spot_img
spot_img
Homeទូទៅព្រេង​និទានសម័យទំនើប៖ ទន្សាយ​ និងអណ្តើក

ព្រេង​និទានសម័យទំនើប៖ ទន្សាយ​ និងអណ្តើក

-

កាលពីយូរលង់ណាស់មកហើយ ទន្សាយ និងអណ្តើកបានធ្វើការប្រកែកគ្នា ថាតើនរណាមានល្បឿនលឿនជាងនរណា។ ដោយសារតែការប្រកែកគ្នាមិនមានលទ្ធផលអ្វី ពួកគេទាំងពីរក៏បានសម្រេចចិត្តធ្វើការប្រណាំងរកអ្នកឈ្នះចាញ់។ អណ្តើក និងទន្សាយបានជ្រើសរើស និងព្រមព្រៀងគ្នាទៅប្រណាំងនៅកន្លែងមួយ។ នៅពេលចាប់ផ្តើមការប្រណាំងភ្លាម ទន្សាយបានប្រើប្រាស់ល្បឿនយ៉ាងលឿន ដោយរត់មិនសំចៃល្បឿន។ ក្រោយពីបានរត់មួយសន្ទុះក្រោយមក ទន្សាយបានគិតថាវាបានរត់ដាច់យ៉ាងឆ្ងាយពីអណ្តើក ដូច្នេះហើយ វាក៏សម្រេចចិត្តសម្រាកសិននៅក្រោមដើមឈើមួយ។ នៅពេលដែលសម្រាកបានមួយភ្លេតក្រោយមក វាក៏បានលង់លក់ដោយមិនដឹងខ្លួន។ ដោយសារតែទន្សាយដេកលក់ ដោយមិនខ្វល់ពីការរត់ប្រណាំង ធ្វើឲ្យអណ្តើកដែលខំវារយឺតៗតែមិនហ៊ានសម្រាកអាចដណ្តើមយកឈ្នះទន្សាយបានដោយមិនអាចប្រកែកបាន។ នៅពេលដែលទន្សាយភ្ញាក់ឡើងគឺវាហួសពេលទៅហើយ វាបានដឹងខ្លួនថាវាបានចាញ់អណ្តើក ហើយចាញ់ទាំងមិនអស់ចិត្ត។ នៅក្នុងសាច់រឿងនេះចង់បង្ហាញថា ទោះបីយឺតយ៉ាងក៏ដោយ ឱ្យតែខិតខំប្រឹងប្រែងដោយមិនប្រែលប្រួល អ្នកនឹងអាចយកឈ្នះបាន។ នេះគឺជារឿងនិទានដែលយើងទាំងអស់គ្នាតែងតែឮនៅពេលដែលយើងនៅតូច ឬក្នុងពេលដែលកំពុងសិក្សានៅក្នងបឋមសិក្សា។ ប៉ុន្តែសាច់រឿងនៅមិនទាន់ចប់នៅឡើយទេ!

[box fontsize=”22″]ទោះបីយឺតយ៉ាងក៏ដោយ ឱ្យតែខិតខំប្រឹងប្រែងដោយមិនប្រែលប្រួល អ្នកនឹងអាចយកឈ្នះបាន![/box]

ទន្សាយតូចចិត្តយ៉ាងខ្លាំងនៅពេលដែលប្រណាំងចាញ់អណ្តើក ហើយវាក៏បាននឹកគិតដល់រឿងដែលទើបនឹងកើតឡើងថ្មីៗ។ វាបានភ្ញាក់ខ្លួនថា វាចាញ់ការប្រណាំងនេះ ក៏ដោយសារតែវាមានជឿជាក់លើខ្លួនឯងខ្លាំងហួសហេតុពេក ដោយមិនប្រយ័ត្ន ហើយធ្វេសប្រហេស។ ប្រសិនបើវាមិនបានមើលងាយគូរប្រកួតទេ វានឹងគ្មានផ្លូវចាញ់អណ្តើកឡើយ។ ហេតុដូច្នេះហើយ វាក៏បានហៅអណ្តើកមកប្រណាំងម្តងទៀត ហើយអណ្តើកក៏បានព្រមតាមការស្នើរ។ ម្តងនេះ ទន្សាយបានប្រឹងប្រែងប្រណាំង ដោយមិនហ៊ានឈប់សម្រាកដូចមុនឡើយចាប់ពីដើមទី រហូតដល់ចុងទី។ វាបានប្រណាំងឈ្នះដាច់អណ្តើកយ៉ាងឆ្ងាយ។ នៅក្នុងរឿងនេះចង់បង្ហាញថា លឿនហើយមិនប្រែប្រួលនឹងយកឈ្នះ យឺតហើយមានល្បឿនថេរ។ វាល្អដែលមានល្បឿនយឺតហើយថេរ ប៉ុន្តែវាកាន់តែប្រសើរប្រសិនបើមានល្បឿនលឿនហើយ មិនប្រែប្រួល។

[box fontsize=”22″]លឿនហើយមិនប្រែប្រួលនឹងយកឈ្នះ យឺតហើយមានល្បឿនថេរ![/box]

រឿងនិទាននៅមិនទាន់ចប់នៅឡើយទេ! ដល់វេណអណ្តើកគិតពីការប្រណាំងវិញម្តងហើយ។ ក្រោយពីការគិតយ៉ាងដិតដល់ វាបានដឹងថា វាគ្មានផ្លូវណាអាចប្រណាំងឈ្នះទន្សាយឡើយ ប្រសិនបើទីន្លែង និងទីលានប្រណាំងនៅតែមានសភាពដូចនឹងការប្រណាំងទាំងពីរលើកមុនដែលបានធ្វើកន្លងមក។ វាគិតមួយសន្ទុះ ហើយក៏បានហៅទន្សាយមកប្រណាំងម្តងទៀត តែទីលានប្រណាំងមានភាពខុសប្លែកពីមុន។ ទន្សាយក៏បានយល់ព្រមយ៉ាងលឿន។ ពេលនេះដល់ពេលដែលប្រណាំងម្តងទៀតហើយ។ គ្រាន់តែចាប់ផ្តើមភ្លាម ទន្សាយបានប្រើល្បឿនយ៉ាងលឿនដោយរត់ដាច់យ៉ាងឆ្ងាយពីអណ្តើក រហូតដល់វាដល់ច្រាំងទន្លេមួយនៅពាក់កណ្តាលទីលានប្រណាំង ហើយមានចម្ងាយពីគោលដៅ២ទៅ ៣គីឡូម៉ែតទៀត។ ស្ថិតក្នុងស្ថានភាពនេះ ទន្សាយបានគិតយ៉ាងអន្ទះសារដើម្បីរកវិធីឆ្លងទន្លេ។ ក្នុងខណៈពេលដែលទន្សាយកំពុងតែគិត ហើយមិនមានមធ្យោបាយដោះស្រាយ អណ្តើកបានវ៉ាទន្សាយ ហើយឆ្លងទន្លេ បន្ទាប់មកវារសំដៅទៅគោលដៅដែលបានកំណត់រួច។ ម្តងនេះ អ្នកឈ្នះបានទៅលើអណ្តើក។ ក្នុងរឿងនេះចង់បង្ហាញថា ជំហ៊ានដំបូងត្រូវកំណត់ឱ្យឃើញពីសមត្ថភាពស្នូល ឬចំណុចខ្លាំងរបស់ខ្លួន ហើយធ្វើការផ្លាស់ប្តូរដោយជ្រើសរើសទីលានដែលសក្តិសមនឹងចំណុចខ្លាំងនោះ។

[box fontsize=”22″]ជំហ៊ានដំបូងត្រូវកំណត់ឱ្យឃើញពីសមត្ថភាពស្នូល ឬចំណុចខ្លាំងរបស់ខ្លួន ហើយធ្វើការផ្លាស់ប្តូរដោយជ្រើសរើសទីលានដែលសក្តិសមនឹងចំណុចខ្លាំងនោះ![/box]

hare-and-tortoise-again-16រឿងនេះនៅមិនទាន់ចប់នៅឡើយទេ។ មកដល់ពេលនេះ ទន្សាយនិងអណ្តើកបានក្លាយជាមិត្តដ៏ល្អនឹងគ្នា ហើយពួកគេក៏បានគិតជាមួយគ្នា។ ពួកគេបានគិតឃើញថា ការប្រកួតចុងក្រោយអាចនឹងប្រសើរជាងនេះប្រសិនបើផ្លាស់ប្តូរវិធីរត់។ ពួកគេក៏សម្រេចចិត្តថានឹងធ្វើការរត់ប្រណាំងនៅទីលានចុងក្រោយម្តងទៀត ប៉ុន្តែធ្វើការរត់បែបជាក្រុម។ នៅពេលចាប់ផ្តើម ទន្សាយឱ្យអណ្តើកជិះពីលើខ្លួនពីដើមទីរហូតដល់មាត់ច្រាំងទន្លេ ហើយអណ្តើកឱ្យទន្សាយជិះពីលើខ្លួននៅពេលឆ្លងទន្លេ។ នៅពេលដល់ច្រាំង ទន្សាយឱ្យអណ្តើកជិះលើខ្លួនវិញម្តង ហើយធ្វើការរត់រហូតដល់គោលដៅជាមួយគ្នា។ ទាំងទន្សាយនិងអណ្តើកពេញចិត្តនឹងលទ្ធផលដែលគេទទួលបានជាងការប្រណាំងមុនៗទាំងអស់គ្នា។ក្នុងរឿងនេះចង់បង្ហាញថា ការដែលមានសមត្ថភាពស្នូលល្អៗរៀងខ្លួនគឺវាល្អហើយ ប៉ុន្តែប្រសិនបើអ្នកមិនអាចធ្វើការជាក្រុមជាមួយគ្នា ហើយមិនបានធ្វើការទាញយកចំណុចខ្លាំងដែលមានរៀងៗមកបំពេញឱ្យគ្នាទៅវិញទៅមកនោះទេ អ្នកនឹងមិនអាចទទួលបានលទ្ធផលគាប់ប្រសើរនោះទេ។ ក្នុងកាលៈទេសៈខ្លះអ្នកអាចធ្វើបានល្អ ឯពេលខ្លះទៀតដៃគូររបស់អ្នកធ្វើបានល្អជាង ដូច្នេះមានតែការបំពេញឱ្យគ្នាទៅវិញទៅមកទេដែលអាចធ្វើឱ្យអ្នកទទួលបានលទ្ធផលគាប់ចិត្តបាន។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ