លោក Thomas Edison គឺជាអ្នកច្នៃប្រឌិតជនជាតិអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាអ្នកជំនួញឈានមុខគេ និងអ្នកបង្កើតថ្មីរបស់អាមេរិកផងដែរ ដោយលោកបានបង្កើតបច្ចេកវិទ្យាធំៗ ដូចជាអំពូលភ្លើង incandescent បង្កើត phonograph បង្កើតកាំមេរ៉ាភាពយន្ត និងម៉ាស៊ីនបញ្ចាំងដំបូងគេ ប៉ុន្តែទម្រាំលោកអាចបង្កើតវាបាន គឺឆ្លងកាត់ភាពបរាជ័យរាប់ពាន់ដងមកហើយ។
ឆ្លងតាមអនុវត្តន៍ជាក់ស្ដែង លោក Thomas បានផ្ដល់នូវអនុសាសន៍សម្រាប់អ្នកជំនាន់ក្រោយថា “ទេពកោសល្យរបស់អ្នក អាចបំផុសគំនិតឱ្យអ្នកចង់ធ្វើអ្វីមួយបានត្រឹមតែ 1% ប៉ុន្តែការខិតខំព្យាយាមដើម្បីសម្រេចនូវគំនិតនោះ គឺមានរហូតដល់ 99%” ។
នៅក្នុងខ្លឹមសារនៃឃ្លាមួយនេះ លោក Thomas ចង់មានន័យថា នៅពេលដែលអ្នកមានទេពកោសល្យលើផ្នែកអ្វីមួយដែលអ្នកស្រលាញ់ចង់ធ្វើអ្វីខ្លាំង បន្ទាប់អ្នកមានគំនិតចង់បង្កើតអ្វីមួយដោយផ្សាភា្ជប់នឹងចំណង់ចំណូលចិត្តដែលអ្នកមាន គឺវាមានត្រឹម 1% ប៉ុណ្ណោះ ពីព្រោះវាជាចំណុចចាប់ផ្ដើមនៃការគិតឃើញរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើឱ្យគោលគំនិតរបស់អ្នកក្លាយជាការពិត គឺវាព្យាយាមឱ្យអ្នកហ៊ានលះបង់ពេលវេលាមួយចំនួនដើម្បីផ្ដោតលើកិច្ចការនោះ ហើយព្យាយាមឱ្យអស់ពីសមត្ថភាព ដោយមានរហូតដល់ 99% នោះទើបវាអាចក្លាយជាការពិតបាន។
ជារួមមក អ្នកត្រូវតែដឹងថាខ្លួនឯងមានទេពកោសល្យធ្វើអ្វី ហើយគិតថានឹងយកទេពកោសល្យនោះធ្វើអ្វីឱ្យបានច្បាស់ បន្ទាប់មកត្រូវខិតខំព្យាយាមឱ្យបានខ្លាំងជាងការគិតរបស់អ្នក។
ចូរចងចាំថា ការគិតរបស់អ្នក មិនអាចធ្វើឱ្យអ្នកជោគជ័យបានទេ ប៉ុន្តែសកម្មភាពធ្វើរបស់អ្នកអាចកំណត់ថាអ្នកជោគជ័យ ឬមិនជោគជ័យបាន។