ភាពខុសគ្នារវាងបុគ្គលជោគជ័យនិងមនុស្សទូទៅគឺវិធីនៃការប្រើប្រាស់ពេលវេលារបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ទម្លាប់ប្រចាំថ្ងៃគឺជារឿងសំខាន់ណាស់ជាពិសេសការរៀបចំពេលវេលាធ្វើអ្វីមួយ។ ជាការពិតណាស់វិធីដែលល្អបំផុតដើម្បីទទួលបានភាពជោគជ័យគឺការក្រោកពីព្រលឹមនិងធ្វើការឲ្យបានមុនអ្នកដទៃ។ ដូច្នេះហើយយើងនឹងលើកយកទម្លាប់កំពូលទាំង៥នៃបុគ្គលជោគជ័យដែលតែងតែធ្វើមុនម៉ោង៨ព្រឹក ៖
១.ប្រើប្រាស់នាឡិការោទិ៍ពិតប្រាកដ
មនុស្សមួយចំនួនប្រាកដជាមើលរំលងចំណុចនេះនិងប្រហែលជាមានចម្ងល់ថាមានអ្វីខុសប្លែកគ្នាទៅរវាងនាឡិការោទិ៍ពិតប្រាកដនិងនាឡិការោទិ៍នៅក្នុងទូរស័ព្ទដៃ។ អ្នកដឹងទេ? នាឡិការោទិ៍ពិតប្រាកដអាចបង្ខំឲ្យអ្នកក្រោកចេញពីគ្រែបាន។ ឧទាហរណ៍ បើអ្នកប្រើនាឡិការោទិ៍នៅក្នុងទូរស័ព្ទដៃភាគច្រើនអ្វីដែលអ្នកធ្វើនៅពេលវារោទិ៍នោះគឺចុចប៊ូតុងបិទហើយមិនប្លែកទេគឺមនុស្សភាគច្រើនតែងតែគេងថែមយ៉ាងតិចក៏៥នាទីទៀតដែរ។ ផ្ទុយមកវិញ បើអ្នកប្រើនាឡិការោទិ៍ពិតប្រាកដដោយដាក់វានៅផ្នែកផ្សេងឆ្ងាយពីដៃរបស់អ្នក អ្នកគឺត្រូវបង្ខំឲ្យក្រោកចេញពីគ្រែដោយស្វ័យប្រវត្តិ។ កាន់តែពិសេសជាងនេះទៅទៀតការប្រើនាឡិការោទិ៍ពិតប្រាកដនឹងធ្វើឲ្យអ្នកមិនលេងបណ្តាញសង្គម លេងហ្គេម មើលរូបភាព ឬប្រើកម្មវិធីដែលមិនសូវជាមានប្រយោជន៍ផ្សេងទៀត ដែលនាំឲ្យអ្នកខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយនឹងទូរស័ព្ទនៅពេលដែលទើបតែភ្ញាក់ពីគេងថែមទៀតផង។
២.ដកឃ្លាសម្រាក
មនុស្សជោគជ័យមិនងើបពីគ្រែហើយសម្ដៅទៅអង្គុយមុខកុំព្យូទ័រតែម្តងទេ។ ពួកគេយល់យ៉ាងច្បាស់ពីសារៈសំខាន់នៃការសម្រាកនិងកាត់បន្ថយភាពតានតឹង(ស្រ្តេស)។ ជាញឹកញាប់ពួកគេចូលចិត្តយកពេលទៅអានសៀវភៅឬញ៉ាំកាហ្វេមួយពែងមុនចាប់ផ្តើមធ្វើការ។
ការធ្វើបែបនេះអាចជួយឲ្យខួរក្បាលរបស់គេស្រស់ថ្លានិងធ្វើឲ្យគេមានអារម្មណ៍ល្អដើម្បីចាប់ផ្តើមថ្ងៃថ្មី។
៣.រៀបចំសំលៀកបំពាក់នៅពេលយប់ឲ្យហើយ
ការរៀបចំសំលៀកបំពាក់សម្រាប់ថ្ងៃបន្ទាប់ឲ្យហើយជាសញ្ញាមួយបង្ហាញថាអ្នកជាមនុស្សដែលចេះរៀបចំទុកដាក់។ វាមានន័យថាថ្ងៃថ្មីគឺត្រូវបានអ្នករៀបចំរួចជាស្រេចហើយថានឹងត្រូវធ្វើអ្វីជាជាងផ្តោតទៅលើការធ្វើរឿងដែលឥតបានការ។ វិធីនេះនឹងជួយអ្នកឲ្យចំណេញពេលវេលារបស់អ្នកដែលអាចយកទៅធ្វើអ្វីផ្សេងទៀតបាន។
៤.ហាត់ប្រាណ
ការថែរក្សារាងកាយគឺជារឿងចាំបាច់ណាស់សម្រាប់សុខភាពរបស់អ្នក។ មនុស្សជោគជ័យផ្តល់អទិភាពឲ្យការហាត់ប្រាណសំខាន់។ អ្នកមិនចាំបាច់ត្រូវតែធ្វើលំហាត់ប្រាណដែលបែកញើសខ្លាំងឬធ្វើឲ្យអស់កម្លាំងខ្លាំងពេកទេ។ អ្នកគូរតែជ្រើសរើសយកលំហាត់ប្រាណណាដែលមានលក្ខណៈងាយៗដូចជាការជិះកង់ រត់តិចៗជាដើម។ អ្នកអាចរើសយកវិធីណាដែលសក្តិសមជាមួយអ្នកជាងគេ។
៥.អានអ្វីដែលអ្នកចូលចិត្ត
មនុស្សជោគជ័យគឺដូចអ្វីដែលយើងបានលើកឡើងពីខាងលើដែរពួកគេតែងអានសៀវភៅនៅពេលពួកគេក្រោកពីព្រលឹមជំនួសឲ្យការយកពេលទៅមើលទូរទស្សន៍ឬការចាប់កាន់ការងារ។ ការអានធ្វើឲ្យខួរក្បាលដំណើរការនិងអភិវឌ្ឍការវិវិច្ឆ័យ។ ប៉ុន្តែបើអ្នកអានអ្វីដែលអវិជ្ជមានឬគួរឲ្យធុញទ្រាន់ដូចជាអ៊ីមែលពីចៅហ្វាយនាយរបស់អ្នក នោះវានឹងអាចធ្វើឲ្យអ្នកមានភាពតានតឹងពេញមួយថ្ងៃ។ ចូរពិចារណាពីការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងសៀវភៅនៃការអភិវឌ្ឍន៍ខ្លួនឯងឬសៀវភៅផ្សេងៗដែលអ្នកអាចរៀនពីវាបាន។ ឧទាហរណ៍ បើអ្នកចាប់អារម្មណ៍លើព័ត៌មានហិរញ្ញវត្ថុ ចាប់អានវាចុះ។
ការអានធ្វើឲ្យខួរក្បាលដំណើរការនិងអភិវឌ្ឍការវិវិច្ឆ័យ
ជារួមមក ទម្លាប់ទាំងអស់ខាងលើនឹងអាចជួយឲ្យអ្នកអាចថែរក្សាសុខភាពរបស់អ្នកបានល្អនិងក្លាយជាមនុស្សដែលកាន់តែមានផលិតភាពជាងមុន។ ចូរកំណត់គុណភាពវិជ្ជមានឲ្យថ្ងៃថ្មីរបស់អ្នកទុករួចជាស្រេច។ ប៉ុន្តែកុំធ្វើវាម្តងទាំងអស់ក្នុងពេលតែមួយ។ អ្នកអាចសាកល្បងកែប្រែវាម្តងបន្តិចៗរហូតដល់វាក្លាយជាទម្លាប់រៀងរាល់ព្រឹករបស់អ្នកតែម្តង។
ប្រភព ៖ www.entrepreneur.com