spot_img
spot_img
Homeទូទៅប្រភេទការងារ ដែលបង្កើនភាពច្នៃប្រឌិតដល់អ្នក

ប្រភេទការងារ ដែលបង្កើនភាពច្នៃប្រឌិតដល់អ្នក

-

ប្រភេទការងារ ដែលអាចបង្កើនភាពច្នៃប្រឌិតដល់មនុស្សគ្រប់គ្នា គឺមានច្រើន ប៉ុន្តែនៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញប្រភេទការងារមួយចំនួនដែលកំពុងមានភាពពេញនិយមទាំងនៅកម្ពុជា និងទីផ្សារការងារពិភពលោក។ ហើយប្រភេទការងារទាំងនោះ តែងតែទាមទារឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានខ្លាំង និងត្រូវតែមានភាពប្លែក ហើយថ្មីជានិច្ច ដោយមិនអាចធ្វើដដែលៗបានឡើយ។ ការងារទាំងនោះ រួមមាន៖

1. អ្នករចនាក្រាហ្វិក (Graphic designer)

អ្នករចនាក្រាហ្វិក គឺជាអ្នកបង្កើតរូបភាពសម្រាប់គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Instagram, YouTube និងផ្សេងៗទៀត) ការផ្សាយពាណិជ្ជកម្ម ខិត្តប័ណ្ណ ទស្សនាវដ្តី ឡូហ្គោ សៀវភៅ របាយការណ៍ និងជាច្រើនទៀត។

ចំពោះអ្នកធ្វើការផ្នែករចនាក្រាហ្វិក ភាគច្រើនមានតម្រូវការទីផ្សារខ្ពស់ ពីព្រោះមានឧស្សាហកម្មជាច្រើនកំពុងត្រូវការ ដូច្នេះហើយអ្នករចនាក្រាហ្វិក ទាមទារឱ្យមានការសិក្សាជានិច្ចដើម្បីស្វែងរកគំនិតថ្មី និងច្នៃប្រឌិតសម្រាប់ម្ចាស់អាជីវកម្មនានា ក្នុងការផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់ម៉ាកយីហោរបស់ពួកគេតាមរយៈការរចនាបែបថ្មី និងស្របតាមតម្រូវការ។

2. អ្នកចម្លង (Copywriter)

អ្នកចម្លង គឺជាអ្នកបង្កើតមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ដោយសមស្របជាមួយនឹងអ្វីដែលក្រុមហ៊ុនត្រូវការ ហើយក៏ត្រូវជាមួយនឹងទំនោររបស់មនុស្សដែលជាអតិថិជន និងអាចបញ្ចុះបញ្ចូលអ្នកអានឱ្យធ្វើសកម្មភាពក្នុងការសម្រេចចិត្តទិញ ឬធ្វើតាមអ្វីដែលអ្នកសរសេរចង់បាន។

ចំពោះមុខតំណែងជាអ្នកចម្លងនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើព័ត៌មានលម្អិត យល់ច្បាស់ពីគោលបំណងដែលក្រុមហ៊ុនចង់បាន មានសមត្ថភាពធ្វើឱ្យមានតុល្យភាពនៃគម្រោងជាច្រើនរបស់ក្រុមហ៊ុន និងត្រូវមានការគិតប្រកបដោយភាពច្នៃប្រឌិតជានិច្ច។

3. ស្ថាបត្យករ (Architects)

ស្ថាបត្យករ គឺជាអ្នកធ្វើផែនការ និងរចនាផ្ទះ រោងចក្រ អគារការិយាល័យ និងសំណង់ជាច្រើនទៀត។ ហើយពួកគេភាគច្រើនធ្វើការលើគម្រោងសំណង់សាធារណៈ ឬឯកជន ព្រមទាំងរចនាសម្រាប់ទាំងខាងក្នុង និងខាងក្រៅ។

ចំពោះអ្នកធ្វើការផ្នែកនេះ ពិតជាមានតម្រូវជានិច្ចនៅក្នុងទីផ្សារប្រទេសនីមួយៗ ហើយក៏ទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់ផងដែរ ពីព្រោះអតិថិជនតែងតែចង់បានការរចនាមួយដែលល្អស្របតាមតម្រូវការរបស់ពួកគេម្នាក់ៗ។ បន្ថែមពីនេះ ពួកគេតែងតែត្រូវជួបជាមួយអតិថិជនដើម្បីឈ្វេងយល់បន្ថែមពីតម្រូវការអតិថិជនសម្រាប់ការរចនា និងរៀបចំគំរូនៃការរចនានោះ ក៏ដូចជារៀបចំការចំណាយ និងពេលវេលាសាងសង់។

4. អ្នករចនាម៉ូដ (Fashion designers)

អ្នករចនាម៉ូដ គឺជាអ្នកបង្កើតការរចនានូវស្នាដៃដើមរបស់ខ្លួនឯងលើសម្លៀកបំពាក់ថ្មី ស្បែកជើង ការបូប និងគ្រឿងសម្ភារៈជាច្រើនទៀតដែលមានលក្ខណៈទាន់សម័យទៅតាមតម្រូវការរបស់មនុស្ស។

ជាទូទៅ អ្នកធ្វើការផែ្នកនេះ ពួកគេតែងតែគូសវាសនូវគំនិតលើការរចនារបស់ពួកគេ ព្រមទាំងជ្រើសរើសសាច់ក្រណាត់ និងលំនាំដែលប្រើក្នុងការផលិតរបស់របរ ក៏ដូចជាបច្ចេកទេសផលិតកម្មដែលប្រើដើម្បីធ្វើឱ្យការរចនានោះមានភាពរស់រវើក បន្ទាប់មកធ្វើការកែច្នៃទៅជាបណ្តុំដែលនឹងទាក់ទាញអ្នកប្រើប្រាស់ និងអ្នកលក់រាយ។

5. សិល្បករតុបតែងមុខ (Makeup artists)

អ្នកធ្វើការផ្នែកតុបតែងមុខ ភាគច្រើនអនុវត្តន៍លើការតុបតែងមុខដល់អតិថិជនសម្រាប់ព្រឹត្តការណ៍នានា ដូចជាអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងជាច្រើនទៀត។ ចំពោះអ្នកធ្វើការផ្នែកនេះ ទាមទារឱ្យមានសិល្បៈក្នុងការតុបតែងមុខឱ្យបានស្អាតស៊ីនឹងទម្រង់មុខរបស់អតិថិជន និងសមស្របទៅតាមភាពចង់បានរបស់អតិថិជន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ