តើអ្នកធ្លាប់ចង់បើកហាងផ្ទាល់ខ្លួនទេ? អ្នកដឹងទេថាដើម្បីបើកហាងមួយបាន អ្នកត្រូវចំណាយលើអ្វីខ្លះ?
- ការជូលទីតាំង៖ ប្រសិនបើអ្នកមិនមានទីតាំងផ្ទាល់ខ្លួនទេនោះថ្លៃចំណាយដំបូងដែលអ្នកត្រូវប្រើគឺការជួលទីតាំង។ ទីតាំងនៅលើផ្លូវធំគឺមានតម្លៃថ្លៃតែអ្នកនឹងអាចមានភ្ងៀវច្រើន។ ចំណែកឯហាងដែលមានទីតាំងនៅជាយក្រុងមានតម្លៃធូរថ្លៃក៏ពិតមែនប៉ុន្តែវាអាចធ្វើឲ្យអ្នកខាតបង់។ ពេលខ្លះអ្នកក៏អាចរកបានទីតាំងល្អនិងមានអតិថិជនគោលដៅច្រើនជាមួយនឹងថ្លៃជួលសមរម្យដូចជាហាងនៅជាប់សាលារៀនជាយក្រុងជាដើម។ អ្នកគួរតែរកអ្នកជំនាញអចលនទ្រព្យដើម្បីឲ្យគេជួយលើបញ្ហានេះ។
- ការចំណាយផ្សេងៗ៖ សម្រាប់ការបើកហាងមួយ ការចំណាយទៅលើរបស់របរប្រើប្រាស់ផ្សេងៗគឺច្រើនណាស់។ ប្រសិនបើអ្នកមិនធ្លាប់ស្ថិតនៅក្នុងអាជីវកម្មនេះពីមុន អ្នកប្រហែលជាដឹងមិនអស់ឡើយថាត្រូវប្រើឧបករណ៍អ្វីខ្លះ។ វាអាស្រ័យថាអាជីវកម្មរបស់អ្នកគឺជាអ្វីប៉ុន្តែជាទូទៅមានដូចជាទឹកភ្លើង ក្រដាស សម្ភារៈក្នុងហាង តុកៅអី ម៉ាស៊ីនត្រជាក់ ទូទឹកកក ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ សម្ភារៈបន្ទប់ទឹកជាដើម។
- ការជួសជុលនិងរៀបចំកែលម្អហាង៖ អ្នកត្រូវចំណាយលុយជាច្រើនទៅលើសម្ភារៈដូចជា គ្រឿងសង្ហារឹមនិងជួសជុលកែលម្អហាងរបស់អ្នកទៅតាមម៉ូដដែលអ្នកចង់បានហើយអ្នកនឹងត្រូវការកម្លាំងពលកម្មដើម្បីសម្រួលកិច្ចការទាំងនោះ។
- បញ្ជីសារពើភ័ណ្ឌ៖ ហាងលក់ទំនិញ ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ ហាងលក់ផ្កាជាដើមសុទ្ធតែត្រូវការទំនិញស្តុកទុកនិងបញ្ជីទំនិញដែលលក់ដាច់ឬលក់មិនសូវដាច់។ បើអ្នកចាប់ផ្តើមហាងជាលើកដំបូង អ្នកអាចចំណាយអស់ច្រើនទៅលើការទិញទំនិញចូលទៅក្នុងស្តុក។
- ធានារ៉ាប់រង៖ អ្នកគួរតែមានការធានារ៉ាប់រងទៅលើបុគ្គលិកនិងមានកញ្ចប់ត្រៀមទុកសម្រាប់ហានិភ័យអាជីវកម្មក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ។
- បច្ចេកវិទ្យា៖ ទំនើបកម្មនៃការប្រើប្រាស់បច្ចេកវិទ្យាគឺជួយសម្រួលដល់កិច្ចការជាច្រើននៅក្នុងអាជីវកម្មសព្វថ្ងៃនេះដូចជាការប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនព្រីន កូពី កាមេរ៉ាសុវត្ថិភាព កណ្តឹងប្រកាសអាសន្នជាដើម។
- ផ្លាកយីហោនិងម៉ាកសញ្ញា៖ អ្នកត្រូវដាក់ផ្លាកយីហោនៅខាងក្រៅហាងជាប់ចិញ្ចើមផ្លូវដើម្បីផ្សព្វផ្សាយ។ លើសពីនេះអ្នកអាចចំណាយទៅលើការតុបតែងរូបរាងហាងដែលអាចឆ្លុះបញ្ចាំងពីម៉ាកសញ្ញាឬការបោះពុម្ពអាវដែលមានម៉ាកសញ្ញាដើម្បីផ្សព្វផ្សាយម៉ាកអាជីវកម្មរបស់អ្នក។
- ទីផ្សារ៖ អ្នកត្រូវចំណាយលុយដើម្បីឲ្យគេស្គាល់ដោយបង្កើតគេហទំព័រ ទំព័រលើបណ្តាញសង្គម បោះក្រដាសផ្សព្វផ្សាយ ធ្វើកាតអាជីវកម្មជាដើម។
- បុគ្គលិក៖ អ្នកត្រូវចំណាយលុយខ្លះទៅលើការជួលបុគ្គលិកនិងដំណើរការជ្រើសរើសបុគ្គលិក។ អ្នកក៏អាចជួលបុគ្គលិកក្រៅម៉ោងតែក្នុងកំឡុងពេលដែលមមាញឹកខ្លាំងជាដើម។