spot_img
spot_img
Homeបច្ចេកវិទ្យាតើអ្នកត្រូវយល់ដឹង​អ្វីខ្លះពីការប្រើប្រាស់ផលិតផល​​​ដែលធ្វើឲ្យ​ស្បែកស?

តើអ្នកត្រូវយល់ដឹង​អ្វីខ្លះពីការប្រើប្រាស់ផលិតផល​​​ដែលធ្វើឲ្យ​ស្បែកស?

-

នៅក្នុង​ប្រទេសកម្ពុជា​សព្វថ្ងៃ ការប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកស​កំពុងទទួល​បានការ​ពេញនិយម​ក្នុងស្រទាប់​យុវវ័យ​ជាពិសេស​យុវនារីតែម្តង ។

វាប្រាកដ​ហើយថា​ការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​អាច​ជួយឲ្យ​ស្បែកយើង​ស ប៉ុន្តែ​ទទឹមនឹងគ្នា​នេះ​វាក៏អាច​ផ្តល់ផល​អាក្រក់ដល់យើង​វិញផងដែរ ។ គេសង្កេត​ឃើញថា មានមនុស្ស​មួយចំនួនតូច​តែប៉ុណ្ណោះ​ដែលមានការ​យល់ដឹង​ពីផលប៉ះពាល់​ក្នុងការ​ប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកស ។ ដូចនេះ​ “គំនិត” នឹងលើក​យកផលប៉ះពាល់​ និង ដំបូន្មានខ្លះៗ​ជូនដល់​ប្រិយមិត្ត​ទុកគ្រាន់ជាចំណេះ​ដឹង ។

ជាទូទៅផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកសអាច​បណ្តាលឲ្យមាន​ផលប៉ះពាល់​ដូចជា ៖

–         ការរោល​ ឬ ក្រហាយ​ស្បែក: ធ្វើឲ្យមាន​អារម្មណ៍ឈឺចាប់​លើស្បែកដែលភាគច្រើន​បណ្តាលមកពី​សារធាតុអ៊ីដ្រូខ្វូយណាន់ (Hydroquinone) ។ សារធាតុ​អ៊ីដ្រូខ្វូយណាន់​ជាសារធាតុ​ដែលជួយដល់​ការកំចាត់ ឬ ការកាត់បន្ថយ​ស្នាមអុចតូចៗនិងធ្វើឲ្យ​ស្បែកស ប៉ុន្តែ​បើមាន​សារធាតុនេះលើសចំនុះ​ក្នុងផលិតផល ឬ គ្រឿងសម្អាង​វាអាច​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់ជីវិត​បាន ។

–         ប្រតិកម្មស្បែក​ជាមួយ​ពន្លឺ: សារធាតុអ៊ីដ្រូខ្វូយណាន់ធើ្វឲ្យស្បែកស្តើង​ដែល​នាំឲ្យស្បែក​ងាយមានប្រតិកម្ម​ជាមួយនឹង​​ពន្លឺដូចជា ពន្លឺអំពូល ពន្លឺព្រះអាទិត្យ និង កាំរស្មីអ៊ុលត្រាវីយូឡេ​ជាដើម​ ។ល។

–         ប៉ះពាល់សុខភាព: ការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកសដែលមាន​សារធាតុ​អ៊ីដ្រូខ្វូយណាន់ បារ៉ត អុកស៊ីតដែល​មានជាតិអ៊ីដ្រូសែន​ច្រើន (Peroxide) និង អាសេនិចជាដើម​អាចបណ្តាលឲ្យ​មានជំងឺ​មហារីក ប្រព័ន្ធដង្ហើម ខូចសួត ខ្សោយ​ក្រលៀន និង ចំពោះ​ស្រ្តីមានផ្ទៃពោះធ្វើឲ្យ​ប៉ះពាល់​ដល់សុខភាព​ទារកទៀតផង (វិជ្ជបណ្ឌិត​បានហាម​ដាច់ខាត​ចំពោះ​ស្រ្តីមាន​ផ្ទៃពោះ​ក្នុងការ​ប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកស) ។

ចងចាំថា​ បើ​អ្នកប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកសតែមួយមុខនោះ​​ក៏​នៅមិនទាន់គ្រប់គ្រាន់ក្នុងការ​​ធ្វើឲ្យស្បែកស​ និង ស្បែកមាន​សុខភាពបានដែរ​គឺវា​ទាមទារកត្តាផ្សេងទៀតដើម្បីធ្វើ​ឲ្យស្បែកស​​ដូចជា ៖

–         ផឹកទឹក​ឲ្យ​បានច្រើន: ការផឹកទឹកឲ្យបានច្រើន​វាអាច​ជួយដល់​ការកាត់បន្ថយ​ ឬ កំចាត់​ជាតិពុល​ចេញ​ពីស្បែក​របស់អ្នក ។ អ្នកគូរបរិភោគទឹកឲ្យបានពី ២ ទៅ ៣លីត្រ​ក្នុងមួយថ្ងៃ ។

–         បរិភោគអាហារ​ឲ្យ​បានត្រឹមត្រូវ: ការ​តមអាហារ​ខ្លាំងពេក ឬ ការមិន​ទទួលទានបន្លែនិងផ្លែ​ឈើធ្វើឲ្យ​រាង​កាយ​ខ្វះវីតាមីន និង សារធាតុ​បំប៉នដល់​ស្បែក ។ ដូចនេះ នៅពេល​អ្នក​ប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកស​ នោះវានឹងពុំសូវ​ទទួល​បានប្រសិទ្ធភាព​ឡើយ ។

–           ការហាត់ប្រាណ: វាជួយ​ដល់ការ​បញ្ចេញជាតិពុល​ពីក្នុងស្បែក​ បើ​មើលទៅវា​ហាក់បីដូចជា​មិន​មានអ្វីទាក់ទង​នឹងការ​ធ្វើឲ្យស្បែក​សទេ ប៉ុន្តែ​តាម​ការពិត​គឺវា​អាចជួយ​បានមួយ​កំរិត​ក្នុងការ​ធ្វើឲ្យ​ស្បែក​ស ។

បើអ្នក​ចង់ប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើ​ឲ្យ​ស្បែកស អ្នកគួរចៀសវាង​ក្នុងការ​ប្រើប្រាស់ផលិតផល​ណាដែលមាន​ផ្ទុកសារធាតុដូចជា ៖

–         អ៊ីដ្រូខ្វូយណាន់ (Hydroquinone)

–         អាសេនិក (Arsenic)

–         បារ៉ត (Mercury)

–         អុកស៊ីតដែលមាន​អ៊ីដ្រូសែន​ច្រើន (Peroxide)

–         ស្ទេរូអ៊ីត (Steroid)

ជាពិសេសទៅទៀតគួរអានការ​ណែនាំ​របស់ផលិតផលឲ្យ​បានច្បាស់លាស់មុនពេល​ប្រើប្រាស់និងមិន​ត្រូវប្រើប្រាស់​លើសការណែនាំ  ហើយ​ចៀសវាង​ដាច់ខាត​ក្នុងការប្រើប្រាស់ផលិតផល​តាមគ្នា និង ផលិតផលណាដែលមិន​មានស្លាកសញ្ញាច្បាស់លាស់ ៕

 

ដកស្រង់ និង កែសម្រួលចេញពី:

http://www.ehow.com/about_5037500_dangers-skin-bleaching.html

http://www.ehow.com/about_5106404_side-effects-skin-bleaching-creams.html

http://dralex.hubpages.com/hub/Natural-Skin-Whitening

http://en.wikipedia.org/wiki/Skin_whitening

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ