Home ទូទៅ ធ្លាប់ជាក្មេងរើសសំរាមនៅរាជធានីភ្នំពេញ រហូតអាចទទួលអាហារូបករណ៍នៅសាកលវិទ្យាល័យ Melbourne នៃប្រទេសអូស្រា្តលី

ធ្លាប់ជាក្មេងរើសសំរាមនៅរាជធានីភ្នំពេញ រហូតអាចទទួលអាហារូបករណ៍នៅសាកលវិទ្យាល័យ Melbourne នៃប្រទេសអូស្រា្តលី

0
រ៉ុន សុភី - Sophy Ron

រ៉ុន សុភី កើតនិងធំដឹងក្ដីនៅក្នុងគ្រួសារក្រីក្រមួយនៅទីក្រុងភ្នំពេញ ទោះបីកើតនៅរដ្ឋធានីប៉ុន្តែកុមារភាពរបស់ក្មេងស្រីនេះ ត្រូវបានរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងការចោលសំរាមធំបំផុតនៅក្នុងទីក្រុង។ ក្នុងរយៈពេល 10 ឆ្នាំដំបូងនៃជីវិតរបស់សុភី គឺមិនដែលចូលសាលារៀននោះទេ។ ផ្ទុយទៅវិញក្មេងស្រីដែលកើតនៅឆ្នាំ 1997 រូបនេះ ត្រូវចំណាយពេលពេញមួយថ្ងៃដើម្បីដើរកាត់គំនរសំរាមដែលមានក្លិនស្អុយនៅភ្នំពេញ ដកដង្ហើមដោយផ្សែងពុលដើម្បីដើររើសអេតចាយយកទៅលក់។

Sophy Ron

មិនដល់មួយទសវត្សផងបន្ទាប់ពីរត់គេចខ្លួន ក្មេងស្រីអាយុ 21 ឆ្នាំរូបនេះ ចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យមែលប៊ន (the University of Melbourne) ហើយសុបិនចង់បើកអាជីវកម្មផ្ទាល់ខ្លួន។

Sophy Ron

ប្រវត្តិសង្ខេប

មុនពេលសុភីចាប់កំណើត គ្រួសាររបស់សុភី មានស្រុកកំណើតនៅខេត្តស្វាយរៀង ដែលមានឪពុកម្ដាយប្រកបមុខរបរជាបិទស្រា ចិញ្ចឹមជ្រូក។ ក្រោយមកទៀតក្រុមគ្រួសារនាងបានចំណាកស្រុកមករស់នៅទីក្រុងភ្នំពេញដោយឪពុកនាង ប្រកបរបរធ្វើការសំណង់ កម្មករបាលូ និងរត់ស៊ីក្លូ ចំណែកឯអ្នកម្តាយលក់ពោតស្ងោរ។ ដោយមានជម្ងឺជាប់ខ្លួន និងរបររកស៊ីមិនទទួលជោគជ័យក្រុមគ្រួសាររបស់ សុភី បាននាំគ្នាមកនៅលើគំនរសំរាមស្ទឹងមានជ័យ ដោយនាងចំណាយជីវិតវ័យក្មេងរបស់នាងដល់ទៅ8ឆ្នាំនៅលើគំនរសម្រាមស្ទឹងមានជ័យ។

កន្លែងចាក់សំរាមស្ទឹងមានជ័យនៅភ្នំពេញ គឺជានិមិត្តរូបនៃភាពក្រីក្ររបស់ប្រទេសតាំងពីយូរយារណាស់មកហើយ។ ជារៀងរាល់ថ្ងៃមនុស្សរាប់ពាន់នាក់រើសយកកាកសំណល់ដោយក្តីសង្ឃឹមក្នុងការស្វែងរកអាហារដែលអាចបរិភោគបាននិងកែច្នៃឡើងវិញដើម្បីលក់។

នៅថ្ងៃដ៏ល្អ សុភី រកបាន 50 សេនដែលគ្រប់គ្រាន់សម្រាប់អង្ករពីរបីពែងដើម្បីបរិភោគជាមួយឪពុកម្តាយនិងបងប្អូន 6 នាក់របស់នាង។

នាងបាននិយាយថា “ខ្ញុំមិនបានដឹងថាសំរាមមានក្លិនទេ ហើយខ្ញុំក៏មិនបានដឹងថាវាកខ្វក់នោះដែរ ពីព្រោះខ្ញុំបានគេងនៅទីនោះ ញ៉ាំនៅទីនោះ និងបានធ្វើអ្វីគ្រប់យ៉ាងនៅទីនោះ ដូច្នេះវាបានក្លាយជាផ្ទះរបស់ខ្ញុំ”។

សុភី បាននិយាយថា បំណុលដ៏ច្រើនបានធ្វើឱ្យគ្រួសាររបស់នាងគ្មានជម្រើសក្រៅពីរស់នៅកន្លែងចាក់សំរាម ហើយសាលាក្នុងស្រុកបានផ្តល់កន្លែងតែមួយដល់កុមារម្នាក់ក្នុងមួយគ្រួសារ ដូច្នេះសុភី បានខកខានឱកាសសិក្សា។ នាងបានបន្តថា “នាងដើរតាមបងស្រីរបស់នាងទៅសាលារៀន ហើយរៀនពីអ្វីដែលនាងអាចធ្វើបានដោយមើលតាមបង្អួចថ្នាក់រៀន”។

ឱកាសបានទៅសាលារៀនដំបូង

ជីវិតរបស់សុភី បានផ្លាស់ប្តូរបន្ទាប់ពីមានឱកាសជួបជុំគ្នានៅទីលានចាក់សំរាមជាមួយលោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា (CCF=The Cambodian Children’s Fund) ។

សុភី បាននិយាយថា “Scott Neeson បានសួរខ្ញុំថា តើខ្ញុំចង់សិក្សាភាសាអង់គ្លេសដែរឬទេ? ហើយនៅពេលនោះខ្ញុំមិនដឹងថាភាសាអង់គ្លេសជាអ្វីទេ”។ ហើយពេលនោះខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង​ នៅពេលដែលគាត់បាននិយាយសន្យាថា គាត់នឹងឱ្យខ្ញុំបានចូលសាលារៀន។

អង្គការសប្បុរសធម៌របស់លោក Neeson បានផ្តល់ការអប់រំលំនៅដ្ឋាននិងការព្យាបាលជំងឺដល់ប្រជាជនរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការចាប់ផ្តើមដំណើរការនៅឆ្នាំ 2004 ។

យោងតាមអង្គការ UNICEF អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពី 53% ក្នុងឆ្នាំ 2004 មកនៅត្រឹម 13.5% ក្នុងឆ្នាំ 2014 ប៉ុន្តែស្ថានភាពរស់នៅរបស់កុមារនៅតែក្រីក្រ។

នៅក្នុងរបាយការណ៍ឆ្នាំ 2018 ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថាមួយភាគបីនៃកុមារអាយុក្រោម 4 ឆ្នាំ មានបញ្ហាក្រិន ហើយប្រហែលពាក់កណ្តាលដែលមានអាយុចន្លោះពី 5 ទៅ 14 ឆ្នាំមិនមានបង្គន់អនាម័យត្រឹមត្រូវ។

សុភី បាននិយាយថា “នាងចងចាំយ៉ាងច្បាស់នៅថ្ងៃចូលរៀនដំបូងរបស់នាង គឺអាយុ 11 ឆ្នាំ នៅពេលដែលនាងបានឃើញក្រុមក្មេងៗសើចនិងលេងសប្បាយ”។ សុភី ជាមនុស្សដែលរៀនរហ័សនិងជាអ្នកទំនាក់ទំនងល្អ។ នៅឆ្នាំ 2016 នាងបាននៅលើឆាកបង្ហាញកម្មវិធី Tedx Talk ជាភាសាអង់គ្លេស។

ភាពជោគជ័យនៃការបម្លាស់ប្រែជីវិត

តាមរយៈ អង្គការមូលនិធិកុមារកម្ពុជា (CCF=The Cambodian Children’s Fund)  សុភី អាចទទួលបានអាហារូបករណ៍ ដើម្បីបញ្ចប់ការសិក្សាឆ្នាំមូលដ្ឋាននៅមហាវិទ្យាល័យទ្រីនីធីនៃសាកលវិទ្យាល័យមែលប៊ន (the University of Melbourne’s Trinity College)។

នាងបានបញ្ចប់ការសិក្សានៅខែមិថុនាដោយបើកផ្លូវឱ្យនាងចាប់ផ្តើមថ្នាក់បរិញ្ញាបត្រសិល្បៈនៅពេលឆមាសថ្មីបានចាប់ផ្តើមនៅខែមិថុនាឆ្នាំនេះ។

ខណៈពេលដែលសុភីបាននិយាយថា “នាងស្រឡាញ់ជីវិតនៅទីក្រុងមែលប៊ន (ក្រៅពីភាពត្រជាក់) នាងសង្ឃឹមថានឹងត្រលប់មកផ្ទះវិញដើម្បីចាប់ផ្តើមអាជីវកម្មនិងបន្តធ្វើការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF)”។