មានមនុស្សមិនតិចទេជាពិសេសជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនដែលទិញ ឬចង់បានលេខទូរស័ព្ទដែលមានលេខ១៦៨ ទោះបីជាតម្លៃវាថ្លៃជាងលេខទូរស័ព្ទផ្សេងទៀតច្រើនយ៉ាងណាដ៏ដោយ។ មិនថាតែលេខទូរស័ព្ទប៉ុណ្ណោះទេ ប្លាកយីហោ ផ្លាកលេខរថយន្ត ម៉ូតូ ឬក៏របស់ដ៏ទៃទៀតឲ្យតែមានលេខ១៦៨គឺសុទ្ធតែត្រូវប៉ាន់ និងត្រូវបានគេគិតតម្លៃពិសេស។
កុំថាឡើយលេខ១៦៨ត្រូវប៉ាន់លើលេខទូរស័ព្ទ ឬស្លាកលេខ សូម្បីតែការឱ្យអាំងប៉ាវក៏គ្នា ក៏គេចូលចិត្តឱ្យកន្ទុយដែលមាន១៦៨ដែរ ហើយភាគច្រើនត្រូវបានគេបកស្រាយថាដើម្បីហុងស៊ុយ ឬដើម្បីហេង។ តើហេតុអ្វីបានជាលេខ១៦៨ពេញនិយមយ៉ាងនេះ? តើវាមានអ្វីពិសេសទៅ? តើវាតំណាងឱ្យហុងស៊ុយ ឬហេងដូចគេនិយាយដែរឬទេ?
តាមពិតទៅ លេខនេះគឺមានប្រភពដើមពីប្រជាជនចិនដោយសារតែ នៅពេលដែលអានលេខនេះគឺមានសម្លេងស្រដៀងនឹងឃ្លាដែលមានន័យល្អ។ នៅក្នុងភាសាចិន លេខ១ ត្រូវបានគេបានគេអានថា “អ៊ី” (一)។ រីឯលេខប្រាំមួយគឺត្រូវបានគេអានថា “លីវ” (六)ដែលមានសម្លេងស្រដៀងនឹង “លុ” (路) ដែលមានន័យថាផ្លូវ។ ចំណែកឯលេខ ៨ វិញគឺជាលេខដែលល្អជាងគេនៅក្នុងសង្គមចិនដែលត្រូវបានគេអានថា “ប៉ា” (八)ដែលមានសម្លេងស្រដៀងនឹងពាក្យថា “ហ្វា” (发)ដែលមានន័យថា សំណាងល្អ រុងរឿង មានទ្រព្យសម្បត្តិ និងរីកចម្រើន។ សរុបទៅ លេខ១៦៨ តំណាងឲ្យពាក្យ “អ៊ីលុហ្វា” (一路发)ដែលមានន័យថាផ្លូវមួយទៅកាន់សំណាងល្អ រុងរឿង មានទ្រព្យសម្បត្តិ និងភាពរីកចម្រើន។ ដូចនេះ ការប្រើប្រាស់លេខ១៦៨ នេះដូចជាការជូនពរឱ្យខ្លួនឯង (ប្រសិនបើទីញខ្លួនឯង) ឬជូនពរអ្នកដទៃឱ្យទទួលបានផ្លូវមួយទៅកាន់ភាពមានបានដូច្នេះដែរ!
ឯការបកស្រាយខ្លះទៀតក៏បានលើកឡើងផងដែរថា ចំពោះលេខ១ ជនជាតិចិនចូលចិត្តអានថា “យ៉ាវ” ដែលនៅក្នុងភាសាចិន “យ៉ាវ” (要)មានន័យថា ចង់បាន ឬត្រូវការ។ រីឯលេខ៦វិញគឺមានសំណៀងស្រដៀងនឹងពាក្យដែលមានន័យថា ភាពរីករាយ និងសប្បាយ។ នៅពេលដែលផ្គុំចូលគ្នាទៅគឺមានន័យថា ចង់បានឬត្រូវការភាពសម្បូរសប្បាយ និងមានទ្រព្យសម្បត្តិ។
នៅសង្គមចិន ការប្រើប្រាស់លេខគឺពិតជាមានប្រជាប្រិយណាស់ ដែលពេលខ្លះអាចសរសេរជំនួសជាប្រយោគ ឬប្រើប្រាស់ដាកជាឈ្មោះហាង ឬដាក់ជាឈ្មោះសម្គាល់គេហទមព័រទៀតផង។