Home អភិវឌ្ឍន៍ខ្លួនឯង ធ្វើដូចម្តេចទើបខ្ញុំអាចក្លាយជាមនុស្សពូកែទំនាក់ទំនង?

ធ្វើដូចម្តេចទើបខ្ញុំអាចក្លាយជាមនុស្សពូកែទំនាក់ទំនង?

មិនថាតែក្នុងជីវិតការងារ ឬជីវិតឯកជននោះទេ មនុស្សគ្រប់រូបត្រូវការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនជាចាំបាច់។ ការយល់ដឹងពីរបៀបក្នុងការទំនាក់ទំនង គឺពិតជាគន្លឹះដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងឲ្យបានល្អប្រសើរ ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែពូកែក្នុងការទំនាក់ទំនងនោះទេ ប៉ុន្តែក៏មិនមែនបានន័យថាពួកគាត់មិនអាចរៀនបាននោះដែរ។

តោះថ្ងៃនេះ គំនិត នឹងធ្វើការចែករំលែកគន្លឹះចំនួន ០៥ ដែលជួយឲ្យអ្នកអាចក្លាយជាមនុស្សដែលពូកែក្នុងការទំនាក់ទំនងមួយរូប។

គន្លឹះទី១៖ ធ្វើជាអ្នកស្តាប់ដ៏ល្អ

ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលពូកែទំនាក់ទំនង រឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺធ្វើខ្លួនឲ្យក្លាយជាអ្នកស្តាប់ដ៏ល្អម្នាក់។​ ការស្តាប់ដោយយកចិត្តទុកដាក់ ជួយអ្នកឲ្យទទួលបាននូវព័ត៌មានពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ឆ្លើយតបទៅនឹងសំណួរ ឬការសន្ទនារបស់ដៃគូររបស់អ្នក។ លើសពីនេះទៅទៀត ការស្តាប់អាចបង្ហាញថាអ្នកកំពុងតែយកចិត្តទុកដាក់ទៅលើអ្វីដែលដៃគូរសន្ទនារបស់អ្នកកំពុងតែចង់និយាយ និងបង្ហាញមកកាន់អ្នក ហើយវាធ្វើឲ្យដៃគូររបស់អ្នកទទួលបានអារម្មណ៍ថាអ្វីដែលពួកគេកំពុងបង្ហាញ ឬនិយាយត្រូវបានដៃគូរម្ខាងទៀតឲ្យតម្លៃ និងផ្តល់ការយកចិត្តទុកដាក់។

គន្លឹះទី២៖ ប្រើប្រាស់ភាសាកាយវិការដ៏ត្រឹមត្រូវ

ភាសាកាយវិការគឺមានសារៈសំខាន់ណាស់នៅក្នុងការទំនាក់ទំនង។ បើយោងតាមការស្រាវជ្រាវរបស់លោក Albert Mehrabian កាលពីឆ្នាំ១៩៨១ បានបង្ហាញថាភាសាកាយវិការជួយឲ្យការសន្ទនាមានប្រសិទ្ធខ្ពស់រហូតដល់៥៥% ខណៈដែលពាក្យសម្តីមានត្រឹមតែប្រមាណ ៧% តែប៉ុណ្ណោះ។ បើនិយាយឲ្យស្រួលស្តាប់ មនុស្សយើងផ្តោតទៅលើភាសាកាយវិការច្រើនជាងពាក្យសម្តីដែលបាននិយាយទៅទៀត។

ខាងក្រោមនេះគឺជាភាសាកាយវិការមួយចំនួន ដែលអ្នកគួរតែដឹង៖

  • មានក្រសែភ្នែកល្អនៅពេលនិយាយគ្នា
  • មានជំហរខ្លួន ប្រកដដោយទំនុកចិត្ត
  • មានស្នាមញញឹម ប្រកបដោយភាពរួសរាយរ៉ាក់ទាក់
  • ចេះងក់ក្បាល បង្ហាញពីការយល់ស្របជាដើម…។

គន្លឹះទី៣៖ ដឹងពីអ្វីដែលត្រូវនិយាយ និងគោលបំណងក្នុងការទំនាក់ទំនង

ជាការពិតណាស់ រាល់ការសន្ទនា ឬទំនាក់ទំនងរបស់មនុស្សទាំងអស់ សុទ្ធតែមានគោលបំណងរបស់ពួកគេរៀងៗខ្លួន។ អ្នកខ្លះសន្ទនាសម្រាប់ការងារ អ្នកខ្លះទំនាក់ទំនងដើម្បីសួរនាំពីព័ត៌មានផ្សេងៗ អ្នកខ្លះទំនាក់ទំនងដើម្បី​ស្វែងរកជំនួយ ឯអ្នកខ្លះវិញទំនាក់ទំនងគ្រាន់តែដើម្បីជជែកគ្នាលេងកម្សាន្តតែប៉ុណ្ណោះ។ ទោះបីអ្នកស្ថិតក្នុងការទំនាក់ទំនងប្រភេទមួយណាក៏ដោយ អ្នកគួរតែដឹងពីគោលបំណងក្នុងការទំនាក់ទំនងរបស់អ្នកឲ្យបានច្បាស់លាស់ ព្រោះថាបើពុំដូច្នោះទេអ្នកនឹងបែកខ្ញែកប្រធានបទរបស់អ្នកកាន់តែធំទៅៗ ហើយវាពុំល្អនោះឡើយនៅក្នុងការទំនាក់ទំនងបែបការងារ ជាពិសេសនៅពេលជួបជាមួយដៃគូរអាជីវកម្ម ព្រោះថាពួកគេប្រហែលជាពុំមានពេលវេលាទំនេរដើម្បីនិយាយជាមួយអ្នកច្រើននោះទេ។ ដូច្នេះអ្នកគួរតែលើកយកនូវអ្វីដែលសំខាន់ដើម្បីយកមកសន្ទនាតែប៉ុណ្ណោះ ហើយព្យាយាមទាញការសន្ទនានោះទៅរកគោលបំណងសំខាន់នៃប្រធានបទដែលអ្នកកំពុងតែលើកមកសន្ទនា។

គន្លឹះទី៤៖ បើកគំនិតឲ្យធំទូលាយ ហើយបើកចិត្តទទួលយកនូវអ្វីដែលថ្មី

អ្នកដែលពូកែក្នុងការទំនាក់ទំនង ជាមនុស្សដែលមានគំនិតធំទូលាយ ហើយបើកចិត្តទទួលយកនូវអ្វីដែលថ្មីៗ។ ពួកគេមិនមែនជាប្រភេទមនុស្សដែលប្រកាន់គំនិតខ្លួនធំជាង ឬខ្ពស់ជាងអ្នកដទៃនោះទេ។ ពួកគេយល់ថាការបើកចិត្តទទួលយោបល់អ្នកដទៃ នឹងជួយឲ្យពួកគេទទួលបាននូវចំណេះដឹង និងគំនិតថ្មីៗដែលពួកគេពុំបានដឹងពីមុន ឬធ្លាប់តែមើលរំលងកន្លងមក។ ប្រសិនបើនៅក្នុងកន្លែងការងារវិញ ការបើកទទួលយកនូវយោបល់អ្នកដទៃ អាចធ្វើឲ្យបុគ្គលម្នាក់នោះ ទោះបីជាស្ថិតក្នុងតំណែងអ្វីក៏ដោយ តែងត្រូវបានការគោរពកោតសរសើរពីមនុស្សជុំវិញខ្លួន ហើយនៅពេលមានបញ្ហាឬត្រូវការ ការសម្រេចចិត្តផ្សេងៗ បុគ្គលម្នាក់នោះគឺនឹងក្លាយទៅជាមនុស្សម្នាក់ដែលអ្នកដទៃស្វែងរកមុនគេជាក់ជាពុំខាន។

គន្លឹះទី៥៖ សួរសំណួរបញ្ជាក់

ប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលពូកែក្នុងការទំនាក់ទំនង អ្នកពុំគួរខ្មាសអៀនក្នុងការសួរសំណួរបញ្ជាក់ នៅពេលដែលអ្នកស្តាប់មិនទាន់នូវអ្វីដែលដៃគូរសន្ទនារបស់អ្នកបាននិយាយនោះទេ។ ប្រសិនបើអ្នកស្តាប់មិនទាន់ ឬចាប់អត្ថន័យដែលដៃគូររបស់អ្នកចង់បង្ហាញ ហើយព្យាយាមតបទៅវិញទាំងមិនច្បាស់ នោះវាអាចនឹងបណ្តាលឲ្យការឆ្លើយតបរបស់អ្នកអាចនឹងខុសពីប្រធានបទដែលដៃគូរសន្ទនារបស់អ្នកកំពុងនិយាយ។ ដូច្នេះការសួរសំណួរបញ្ជាក់គឺជារឿងមួយដែលសំខាន់ផងដែរ ក្នុងការជម្រុញដល់ការសន្ទនា និងទំនាក់ទំនងរវាងអ្នក និងដៃគូរសន្ទនា៕

Previous articleទិញទំនិញ ហើយដើរចេញដោយមិនចាំបាច់រង់ចាំគិតលុយ ជាមួយនឹង Amazon Go
Next articleគន្លឹះសំខាន់ ដើម្បីធ្វើទីផ្សារជាវីដេអូ
ខៀក វិទ្យារតនៈ
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕