spot_img
spot_img
Homeបច្ចេកវិទ្យាតើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?

តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?

-

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែដូង​ ហើយ​យើង​​សង្កេត​ឃើញ​ផ្លែ​ប្រភេទ​នេះ​មាន​ស្ទើ​រតែ​គ្រប់​ទី​កន្លែង​ពាសពេញ​ផ្ទៃប្រទេស។ ទឹក​ដូង សាច់​ដូងក៏​ជាភេសជ្ជៈនិង​អាហារដែល​ទទួល​ការ​ពេញ​និយម​ផង​ដែរ​ពី​សំណាក់​ប្រជាជន​ខ្មែរ។ អ្នកប្រាកដជា​ដឹង​ខ្លះៗ​ ហើយ​ពីសារៈប្រយោជន៍​របស់វា តែសម្រាប់​វិទ្យាសាស្ត្រ​វិញ តើ​គេ​គិត​យ៉ាង​ណា​ចំពោះ​ផ្លែ​ដូង​នេះ? ដូចនេះ ថ្ងៃ​នេះ «គំនិត»​សូមលើកយក​អត្ថ​បទ​ស្តី​ពី​សារៈប្រយោជន៍​របស់​ដូង​ដែលអ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញជាពិសេស​នោះគឺការប្រើប្រាស់​នៅក្នុង​វេជ្ជសាស្ត្រមក​ចែក​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នា​ដើម្បី​ទុក​អាន​កម្សាន្ត​ និង​បង្កើន​ចំណេះ។

កូកូស នុយស៊ីហ្វេរ៉ា   (Cocos nucifera) គឺជា​ឈ្មោះ​របស់អ្នកវិទ្យា​ដាក់​ឲ្យ​សម្រាប់​ហៅដូង។ ផ្លែដូង​បាន​ផ្តល់​នូវ​អាហារបំប៉ន​ជា​ច្រើនដែល​ក្នុង​នោះ​មាន​ដូចជា​ សាច់ដូង ទឹកដូង ខ្ទិះ និង​ប្រេង​ដែល​បានជួយ​ចិញ្ចឹមជិវិត​មនុស្សជាច្រើន​នៅទូទាំង​ពិភពលោកជាយូរយា​ណាស់​មក​ហើយ។ ជិត១/៣​នៃ​ប្រជាជននៅលើ​ពិភព​លោក​បាន​ពឹង​ផ្អែក​ទៅ​លើ​ផ្លែដូង​ នៅក្នុង​កម្រិត​ណា​មួយ សម្រាប់​ធ្វើ​ជា​អាហារ និង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ពួកគេ។

ផ្លែដូង​គឺសម្បូរ​ទៅដោយ​ជីវជាតិ​បំប៉ន និង​អាហារសរសៃ សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុរ៉ែជាច្រើន។ វា​ត្រូវបាន​បែង​ចែក​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​ “​អាហារដែលមានសារជាតិ​បន្ថែម​ពិសេស” ដែល​ផ្តល់​នូវ​សារៈប្រយោជន៍ជាច្រើន​ដល់​សុខភាព​បន្ថែម​ពីលើ​សារធាតុ​ចិញ្ចឹម​រាងកាយរបស់វា។ ប្រេង​ដូង​ គឺពិសេស​ជាង​ប្រេង​ផ្សេងៗទៀត​ដោយសារ​តែ​វាមាន​ប្រសិទ្ធិភាពក្នុង​ការ​ព្យាបាលហើយ​ត្រូវ​បានគេ​យក​មក​ផ្សំ​ធ្វើជា​​ឱសថបុរាណនៅ​បណ្តា​ប្រទេស​នា​ទ្វីបអាស៊ី និង​ប៉ាស៊ីភិច។ ប្រជាជន​នៅ​លើកោះ​ប៉ាស៊ីភិច​បាន​ចាត់​ទុក​ប្រេងដូង​ជា​​ឱសថ​ដែលអាច​ព្យាបាល​ជម្ងឺ​គ្រប់​ប្រភេទ។ ដើមដូងត្រូវ​បាន​ពួកគេ​ចាត់​ទុក​ជាវត្ថុ​ដ៏​មាន​តម្លៃ​ដោយសារ​តែ​វា​គឺជា​ប្រភព​នៃ​អាហារ និង​ឱសថ​ដែល​គេ​ដាក់​ឈ្មោះឲ្យ​ថា “ដើមនៃ​ជីវិត”។ ទើបតែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដែល​វេជ្ជសាស្ត្រ​សម័យ​ទំនើប​បាន​គាស់​កកាយ​​អាថ៌កំបាំងរបស់ផ្លែដូងដែ​ល​ពោរពេញ​ទៅ​ដោយ​កម្លាំង​ព្យាបាល​ដ៏មហិមា។

ផ្លែដូង​នៅក្នុង​ឱសថបុរាណ

ប្រជាជន​ដែលមាន​វប្បធម៌​ ភាសា​ សាសនា និងជាតិសាសន៍​ខុសគ្នាដែលរស់​នៅ​ជុំវិញពិភពលោក​បាន​ចាត់​ទុក​ផ្លែដូង​គឺជា​ធនធាន​ដ៏មានតម្លៃ ជាច្រើន​ពាន់​ឆ្នាំ​មក​ហើយ​ដែល​ផ្លែដូង​ត្រូវ​បានគេ​កោត​ស្ញប់ស្ញែង​ និង​ផ្តល់​តម្លៃ​នៅ​ក្នុង​ឱសថបុរាណ។

នៅក្នុង​ផ្នែក​ឱសថបុរាណនៅ​ជុំវិញ​ពិភពលោក ដូង​ត្រូវបាន​គេយក​ទៅព្យាបាល​ជម្ងឺជាច្រើន​ដូចជា​ កើត​បូស​ឬខ្ទុះ ជម្ងឺហឺត ទំពែក រោគរលាក​ទងសួត ស្នាម​ជាំ ក្តៅខ្លួន គ្រុន ជម្ងឺទល់លាមក​ ក្អក ជម្ងឺហើម រោគមួល ការឈឺក្នុងត្រចៀក ផ្តាសាយ រលាក​អញ្ចាញធ្មេញ រោគ​ប្រមេះ រដូវមិនទៀងទាត់ ជម្ងឺខាន់លឿង គ្រោះ​ក្នុងតម្រងនោម ចៃ ឧនាហារូបត្ថម្ភ ចង់ក្អួត​ចង្អោរ រោល​ រមាស់ស្បែក ជម្ងឺស្បែក ស្អារក ហើម រោគស្វាយ ឈឺធ្មេញ រោគ​របេង សាច់ដុះ គ្រុន​ពោះវៀន ដំបៅ ពោះមិនស្រួល ខ្សោយ និង​របួសជាដើម។

ដូង​នៅក្នុង​វេជ្ជសាស្ត្រ​សម័យ​ទំនើប

នៅក្នុង​វេជ្ជសាស្ត្រ​សម័យ​ថ្មី ដូង​ត្រូវបានគេបញ្ចាក់​និង​អនុញ្ញាត្តិ​ឲ្យ​យក​ទៅ​ព្យាបាល​នូវអាការៈដែលកើតមាន​ដូចខាងក្រោម។ ការសិក្សា​ស្រាវ​ជ្រាវ​ដែលបាន​បោះពុម្ភផ្សាយ​នៅក្នុង​ទិន្នានុប្បវត្តិវេជ្ជសាស្ត្រ​បាន​បង្ហាញថា ដូង​​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ការប្រើប្រាស់​មួយ​ចំនួន​ក្នុង​ចំណោម​ជាច្រើន​ត្រូវ​បាន​សង្ខេប​ដូចខាង​ក្រោម៖

– សម្លាប់​មេរោគ​ដែល​បង្កឲ្យ​កើត​គ្រុន​ផ្តាសាយ​ធំ រោគស្វាយ​បែក កញ្ច្រិល រោគរលាកថ្លើម​ប្រភេទសេ ជម្ងឺ​SARS អេដស៍ និង​ជម្ងឺផ្សេងទៀត។

– សម្លាប់​បាក់តេរីដែលបង្ក​ឲ្យកើតដំបៅ រោគប្រមេះ និង​ជម្ងឺផ្សេងៗទៀត។

– សម្លាប់​ផ្សិត និង​ផ្សិតដំបែដែលបង្ក​ឲ្យ​កើត ជម្ងឺស្រែង ជ្រាំង​អណ្តាត រលាកគូថ​ក្មេង(នៅពេលស្លៀកកន្តូប) និង​ជម្ងឺក្លាយ​ដ៏ទៃ​ទៀត។

– ទម្លាក់ និង​សម្លាប់​ព្រូន ចៃ និង​ប៉ារ៉ាស៊ីត​ដទៃទៀត។

– ផ្តល់​នូវ​ប្រភព​អាហារ​បំប៉ន​ដែល​ផ្តល់​ថាម​ពល​បាន​រហ័ស។

– បង្កើន​ថាមពល និង​ការអត់ធន់ និង​ធ្វើឲ្យ​រាងកាយ​កាន់តែ​ប្រសើរឡើង។

– ធ្វើ​ឲ្យ​ប្រសើរឡើង​​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ស្រូបយក​អាហារបំប៉ន​ដទៃទៀតដូចជាន វីតាមីន សារធាតុរ៉ែ និង​អាមីណូអាស៊ីត។

– ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​សភាព​ធម្មតា។

– កាត់​បន្ថយ​ស្ត្រេសពី​លំពែង និង​ប្រព័ន្ធ​អង់ស៊ីម​របស់​សារពាង្គកាយ។

– ជួយ​ឲ្យ​អាការៈ​មាន​ភាព​ធូរស្បើយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​មានទំនាក់​ទំនង​នឹង​ជម្ងឺទឹកនោមផ្អែម។

-ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស្រូបយក​ជាតិកាល់ស្យូម និង​ម៉ាញេស្យូម និង​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញរឹងមាំ។

– ជួយការពារ​ជម្ងឺពុកឆ្អឹង។

– ទ្រទ្រង់​ការ​ព្យាបាល និង​ជួសជុល ជាលិកា។

– ទ្រទ្រង់ប្រព័ន្ធ​ការពារ​សារពាង្គកាយ។

– ធ្វើឲ្យ​បេះដូងមានសុខភាព​ល្អ និងកាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃជម្ងឺបេះដូង។

– ជួយ​ការពារសារពាង្គកាយ​ពីជម្ងឺ​មហារីក​សុដន់ ពោះវៀន និង​មហារីក​ដ៏ទៃទៀត។

-​ រំលាយ​គ្រោះ​តម្រងនោម។

– ជួយទប់ស្កាត់​ជម្ងឺ​ថ្លើម។

– ជួយ​បង្កើន​សុខភាពសក់។

– មិនមាន​ផល​ប៉ះ​ពាល់​អ្វី​ទាំងអស់។

-មិន​មាន​ជាតិពុល​។ ល។

សរុប​សេចក្តី​ទៅ ផ្លែដូង​ពិតជាមាន​សារៈប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស​គ្រប់​រូប។ ដូចនេះ សូម​កុំភ្លេច​បរិភោគសាច់ ឬ​ក៏​ទឹកដូង​ឲ្យបាន​ញឹកញាប់​ផង​ណា ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺសម្បូរ​ខ្លាំង​ណាស់ ហើយ​រីឯតម្លៃវិញ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ​បើប្រៀប​ធៀប​ទៅ​នឹង​ផ្លែឈើ​ដទៃ​ទៀត៕

 

ឯកសារយោង៖ http://www.coconutresearchcenter.org

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ