សកម្មភាព ពាក្យសម្តី និងកាយវិការរបស់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រប់របស់ក្រុមហ៊ុនឬស្ថាប័នគឺមានសារៈសំខាន់ខ្លាំងណាស់ដែលវាអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទឹកចិត្ត និងការលះបង់របស់បុគ្គលិកម្នាក់ៗ។ ការប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រង និងដឹកនាំគឺអាចមានភាពដាច់ស្រឡះចំពោះបុគ្គលិកដែលមានការអប់រំខ្ពស់ និងការអប់រំទាប។ ប៉ុន្តែ ក្នុងតថភាពគ្រប់គ្រងជាក់ស្តែងនៅក្នុងប្រទេសកម្ពជាគឺនៅមានភាពខ្វះខាតភាពជាអ្នកដឹកនាំនៅឡើយ ជាពិសេសអាជីវកម្មដែលមានការគ្រប់គ្រងជាលក្ខណៈគ្រួសារ ដែលតែងតែប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងតែមួយ មិនថាចំពោះបុគ្គលិកដែលមានការអប់រំខ្ពស់ ឬការអប់រំទាប។ ខាងក្រោមនេះ គឺជាសកម្មភាព និងពាក្យសម្តីមួយចំនួនដែលអ្នកដឹកនាំ ឬអ្នកគ្រប់គ្រងត្រូវចៀសវាងប្រើប្រាស់ ប្រសិនបើបុគ្គលិកក្រោមបង្កាប់គឺជាអ្នកដែលមានការអប់រំខ្ពស់៖
- បង្កើនសម្លេងដើម្បីបង្ហាញទៅដល់និយោជិតថាខ្លួនកំពុងតែមិនពេញចិត្ត និងខឹងក្រេវក្រោធស្តីពីលទ្ធផលការងាររបស់ពួកគេ។
- ធ្វើការគម្រាមដោយលើកឡើងពីការកាត់ធនធាន ប្រាក់ខែឬក៏ឱកាសរបស់បុគ្គលិក
- ធ្វើការគម្រាមថាខ្លួននឹងធ្វើការត្រួតពិនិត្យក្រុមការងារឡើងវិញ ហើយឱ្យក្រុមនិយោជិតត្រៀមខ្លួនឱ្យរួចរាល់បើមិនដូច្នេះនឹងមានអ្វីមិនល្អកើតឡើង
- ធ្វើការកែប្រែ និងណែនាំបុគ្គលិកជាញឹកញាប់ដោយវិធីសាស្ត្ររិះគន់បែបអវិជ្ជមាន
- ធ្វើការដកហូតការងារភ្លាមៗពីអ្នកណាម្នាក់ដែលធ្វើការយឺតយ៉ាវ ឬក៏មិនបានល្អ
- ធ្វើការដាក់ការងារតែមួយទៅឱ្យមនុស្សផ្សេងៗគ្នាដើម្បីឱ្យប្រាកដថាយ៉ាងហោចណាស់មានម្នាក់អាចធ្វើការនោះឱ្យខ្លួនបានទាន់ពេលវេលា (ដែលបង្កឱ្យមានការប្រកួតប្រជែងបែបអវិជ្ជមានរវាងមិត្តរួមការងារ ឬក្រុមការងារ)
- ធ្វើការសង្កត់ធ្ងន់ ឬនិយាយខ្លាំងៗទៅឱ្យអ្នកណាម្នាក់ ឬក្រុមការងារណាមួយដែលកំពុងទទួលខុសត្រូវការងារជាក់លាក់ណាមួយដើម្បីចង់ឱ្យប្រាកដថាការងារនោះធ្វើទៅបានដោយរលូន
- ចូលចិត្តសួរហើយសួរទៀតនៅរឿងដដែលៗដែលមិនចាំបាច់
- ផ្លាស់ប្តូរ និងកែប្រែពាក្យសម្តីជាញឹកញាប់ ឬមិនគោរពពាក្យសម្តី
- មិនមានការសរសើរ លើកតម្កើន ឬជម្រុញទឹកចិត្តបុគ្គលិក
- តម្លើងឋានៈ ឬចាត់តាំងអ្នកដែលមិនមានសមត្ថភាពឱ្យគ្រប់គ្រងជាពិសេសសាច់ញាតិ ឬមិត្តភក្តិ