spot_img
spot_img
Homeធុរកិច្ចធ្វើយ៉ាងណាអាចឲ្យអតិថិជនពេញចិត្តជាមួយអាជីវកម្មរបស់អ្នក?

ធ្វើយ៉ាងណាអាចឲ្យអតិថិជនពេញចិត្តជាមួយអាជីវកម្មរបស់អ្នក?

-

ការបំពេញ​ចិត្ត​របស់អតិថិជន​គឺ​វាពិត​ជាមាន​សារៈសំខាន់​ជាង​ការ​បម្រើ​សេវា​អតិថិជនទៅទៀត។ សំខាន់​បំផុត​ជំហាន​ដែល​អ្នកត្រូវ​ចាប់​ផ្តើម​ដំបូងគឺពី​បុគ្គលិក​របស់អ្នក​។ សាមញ្ញ​ណាស់​ថា​បើ​ខ្ញុំ​ចូលចិត្ត​ការងារ​និង​ក្រុមហ៊ុន​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ប្រាប់ទៅកាន់​​អ្នក​ផ្សេង​ទៀត​​​​ថា​ខ្ញុំ​មាន​លក់​ផលិតផល​ល្អ។ តាមធម្មជាតិ​របស់​មនុស្ស​​កាលណា​តែ​និយោជិក​មាន​អារម្មណ៍​ថាពេញចិត្ត​និងសប្បាយចិត្ត​​ចំពោះ​​ការងារ​ដេល​គេ​ធ្វើ​​​ហើយ​គេ​ក៏​មានអត្តចរិក​ទោរទន់​ទៅរក​ការ​ជួយ​ដោយ​គ្មាន​លក្ខខណ្ឌ​ទៅកាន់​អតិថិជន។ យ៉ាងណា​មិញ​ចំពោះ​ការធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត​គឺ​មិន​មែន​ជា​កាតព្វកិច្ច​របស់​នរណា​ម្នាក់​ឡើយ​តែ​វា​ជា​ទំនួលខុសត្រូវ​របស់​ទាំងអស់​គ្នា​នៅក្នុង​ស្ថាប័នឬអាជីវកម្ម​ណាមួយមិន​ថា​អ្នក​គ្រប់គ្រង​ឬ​បុគ្គលិក​​ឡើយ​។ ហេតុ​នេះ​ដើម្បី​ឲ្យ​អតិថិជន​ពេញ​ចិត្ត​ការ​ចូលរួមពី​អ្នក​ទាំងអស់គ្នា​គឺ​សំខាន់ណាស់។

ការបំពេញ​ចិត្ត​របស់អតិថិជន​គឺ​វាពិត​ជាមាន​សារៈសំខាន់​ជាង​ការ​បម្រើ​សេវា​អតិថិជនទៅទៀត។

១. គុណភាព

មិនថា​ក្រុមហ៊ុន​របស់អ្នក​លក់​ផលិតផល​ឬ​បម្រើ​សេវាកម្មនោះទេ​គុណ​ភាព​ជាកត្តា​ចាំបាច់​បំផុត។ បើ​ទោះបី​ជា​ការ​ផ្សព្វផ្សាយ​របស់អ្នក​ល្អ​យ៉ាងណា​ក៏ដោយ​បើ​គុណ​ភាព​អ្នក​មិនល្អនោះ​អតិថិជន​ក៏​នឹង​មិន​ទិញ​អ្នក​ដែរ។ មួយវិញ​ទៀត​គុណភាព​ក៏​សម្តៅលើ​ការ​បម្រើ​អតិថិជន​ឲ្យ​បាន​សមស្រប​ដែរ។

២. ការខុសប្លែក​ពី​អ្នក​ដទៃ

នៅលើ​ទី​ផ្សារ​កម្ពុជា​បច្ចុប្បន្ន​មាន​ផលិតផល​ដែល​ដូចគ្នា​ច្រើនណាស់។ តើអ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​របស់អ្នកខុសពី​គេ? បើអ្នក​ផលិតផល​ឬសេវាកម្ម​របស់អ្នក​ដូចគេ​ដែរឬ​​មិន​ល្អ​ដូចគេ​នោះ​អ្នក​នឹង​ដួល​ជាក់​ជា​កមិន​ខាន។ សេវាកម្ម​ល្អ​គឺ​ជា​អ្វី​ដែល​អ្នក​អាចធ្វើ​ឲ្យ​ប្លែក​ពី​អ្នក​ដទៃ​និង​អា​ច​ថែរក្សា​អតិថិជន​របស់អ្នក​បាន​យូរ​អង្វែង។ “ទោះបីជា​តម្លៃ​ថ្លៃជាងគេ​​បន្តិចមែន​តែ​បើ​សេវាកម្ម​ល្អ​សាកសមនឹង​តម្លៃ​នោះ​តម្លៃ​មិនមែន​ជា​បញ្ហា​ចោទ​ប៉ុន្មានឡើយ​សម្រាប់​ខ្ញុំព្រោះ​ថា​សព្វថ្ងៃ​គឺមិនងាយ​រកបានទេ​។​ តែបើចូលហាងណាហើយ​គេ​មិន​សូម្បីតែ​ខ្វល់​ខ្វាយ​ពី​ភ្ញៀវនោះ​ប្រហែល​ជាមិនមាន​លើកទី​២ទៀតទេ។” នេះ​ជាពាក្យ​សម្តី​របស់មិត្តភក្តិ​ខ្ញុំ​ម្នាក់ដែលគេ​ធ្លាប់​និយាយ​ប្រាប់ខ្ញុំ។

៣. ព័ត៌មាន​សម្រាប់​ទំនាក់ទំនង

បើអតិថិជន​មាន​បញ្ហា​តើគេ​អាច​ពិគ្រោះ​យោបល់​ជាមួយ​អ្នកបាន​​តាមវិធីណាខ្លះ​? មួយវិញ​ទៀត​ការមាន​គណនី​នៅក្នុង​បណ្តាញ​សង្គម​និង​មាន​គេហទំព័រ​ប្រចាំ​អាជីវកម្ម​គឺ​ពិត​ជា​សំខាន់​ព្រោះ​វា​ជា​កន្លែង​ផ្ទុក​ព័ត៌មាន​របស់អ្នក​ឲ្យ​​អតិថិជន​ងាយស្រួល​រកនិង​ទាក់ទង​​មកកាន់​អ្នក។ ជា​ប្រការ​ដែល​ចាំបាច់​បើ​អ្នក​គឹ​មាន​ពេលទំនេរ​ឲ្យ​គេ​ក្នុង​ការសាកសួរ​ព័ត៌មាន​។ អ្នក​ត្រូវ​រៀបចំ​ព័ត៌មាន​របស់អ្នក​និង​អាជីវកម្ម​របស់អ្នក​ឲ្យ​មាន​លក្ខណៈមាន​វិជ្ជាជីវៈត្រឹមត្រូវ។ ជាពិសេស​ហាមដាច់ខាត​ការ​ដាក់​ព័ត៌មាន​មិនពិត។

៤.​ បរិយាកាស​ល្អ

បរិយាកាស​នៅក្នុង​ហាង​ ក្រុមហ៊ុន​ ឬស្ថាប័ន​គឺ​ជាកន្លែង​ដែល​ប៉ះពាល់ទៅលើ​អារម្មណ៍​របស់អ្នក​ដែលដើរ​ចូលមក។ កន្លែង​ដែល​មាន​បរិយាកាស​ស្រស់ស្អាត មានអនាម័យ​ មាន​សុវត្ថិភាព មានបុគ្គលិករួសរាយរាក់ទាក់ និង​មាន​ការរៀបចំត្រឹមត្រូវ​តាម​ចំណូលចិត្ត​របស់អតិថិជន​នោះវានឹង​មិនងាយ​ឲ្យគេ​ផ្លាស់ប្តូរចិត្តឡើយ។

៥. រង់ចាំ

ចំពោះ​ការរង់ចាំទោះ​មួយនាទី​ក៏​មាន​អារម្មណ៍​ថា​យូរ​ដែរ។ អ្នក​មិនត្រូវឲ្យអតិថិជន​ចាំយូរពេកទេ។ បើអ្នក​សន្យា​ថា​ធ្វើអ្វី​មួយ​ឲ្យអតិថិជន​នៅពេល​ណា​អ្នក​ត្រូវធ្វើឲ្យ​បានទាន់ពេល។ កាលណា​អ្នក​ខកខាន​ច្រើនលើក​ច្រើន​សា​នោះ​ឱកាស​ដែល​បាត់បង់ពួកគេ​ក៏​មាន​ច្រើនដែរ។

៦. បច្ចេកវិទ្យា

បច្ចេកវិទ្យា​សព្វថ្ងៃ​គឺ​មាន​ការរីក​ចម្រើន​ជា​ខ្លាំងនោះការ​ដើរ​ឲ្យទាន់​បច្ចេកវិទ្យា​គឺ​ជា​រឿងដែលអ្ន​ក​ចាំ​បាច់​ត្រូវធ្វើ។ ការ​បំពាក់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឲ្យ​អតិថិជន​មានភាព​ងាយស្រួល​នោះ​គឺ​ជា​រឿង​ដែល​ក្រុមហ៊ុនអ្នក​ត្រូវការគិតគូរ។

អ្នក​ត្រូវ​ដឹង​ថា​ការថែរក្សា​អតិថិជន​ដែល​មាន​ស្រាប់គឺ​វា​មាន​ផលចំណេញ​ជាជាង​ស្វែង​រក​អតិថិជន​ថ្មីទៅ​ទៀត។ ជាពិសេស​វាជា​ដំណើរការ​នៃ​មនុស្ស​គ្រប់គ្នា​និង​មិនមែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ផ្តាច់​មុខឡើយ​លើកលែង​តែ​អ្នក​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​តែ​ម្នាក់ឯង។

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ