spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងពេលបុគ្គលិកឆ្នើម​អ្នកចាកចេញ តើអ្នកគួរធ្វើយ៉ាងម៉េច?

ពេលបុគ្គលិកឆ្នើម​អ្នកចាកចេញ តើអ្នកគួរធ្វើយ៉ាងម៉េច?

-

ការចាកចេញ​របស់បុគ្គលិក​ គឺជារឿងដែលមិនអាចចៀសរួចបាននោះទេ។ ប៉ុន្តែអ្វីដែលម្ចាស់អាជីវកម្ម ឬប្រធានក្រុមហ៊ុន​មានការព្រួយបារម្មណ៍នោះគឺ នៅពេលដែលបុគ្គលិកឆ្នើម និងបុគ្គលិកគន្លឹះចាកចេញ តើការចាកចេញនោះ អាចនឹងប៉ះពាល់អារម្មណ៍ ឬក៏ធ្វើឱ្យអ្នកដ៏ទៃ​ដើរតាមគន្លងដែរឬទេ?

ថ្វីត្បិតតែការចាកចេញរបស់បុគ្គលិកអ្នកគឺជារឿងដែលមិនអាច​ចៀសរួច តែមានរឿងខ្លះដែលអាច​ធ្វើបាន​ក្នុងនាមជាអ្នកដឹកនាំ​ដើម្បី​ស្វែងយល់ និងកែប្រែស្ថានការណ៍ឱ្យទាន់ពេលវេលា បើមិនដូច្នេះទេ វានឹងអាច​កើតមាន​ស្ថានភាពមួយដែលអ្នកពិបាកស្មានដល់។

“អ្វីដែលអ្នកមិនគួរធ្វើនោះ គឺនិយាយដើមមិនល្អបុគ្គលិក​ដែលបានចាកចេញទៅ ហើយជាពិសេស​នោះគឺជាបុគ្គលិកស្នូលរបស់អ្នក ព្រោះការធ្វើដូចនេះ​មិនបានជួយអ្នកក្នុងការដោះស្រាយបញ្ហានោះទេ តែបែជា​បង្ហាញពី​ភាពកម្សោយ និងការបាត់បង់ទំនុកចិត្តពីសំណាក់បុគ្គលិកអ្នកទៅវិញ។”

សួរសំណួរ ហើយធ្វើការស្តាប់

អាច​និយាយបានថា អ្វីដែលអ្នកគួរធ្វើបំផុតនៅពេលមានអ្នកចាកចេញពីស្ថាប័នអ្នក គឺការស្តាប់យោបល់​ដោយ​យកចិត្តទុកដាក់។ ចូរធ្វើការសម្ភាសន៍​សួរនាំពីការចាកចេញ តើកត្តាអ្វី ឬមូលហេតុអ្វី​ដែលធ្វើឱ្យគេចាកចេញ។ ថ្វីត្បិតតែ​ពេលខ្លះ​ការចាកចេញនោះ​គឺដោយសារតែ​បុគ្គលនោះ​ទទួលបាន​ឱកាស​ថ្មីដែលល្អជាងនេះ តែក៏មានករណីមិនតិចទេ​ដែលការចាកចេញនោះ​ដោយសារ​តែការមិនពេញចិត្តការដឹកនាំ និងមើលមិនឃើញពីអនាគតស្ថាប័នដែលគេកំពុងតែធ្វើ​ការ​ ដែលជាកត្តា​ជម្រុញ​ឱ្យគេ​ធ្វើការសម្រេចចិត្តស្វែងរកទ្រនំថ្មី។

ប្រសិនបើបុគ្គលិកសំខាន់ៗបានចាកចេញទៅ អ្នកមិនត្រឹមតែ​ត្រូវសួរនាំអ្នកដែលចាកចេញនោះទេ អ្នកគួរតែ​ធ្វើការ​ជួប​បុគ្គលិកផ្សេងៗទៀត​ ហើយសួរសុខទុក្ខពួកគេ និងសួរនាំ​យោបល់ពួកគេអំ​ពីការចាកចេញ​របស់​សហជីវិន។ ប្រសិនបើ​អ្នកទទួលបាន​ការរិះគន់ ឬចំណុចខ្សោយមួយចំនួនចេញ​ពីការជជែកជាមួយ​បុគ្គលិកដែលដាក់ពាក្យឈប់នោះ អ្នកគួរតែ​ធ្វើការ​សួរនាំ​អំពីសមាជិក​ដទៃ​ថាតើពួកគេ​មាន​អារម្មណ៍​ដូចគ្នាដែរឬទេ ដើម្បីដឹងពីស្ថានភាព​ឱ្យល្អិតល្អន់​ថាតើការ​រឿងរ៉ាវនេះ ពិតជាមាន​នៅក្នុងចិត្ត​បុគ្គលិកដទៃ​ទៀតដែរឬទេ? ការសួរនាំ និងសួរសុខទុក្ខនេះ គឺជាកាយវិការដែលបញ្ជាក់ប្រាប់បុគ្គលិកទាំងអស់ថា អ្នកពិតជា​យកចិត្តទុកដាក់​ដល់កូនក្រុម ឬសមាជិក​របស់ខ្លួន និងអាចធ្វើឱ្យគេ​មានភាពស្ងប់ចិត្ត។

ក្នុងករណី​ពេលដែលអ្នកធ្វើការសួរនាំគ្រប់គ្នា​ហើយ ទទួលបានអារម្មណ៍ថា ពួកគេក៏មានស្ថានភាពដូចអ្នកដែលចាកចេញទៅដែរនោះ អ្នកគួរតែ​បង្ហាញប្រាប់អ្នករាល់គ្នាថា អ្នកបានដឹងស្ថានភាពនេះហើយ ហើយអ្នក​នឹងប្រឹងប្រែងធ្វើការកែប្រែ និងដោះស្រាយបញ្ហានេះឱ្យបាន​ដើម្បី​ទទួលបានការទុកចិត្តយូរអង្វែងពី​សំណាក់​បុគ្គលិករបស់អ្នក។ពេលបុគ្គលិកឆ្នើម​អ្នកចាកចេញ តើអ្នកគួរធ្វើយ៉ាងម៉េច

អ្វីដែលអ្នកមិនគួរធ្វើនោះ គឺនិយាយដើមមិនល្អបុគ្គលិក​ដែលបានចាកចេញទៅ ហើយជាពិសេស​នោះគឺជាបុគ្គលិកស្នូលរបស់អ្នក ព្រោះការធ្វើដូចនេះ​មិនបានជួយអ្នកក្នុងការដោះស្រាយបញ្ហានោះទេ តែបែជា​បង្ហាញពី​ភាពកម្សោយ និងការបាត់បង់ទំនុកចិត្តពីសំណាក់បុគ្គលិកអ្នកទៅវិញ។ ប្រសិនបើពួកគេចាកចេញទៅ អ្នកគួរតែ​បង្ហាញអារម្មណ៍សប្បាយចិត្តនូវឱកាសថ្មីដែលល្អជាងមុនដែលពួកគេទទួលបាន និងធ្វើការថ្លែងអំណរគុណពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកសាង និងជ្រោមជ្រែងក្រុមទៅកាន់សមាជិក​ដទៃ ហើយព្រមទាំង​រំលេចសារ​ស្វាគមន៍​នូវការវិលត្រឡប់មកវិញ ដើម្បី​បង្ហាញ​ពីទឹកចិត្តបើកចំហររបស់អ្នកដឹកនាំល្អ​ម្នាក់​ក្នុង​ការឃើញ​បុគ្គលិកខ្លួន​កាន់តែជោគជ័យ។

ផ្តោតលើអនាគត

ភាពសប្បាយរីករាយ​នៅក្នុងកន្លែងធ្វើការ​គឺអាស្រ័យលើកត្តាជាច្រើន ហើយនៅក្នុងនោះក៏មានរាប់បញ្ចូល​ការមាន​សមាជិក​ក្រុមដែលខ្លាំង​ ដែលការបាត់បង់សមាជិកនោះគឺជា​រឿងមួយអាចប៉ះពាល់​ក្រុមទាំងមូលបាន។ អារម្មណ៍​ធ្វើការជាមួយ​អ្នកខ្លាំង ហើយទទួលបានជោគជ័យត្រចះត្រចង់គឺជារឿងមួយដែលធ្វើឱ្យក្រុមទាំងមូលមានភាពពេញចិត្ត ហើយការដែលជាមនុស្សម្នាក់បានរួមចំណែក​ក្នុងការបំពេញការងារជោគជ័យ​ជាក្រុមដែលធំលើស​សមត្ថភាពខ្លួនគឺជារឿងគួរជាទីមោទនៈ តែការចាកចេញ​របស់បុគ្គលិក​ស្នូលដែលធ្លាប់តែបំពេញការងារបានល្អគឺជរឿង​មួយអាចឱ្យអ្នកជុំវិញមានមន្ទិល ឬអារម្មណ៍​មិនស្ងប់ល្អ។

នៅពេលដែលមនុស្សឆ្នើមៗ​បានចាកចេញ បុគ្គលិកផ្សេងទៀត​អាច​មានអារម្មណ៍ថា ពួកគេអាច​នឹង​មិន​សម្រេច​កិច្ច​ការងារធំៗដែលបាន​ដាក់កន្លង​មក​ដោយសារតែ​បាត់​បង់​សមាជិក​សំខាន់ៗ ដែលធ្លាប់តែ​ចូលរួម​សកម្មនាពេលកន្លងមក។ ដូចនេះ ក្នុងនាមជាអ្នកដឹកនាំ បើមានករណីបែបនេះកើតឡើង អ្នកគួរតែ​បង្ហាញថា យើងនៅតែអាច​បន្ត​ក្តីស្រមៃ​ និងគោលដៅធំក្រុមបន្តទៀត ហើយអ្នកនឹងខិតខំប្រឹងប្រែង​បំពេញចន្លោះ​ខ្វះខាតដោយ​សារតែ​បាត់សមាជិកស្នូល។

រឿងរ៉ាវមួយទៀតដែលអ្នកក្នុងនាមជាអ្នកដឹកនាំត្រូវ​ធ្វើការ​ពិនិត្យ​មើលនោះគឺ ការចាកចេញសមាជិក​ស្នូលអាច​ធ្វើឱ្យមាន​ការបាត់បង់ទំនុកចិត្តលើក្រុមហ៊ុន។ ចំណុច​សំខាន់មួយដែលអាច​ឱ្យបុគ្គលិកចាកចេញគឺ​ដោយសារតែ​ការបាត់បង់ទំនុកចិត្តលើការដឹកនាំ លើសកម្មភាពប្រតិបត្តិនិងគ្រប់គ្រង ដែលធ្វើឱ្យ​មនុស្សផ្សេងៗអាច​នឹងរកឱកាស​នៅកន្លែងផ្សេង។ដូចនេះ នៅពេលដែលអ្នកជួបប្រជុំក្រុម អ្នកគួរតែសង្កត់ធ្ងន់​ទៅលើ​ឱកាស​នាថ្ងៃអនាគត និងសារៈសំខាន់នៃគោលដៅរបស់ក្រុម។ ទង្វើនេះនឹងធ្វើឱ្យកូនក្រុមមានអារម្មណ៍ថា កិច្ចការក្រុមគឺជារឿងចាំបាច់ដែលគ្រប់រូបត្រូវចូលរួមធ្វើឱ្យសម្រេចបាន ហើយគ្រប់រូបសុទ្ធតែមាន​ចំណែកនិងតួនាទីសំខាន់ ជាជាង​រំឮក​ពីការបាត់បង់សមាជិកស្នូល។

ផ្តល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព

អ្វីដែលធ្វើឱ្យមានការពេញចិត្តនៅក្នុងស្ថាប័ននោះគឺ ជំនឿជាក់ថា​កិច្ចការដែលខ្លួន​កំពុងធ្វើគឺពិតជាជួយ​បុគ្គលនោះឱ្យមានការរីកចម្រើន។ បុគ្គលិកក្នុងស្ថាប័នណាក៏ដោយដែលមានឆន្ទៈ ប្រាកដជាសប្បាយចិត្តនៅពេល​ដែលគេ​មានឱកាស​ទទួលបានការបណ្តុះបណ្តាល​ ហើយអាចយកចំណេះនេះទៅបំពេញ​កិច្ចការកាន់តែប្រសើរជាងមុន ហើយការចាកចេញពីកន្លែងធ្វើការភាគច្រើនគឺដោយសារតែ​បុគ្គលិកមានអារម្មណ៍ថា ក្រុមហ៊ុនមិនបាន​គិតគូរពីអនាគតរបស់ពួកគេនោះទេ។ ការបង្កើតឱ្យមានការបណ្តុះបណ្តាល​គឺជា​យុទ្ធសាស្ត្រមួយ​ក្នុងការបង្កើនទំនុកចិត្ត និងភាពស្មោះស្ម័គ្រដោយសារតែពួកគេឃើញថា ក្រុមហ៊ុនមានគម្រោច្បាស់លាស់ក្នុងការកសាង​សមត្ថភាព​ខ្លួន​ដើម្បីឈោងចាប់ឱកាសល្អៗនាពេលខាងមុខ។

ជារួមការចាកចេញរបស់បុគ្គលិកស្នូលណាមួយ​នឹងធ្វើឱ្យសមាជិកផ្សេង​ធ្វើការចោទជាសំណួរ​លើខ្លួនឯង​ថាតើគេពេញចិត្តនឹងការងារ ឬកន្លែងការងារ ឬជឿថាគេមានអនាគតនៅទីនេះដែរឬទេ? អ្នកដឹកនាំដែលពូកែគឺជាមនុស្ស​ម្នាក់អាច​រក្សាលំនឹងចិត្ត ធ្វើការ​ស្វែង​យល់​ពីកត្តាផ្សេងៗដែលនាំឱ្យបុគ្គលិកសម្រេចចិត្តចាកចេញ និងកែប្រែស្ថានភាពនេះឱ្យមកភាពល្អប្រសើរឡើងវិញ។

ដកស្រង់ចេញពី HBR.org និងបន្ថែមលើពិសោធន៍ជាក់ស្តែង

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ