ្នកយុទ្ធសាស្ត្រទីផ្សារឌីជីថលតែម្នាក់គត់ តែនៅពេលដែលក្រុមហ៊ុនកាន់តែធំទៅៗ អ្នកនឹងត្រូវការមនុស្សជាច្រើនទៀតមកជួយការងារនេះ ព្រោះថាសម្រាប់ផ្នែកយុទ្ធសាស្ត្រទីផ្សាឌីជីថលនេះ គឺមានច្រកផ្សព្វផ្សាយជាច្រើនដែលទាមទារឱ្យមានការបត់បែនយុទ្ធសាស្ត្រផ្សេងៗគ្នាដែលមានដូចជា៖
- យុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គម (Faceboo, Instagram, Linkedin, Tiktok, ។ល។)
- Search Engine Optimization (នៅលើGoogle ឬម៉ាស៊ីស្វែងរកដទៃទៀត)
- អ្នកយុទ្ធសាស្ត្រមាតិកា (Content Marketing)
- ការផ្សព្វផ្សាយនៅលើ Google, Youtube និងច្រកស្រដៀងគ្នាផ្សេងៗទៀត
- យុទ្ធសាស្តទីផ្សារឥទ្ធិមន្ត (Influencer marketing)
- Email Marketing
- សេវាបម្រើអតិថិជនអនឡាញ
- អ្នកច្នៃប្រឌិត និងអ្នកប្រតិបត្តិ
អ្នកយុទ្ធសាស្ត្រគឺធ្វើជាផែនការ និងគម្រោង ហើយអ្នកដែលមានភាពច្នៃប្រឌិត និងអ្នកប្រតិបត្តិគឺបកប្រែកផែនការនោះទៅជាសកម្មភាព។ គាត់អាចជា៖
-
- អ្នកសរសេរ(សរសេរអត្ថបទ សេវាការផ្សព្វផ្សាយ និងសរសេរជាលក្ខណៈPR)
- អ្នករចនាក្រាហ្វិច គឺជាអ្នកច្នៃ និងបង្កើតរូបភាពផ្សព្វផ្សាយមានភាពទាក់ទាញ និងស្រស់ស្អាត។ ហើយជាទូទៅនៅប្រទេសកម្ពុជា ម្ចាស់អាជីវកម្មភាគច្រើនបានយកគាត់ទៅទទួលខុសត្រូវលើការធ្វើយុទ្ធសាស្ត្រទីផ្សារឌីជីថលទាំងមូល ដែលខុសពីដែនសមត្ថភាព និងជំនាញរបស់គាត់ដោយសារតែការយល់ច្រឡំថាគាត់អាចធ្វើបានអ្វីៗទាំងអស់។
- ក្រុមថតរូបនិងវីដេអូ គឺជាអ្នកជំនាញបង្កើតរូបភាព និងវីដេអូសម្រាប់ផ្សព្វផ្សាយ ហើយជំនាញនេះកំពុងតែមានទីផ្សារខ្លាំងដោយសារតែបណ្តាញសង្គមជាច្រើនបានជម្រុញទឹកចិត្តឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនបង្ហោះមាតិកាជាវីដេអូដើម្បីទទួលបានការមើលច្រើន។ សម្រាប់ក្រុមតូច អ្នករចនាក្រាហ្វិចមួយចំនួនអាចទទួលកិច្ចនេះបានក្នុងកម្រិតណាមួយ។
- អ្នកវិភាគទិន្នន័យ គឺជាអ្នកដែលចេះត្រួតពិនិត្យ វាយតម្លៃ និងវិភាគព័ត៌មានលើការផ្សព្វផ្សាយកន្លងមកថាតើមានប្រសិទ្ធភាព និងទទួលបានផលកម្រិតណាដើម្បីយកទៅវាយតម្លៃ និងធ្វើការកែតម្រូវលើការផ្សព្វផ្សាយនៅពេលក្រោយទៀត។ សម្រាប់ក្រុមតូច អ្នកគ្រប់គ្រង និងដឹកនាំក្រុមអាចធ្វើកិច្ចការនេះបាន។
សរុបមក យ៉ាងហោចណាស់ក៏មានគ្នា២នាក់ដែរសម្រាប់ក្រុមយុទ្ធសាស្ត្រទីផ្សារឱ្យមានដំណើរការទៅមុខល្អដែលក្នុងនោះអាចមានម្នាក់ជាអ្នកដឹកនាំហើយមានទំនួលខុសត្រូវលើការគិតយុទ្ធសាស្ត្រ និងវិភាគទិន្នន័យ និងម្នាក់ទៀតជាអ្នកច្នៃប្រឌិត(អ្នករចនាក្រាហ្វិច) ឬអ្នកបម្លែងយុទ្ធសាស្ត្រ និងផែនការទៅជាសកម្មភាព។ ហើយនៅពេលដែលអាជីវកម្មកាន់តែរីកដុះដាល ម្ចាស់អាជីវកម្មគួរតែពង្រីកក្រុមទៅតាមតម្រូវការជាក់ស្តែងដូចមានរៀបរាប់ខាងលើ។