មានមនុស្សមិនតិចទេជាពិសេសជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនដែលទិញ ឬចង់បានលេខទូរស័ព្ទដែលមានលេខ១៦៨ ទោះបីជាតម្លៃវាថ្លៃជាងលេខទូរស័ព្ទផ្សេងទៀតច្រើនយ៉ាងណាដ៏ដោយ។ មិនថាតែលេខទូរស័ព្ទប៉ុណ្ណោះទេ ប្លាកយីហោ ផ្លាកលេខរថយន្ត ម៉ូតូ ឬក៏របស់ដ៏ទៃទៀតឲ្យតែមានលេខ១៦៨គឺសុទ្ធតែត្រូវប៉ាន់ និងត្រូវបានគេគិតតម្លៃពិសេស។ តើហេតុអ្វីបានជាលេខ១៦៨ពេញនិយមយ៉ាងនេះ? តើវាមានអ្វីពិសេសទៅ? ថ្ងៃនេះ «គំនិត» សូមលើកយកចម្ងល់នេះមកបកស្រាយជូន។
តាមពិតទៅ លេខនេះគឺមានប្រភពដើមពីប្រជាជនចិនដោយសារតែ នៅពេលដែលអានលេខនេះគឺមានសម្លេងស្រដៀងនឹងឃ្លាដែលមានន័យល្អ។ នៅក្នុងភាសាចិន លេខ១ ត្រូវបានគេបានគេអានថា “អ៊ី” (一)។ រីឯលេខប្រាំមួយគឺត្រូវបានគេអានថា “លីវ” (六)ដែលមានសម្លេងស្រដៀងនឹង “លុ” (路) ដែលមានន័យថាផ្លូវ។ ចំណែកឯលេខ ៨ វិញគឺជាលេខដែលល្អជាងគេនៅក្នុងសង្គមចិនដែលត្រូវបានគេអានថា “ប៉ា” (八)ដែលមានសម្លេងស្រដៀងនឹងពាក្យថា “ហ្វា” (发)ដែលមានន័យថា សំណាងល្អ រុងរឿង មានទ្រព្យសម្បត្តិ និងរីកចម្រើន។ សរុបទៅ លេខ១៦៨ តំណាងឲ្យពាក្យ “អ៊ីលុហ្វា” (一路发)ដែលមានន័យថាផ្លូវមួយទៅកាន់សំណាងល្អ រុងរឿង មានទ្រព្យសម្បត្តិ និងភាពរីកចម្រើន។
ឯការបកស្រាយខ្លះទៀតក៏បានលើកឡើងផងដែរថា ចំពោះលេខ១ ជនជាតិចិនចូលចិត្តអានថា “យ៉ាវ” ដែលនៅក្នុងភាសាចិន “យ៉ាវ” (要)មានន័យថា ចង់បាន ឬត្រូវការ។ រីឯលេខ៦វិញគឺមានសំណៀងស្រដៀងនឹងពាក្យដែលមានន័យថា ភាពរីករាយ និងសប្បាយ។ នៅពេលដែលផ្គុំចូលគ្នាទៅគឺមានន័យថា ចង់បានឬត្រូវការភាពសម្បូរសប្បាយ និងមានទ្រព្យសម្បត្តិ។
មានការបកស្រាយជាច្រើនទៀតស្តីពីលេខ១៦៨នេះ ប៉ុន្តែ«គំនិត»សូមបកស្រាយតែត្រឹមប៉ុណ្ណេះ។ តើប្រិយមិត្តគិតយ៉ាងម៉េចដែរចំពោះលេខពិសេសនេះ? តើប្រិយមិត្តមានដែលបានទិញលេខពិសេសខាងលើនេះទេ?