ភាពតប់ប្រម៉ល់របស់អ្នកអាចជាប្រភពនៃជម្ងឺមុននៅលើមុខ
តើមិត្តអ្នកអានជាពិសេសមិត្តវ័យជំទង់ៗមានបញ្ហា មុនវាយប្រហារមុខដែរឬទេនៅពេលដែលអ្នកប្រុងប្រៀបខ្លួនសម្រាប់ឱកាសពិសេសអ្វីមួយ? បើមានអ្នកគួរតែអានអត្ថបទដែល«គំនិត» ដកស្រង់យកមកចែករំលែកនេះ។
អ្នកប្រហែលធ្លាប់ដឹងនិងបានអានព៌តមានខ្លះដែលទាក់ទងនឹងជម្ងឺមុននៅលើមុខរបស់អ្នកហើយ។ ដូចនេះ «គំនិត» គ្រាន់តែចង់សង្ខេបនូវចំណុចសំខាន់ៗនៃបញ្ហាមុននេះបន្តិចជាមុនសិន។កត្តាចំបងនោះគឺ មុនកើតឡើងនៅពេលសារពាង្គកាយរបស់អ្នកប្រឆាំងនឹង បាតេរីដែលមកតោងនៅលើស្បែកមុខរបស់អ្នក។ដូចនេះកត្តាដែលធ្វើអនុគ្រោះដល់ការរីកលូតលាស់នៃបាតេរីទាំងប៉ុន្មានសុទ្ធសឹងតែចូលរួមបង្កើតនូវមុននៅលើមុខរបស់អ្នក។ កត្តាសំខាន់ៗទាំងនោះរួមមាន៖លំអងធូលី និងខ្លាញ់នៅលើមុខអ្នក។ ទាំងនេះជាអ្វីដែលអ្នកវិទ្យាសាស្រ្តយល់ដឹងអំពី«មុន»។
ក៏ប៉ុន្តែកាលពីឆ្នាំ ២០០៨ អ្នកស្រី ហ្វ្លរ ម៉ាយូរល អ្នកវិទ្យាសាស្ត្រនិងវិជ្ជបណ្ឌិតជំនាញផ្នែកស្បែក (M.D. Flor Mayoral) បានរកឃើញនូវមូលហេតុថ្មីមួយទៀតដែលបណ្តលឲ្យមានការកើតឡើងនៃ«មុន» កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៨។ អ្នកស្រីបានឲ្យដឹងថា ការកើនឡើងនៃមុននៅលើមុខអាចជាឥទ្ធិពលនៃភាពក្រោមសំពាធ ឬ ភាពតប់ប្រម៉ល់ដែលបណ្តាលឲ្យសារពាង្គកាយបង្កើននូវអរម៉ូនឈ្មោះ ខតធីសុល (cortisol)។ដោយហេតុថា អរម៉ូន ខតធីសុលនេះ បង្កើននូវសារធាតុខ្លាញ់ក្នុងសារពាង្គកាយសារធាតុនេះក៏ជាមូលហេតុនៃការកើតឡើងនៃមុនដែរ។ យើងទាំងអស់គ្នាប្រហែលជាដឹងច្បាស់ហើយថា សារធាតុខ្លាញ់លើមុខនេះហើយ ជាប្រភពនៃការតោងភ្ជាប់នៃបាតេរីជាច្រើននិងជាប្រភពដែលអនុគ្រោះដល់ការរីកលូតលាស់របស់បាតេរីនៅលើស្បែកមុខ។ អ្នកស្រី (M.D. ) Flor Mayoral បានបន្ថែមទៀតថាដើម្បីកាត់បន្ថយផលអាក្រក់លើស្បែកទាំងនេះអ្នកទាំងអស់គ្នាត្រូវធ្វើលំហាត់ប្រាណ និង ការតាំងសមាធិ ដើម្បីកាត់បន្ថយនូវសំពាធ និង ភាពតប់ប្រម៉ល់របស់អ្នក ដែលអាចកាត់បន្ថយនូវការបង្កើតនូវអរម៉ូន ខតធីសុល បាន។ នេះជាអ្វីដែល របកគំហើញថ្មីទាក់ទង នឹងបញ្ហាមុខដែល «គំនិត» ចង់ចែករំលែកជាមួយអ្នកថ្ងៃនេះ។ ខាងក្រោមជាគន្លិះខ្លះៗដែលអាចជួយឲ្យអ្នកកាត់បន្ថយនូវបញ្ហាមុនបាន។
គន្លិះខ្លះៗទាក់ទងហ្នឹងការទប់ស្កាត់ការកើនឡើងនៃមុន៖
ក) ត្រូវលាងដៃហ្នឹងសាប៊ូ នឹងទឹកក្តៅអុណៗឲ្យបានស្អាតជាមុន មុននឹងលុបលាងមុខនឹងទឹកក្តៅអុណៗ។ ក្នុងមួយថ្ងៃត្រូវលាងមុខបែបនេះឲ្យបានពីរដង។
ខ) កុំបរិភាគអាហារដែលមានជាតិផ្អែមពេកដែលអាចបង្ករឲ្យជាតិស្ករក្នុងឈាមកើនឡើង ដែលជាហេតុបង្ករឲ្យមានអតុល្យភាពនៃអរម៉ូន។
គ) កុំប្រើផលិតផលសំអាងកាយច្រើនហួសហេតុពេក។ត្រូវផ្តល់ពេលវេលាខ្លះដល់ស្បែកសម្រាប់ធ្វើកិច្ចការដោយធម្មជាតិ (បញ្ជាក់ត្រូវលុបលាងជម្រះមុខឲ្យអស់នូវ ផលិតផលតុបតែងមុខមុនចូលគេង និង ត្រូវជៀសវាងផលិតផលដែលមានជាតិខ្លាញ់ច្រើនបើអាចធ្វើបាន)។
ឃ) មិនត្រូវញេចមុនដោយគ្មានវិធីសាស្រ្តព្រោះវាបណ្តាលឲ្យរីករាលដាល ហើយវាអាចបង្ករឲ្យមានស្នាមនៅលើស្បែកមុខថែមទៀតផង។ «គំនិត» មិនចង់ហាមអ្នកកុំឲ្យ ញេចមុនទេព្រោះ ពួកយើង ដឹងថាអ្នកទាំងអស់គ្នាពិបាកទ្រាំហ្នឹងការមានមុននៅលើមុខបានទេ។ តែ «គំនិត» គ្រាន់តែចង់ប្រាប់ថា ការញេចមុនត្រូវធ្វើឡើងតាមវិធីសាស្រ្តត្រឹមត្រូវ ទើបមុនទាំងនោះមិនកើនឡើង ឬ រីករាលដាល។
បើមិត្តអ្នកអានមានបញ្ហាមុខហើយចង់ដឹងនូវព៌តមានបន្ថែមសូម សរសេរនូវសំនួរទាំងនោះនៅខាងចុងនៃអត្ថបទនេះ «គំនិត» ហ្នឹងជួយផ្តល់ជាមតិយោបល់ផ្សេងៗសម្រាប់ជួយសម្រាលបញ្ហាទាំងនោះ។
ដកស្រង់ចេញពី៖
http://www.sciencedaily.com/videos/2008/0411-science_of_stress.htm កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១១
រូបភាពដើមបានមកពី៖
ទី១
http://i3.squidoocdn.com/resize/squidoo_images/-1/lens12937951_1283028986how_to_get_rid_of_pimples
ទី២
http://2.bp.blogspot.com/fQISmkZV9Vs/TQjkdIaXdvI/AAAAAAAAAFI/zxDUr0lSdkE/s1600/pimple-squeeze.jpg