spot_img
spot_img
Homeធុរកិច្ចពង្រឹង​អាជីវកម្ម​តាមរយៈវិធីសាស្ត្រ​អតិថិជន​សម្ងាត់

ពង្រឹង​អាជីវកម្ម​តាមរយៈវិធីសាស្ត្រ​អតិថិជន​សម្ងាត់

-

ដើម្បីឱ្យមានភាពប្រកួតប្រជែងខ្ពស់ក្នុងពិភពធុរកិច្ច សហគ្រាស និងម្ចាស់អាជីវកម្មនីមួយៗតែងតែខិតខំប្រឹងប្រែងដើម្បីពង្រឹងគុណភាពផលិតផល សេវាកម្ម ឬក៏ប្រើប្រាស់យុទ្ធសាស្ត្រដាក់តម្លៃផ្សេងៗដើម្បីយកឈ្នះដៃគូរប្រកួតប្រជែង។ ម្នាក់ៗតែងតែរិះរកគ្រប់មធ្យោបាយបង្កើនចំណុចខ្លាំងរបស់ខ្លួន និងធ្វើការវាយតម្លៃ ស្វែងរកចន្លោះប្រហោងដើម្បីបំពេញបន្ថែម។ មានវិធីសាស្ត្រជាច្រើនក្នុងការធ្វើការវាយតម្លៃ និងស្វែងរកកង្វះខាតនៅក្នុងអាជីវកម្ម សេវាកម្ម ឬផលិតផលដែលត្រូវបានគេយកមកអនុវត្ត ហើយនៅក្នុងចំណោមវិធីសាស្ត្រនោះ មានវិធីសាស្ត្រមួយដែលគេនិយមប្រើប្រាស់គឺវិធីសាស្ត្រអតិថិជនសម្ងាត់ (Mystery Shopping)។

វិធីសាស្ត្រអតិថិជនសម្ងាត់គឺជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលព័ត៌មាន សំខាន់ៗសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ដោយប្រើប្រាស់អ្នកខាងក្រៅ (អ្នកដែលមិនបម្រើការនៅក្នុងក្រុមហ៊ុន)។ ព័ត៌មានដែលបានមកពីអតិថិជនសម្ងាត់គឺត្រូវបានយកមកប្រើប្រាស់ក្នុងការវាយតម្លៃ កែតម្រូវ ដើម្បីពង្រឹងក្រុមហ៊ុន ផលិតផល ឬសេវាកម្ម។ អតិថិជនសម្ងាត់ នឹងត្រូវបានជ្រើសរើសដើម្បីឱ្យទៅធ្វើការទិញទំនិញ ជាវសេវាកម្ម ឬក៏ទៅពិនិត្យមើលទីតាំងណាមួយដែលបានកំណត់ ហើយសកម្មភាពនៅក្នុងកំឡុងពេលបំពេញបេសកកម្មគឺត្រូវបានរៀបចំ និងត្រៀមរួចជាស្រេចដែលរួមមាន សំណួរដែលត្រូវសួរ ទំនិញដែលត្រូវទិញ ការរិះគន់ ឬចំណុចមួយចំនួនដែលត្រូវត្រួតពិនិត្យដើម្បីឆ្លេចយកនូវស្ថានភាពរបស់សេវាកម្ម ឬអាជីវកម្មទាំងមូល។

អតិថិជនសម្ងាត់ដែលត្រូវចុះបំពេញបេសកកម្មគឺត្រូវបានហ្វឹកហាត់ជាមុនដើម្បីឱ្យពួកគាត់យល់ដឹងអំពីគោលបំណង និងចំណុចសំខាន់ៗណាខ្លះដែលត្រូវចាប់អារម្មណ៍ក្នុងកំឡុងពេលបំពេញភារកិច្ច។ អតិថិជនសម្ងាត់គឺដាច់ខាតជាអ្នកដែលលម្អិត និងហ្មត់ចត់ ហើយត្រូវចេះចាប់អារម្មណ៍សូម្បីតែចំណុចតូចៗដែលទាក់ទងនឹងអាជីវកម្ម។ ពួកគាត់ត្រូវចុះទៅទីតាំងផ្ទាល់ជាក់លាក់ណាមួយដើម្បីធ្វើការទិញទំនិញ ឬក៏ទៅធ្វើការវាយតម្លៃសេវាកម្មអតិថិជន។ ឧទាហរណ៍ នៅពេលដែលអតិថជនសម្ងាត់ទៅទិញទំនិញនៅទីតាំងនោះ ហើយឃើញមានការតម្រង់ជួរយ៉ាងវែង ពេលវេលារង់ចាំយូរ គាត់ត្រូវធ្វើវាយតម្លៃស្ថានភាព ព្រមទាំងផ្តល់មតិយោបល់ដើម្បីធ្វើកែលម្អរចំណុចខ្វះខាតទាំងនោះឱ្យប្រសើរឡើង។ ក្នុងនោះមានដូចជា៖ តើគួរបន្ថែមបុគ្គលិកដែរឬទេ? តើគួរកែប្រែទម្រង់(Layout)ហាងដើម្បីសម្រួល និងកាត់បន្ថយការរង់ចាំ?ទាំងនេះគឺជាចំណុចខ្លះៗដែលអតិថិជនសម្ងាត់អាចផ្តល់ចម្លើយបាន។

ដោយសារតែគោលបំណងក្នុងការប្រើប្រាស់វិធីអតិថិជនសម្ងាត់គឺដើម្បីទទួលបានព័ត៌មានដែលមិនលម្អៀងសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មយកមកកែលម្អនិងធ្វើឱ្យប្រសើរឡើង អតិថិជនសម្ងាត់គឺត្រូវបានគេចម្រាញ់ចេញពីអ្នកដែលមិនមែនជាបុគ្គលិកក្រុមហ៊ុន ហើយត្រូវបានរៀបចំឱ្យចុះធ្វើបេសកកម្មនៅតាមទីតាំងជាក់លាក់ណាមួយ។ ពួកគាត់នឹងធ្វើការវាយតម្លៃដោយសម្ងាត់ ដោយមិនឱ្យបុគ្គលិកណាមួយដឹងពីវត្តមានរបស់ខ្លួន ឬដឹងថាពួកគេត្រូវបានគេចុះមកវាយតម្លៃ ដែលផ្ទុយស្រឡះពីវិធីសាស្ត្រមួយដែលគេតែងតែប្រើប្រាស់គឺការចុះទៅវាយតម្លៃដោយឱ្យបុគ្កលិកដឹងជាមុន។ វិធីសាស្ត្រអតិថិជនសម្ងាត់ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីធ្វើការពីសិក្សាពីភាពពិតជាក់ស្តែងរបស់អាជីវកម្ម ជាពិសេសលើសេវាកម្មអតិថិជន។

ប្រសិនបើអ្នកចង់ដឹងពីប្រសិទ្ធភាពរបស់វិធីសាស្ត្រនេះ ចូរសាកល្បងអនុវត្តវាមើល ថាតើវាអាចជួយអ្នកបានដល់កម្រិតណា។ នៅប្រទេសកម្ពុជាយើង មានអាជីវកម្ម និងស្ថាប័នមួយចំនួនក៏បានអនុវត្តវិធីសាស្រ្តនេះជាប្រចាំផងដែរដើម្បីពង្រឹងគុណភាពបុគ្គលិករបស់ខ្លួន និងស្វែងយល់ពីចំណុចខ្វះខាត ឬចំណុចខ្សោយណាខ្លះដែលអាចធ្វើការកែប្រែឡើងវិញ។

វិធីសាស្ត្រអថិតិជនសម្ងាត់មិនមែនគ្រាន់តែស្វែងរកចំណុចណាខ្លះដែលអាចពង្រឹងបាននោះទេ ប៉ុន្តែវិធីសាស្ត្រនេះនឹងជួយអ្នកឱ្យដឹងពីភាពរីកចម្រើនរបស់បុគ្គលិកក្នុងការផ្តល់សេវាកម្ម ឬក៏សាខាណាដែលកំពុងតែអភិវឌ្ឍខ្លួនបានល្អ ឬធ្វើការស្វែងរកបុគ្គលិកមួយណាដែលមានសមត្ថភាពខ្ពស់ជាងគេក្នុងការបំពេញការងារដើម្បីធ្វើការលើកទឹកចិត្ត និងផ្តល់រង្វាន់។ បើនិយាយឱ្យចំទៅ វិធីសាស្ត្រអតិថិជនសម្ងាត់គឺជាវីធីសាស្ត្រប្រើប្រាស់ដើម្បីពង្រឹងគុណភាព និងសិក្សាស្វែងយល់ពីសុខភាពរបស់សេវាកម្មអតិថិជន ឬធ្វើការកំណត់ពីចំណុចខ្លាំងដែលខ្លួនមាន។ ប្រសិនបើអ្នកចង់ដឹងព័ត៌មានកាន់តែច្រើនអំពីអាជីវកម្មរបស់អ្នក កុំភ្លេចសាកល្បងប្រើប្រាស់អិថិជនសម្ងាត់!

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ