spot_img
spot_img
Homeអចលនវត្ថុមនុស្ស​៧​ប្រភេទដែលមិនអាចទិញអចលនទ្រព្យបាន ទោះក្នុង​ស្ថានភាពណាក៏ដោយ

មនុស្ស​៧​ប្រភេទដែលមិនអាចទិញអចលនទ្រព្យបាន ទោះក្នុង​ស្ថានភាពណាក៏ដោយ

-

វិស័យ​អចលនវត្ថុគឺកំពុងតែមានភាពផុសផុលក្នុងមួយរយៈពេលចុងក្រោយនេះ ហើយមានមនុស្សជាច្រើនចង់ចាប់ផ្តើមចង់សាកល្បងវិនិយោគដើម្បីប្រាក់ចំណេញ ហើយក៏មានមនុស្សជាច្រើនដល់ពេលត្រូវការ​ទីជម្រកទីមួយរបស់ខ្លួនសម្រាប់កសាងគ្រួសារថ្មីផងដែរ។ អ្នកខ្លះក៏ទទួលបានផលច្រើនពីទីផ្សារនេះ អ្នកខ្លះក៏មិនសមប្រកប ហើយអ្នកខ្លះទៀត​ចង់ចូលប្រឡូកដែរតែមិនទាន់ហ៊ាន។

ទោះជាយ៉ាងណាក៏ដោយ មានមនុស្ស៧ប្រភេទ ដែលមួយជីវិតគាត់អាចនឹងមិនអាចទិញអចលនទ្រព្យ​បាននោះទេ ទោះបីជាទីផ្សារក្តៅ ឬត្រជាក់ក៏ដោយ!

១. អ្នកដែលតែងតែគិតថា​ អចលនទ្រព្យ​នឹងធ្លាក់ថ្លៃច្រើននៅថ្ងៃខាងមុខ

មានមនុស្សមិនតិចទេដែលតែងតែមានគំនិតបែបនេះ ហើយតែងតែទន្ទឹងរង់ចាំថា អចលនទ្រព្យធ្លាក់ថ្លៃច្រើនទើបគាត់ទិញ។ ឧបមាថា ប្រសិនបើមានករណី​នឹងកើតឡើងមែន តម្លៃធ្លាក់ថ្លៃ​រហូតដល់ទាបមែនទែន ម្នាក់ៗអាចទិញ​បានគ្រប់ៗគ្នា គាត់ប្រាកដជាអាចនឹងចាំរហូតដល់ថ្ងៃដែលវាធ្លាក់ថ្លៃជាងនឹងទៀត ឬក៏លែងគិតចង់ទិញ ដោយសារតែអ្នកណាក៏អាចទិញបាន។ ដូចយ៉ាង​ក្នុង​ឆ្នាំ​២០០៨ នៅពេលដែល​តម្លៃដីធ្លីនៅត្រឹង អ្នកចាំធ្លាក់ថ្លៃ នៅតែមិនហ៊ានទិញ ព្រោះពួកគាត់គិតថា នឹងអាចធ្លាក់ថ្លៃបន្តទៀត ហើយ​អ្នកដែលហ៊ានទិញ​គឺនៅតែហ៊ានទិញព្រោះពួកគាត់ដឹងថានេះជាឱកាសល្អដើម្បីចំណេញ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាព​អចលវត្ថុ​ត្រឹង ឬធ្លាក់ថ្លៃ គ្មានអ្នកជំនាញណាអាចមើលឃើញមុនបានឡើយ ហើយ​អ្នកវិភាគពីបញ្ហានេះ គឺបានដឹង និងវិភាគ​បន្ទាប់ពី​ស្ថានភាពនោះ​កើតឡើងរួចហើយទៅ។

២. អ្នកដែលសម្រេចចិត្តយឺត

នៅពេលដែលគាត់ទៅមើលអចលនទ្រព្យ​រួចហើយ មានអារម្មណ៍ថាអចលនទ្រព្យនោះល្អហើយ ប៉ុន្តែបន្ទាប់មក​គឺនៅចាំ​គិតមើលសិន ចាំទៅពិភាក្សា​ជាមួយអ្នកផ្ទះមួយរយៈសិន (តែខាងក្នុងចិត្តគិតថា ឥឡូវមិនទាន់គិតសម្រេចចិត្តចង់ទិញ​ទេ គឺចាំដើររកមើល​អចលនទ្រព្យ​ដែល​ល្អជាងនឹង ល្អជាងនឹងសិនថា​វាមានឬទេ?)។ តែចុងក្រោយ ដី ឬផ្ទះដែលបានទៅមើលគឺត្រូវអ្នកផ្សេងទិញបាត់ ហើយស្តាយក្រោយ។ ឆ្លងតាមបទពិសោធន៍ជា​ភ្នាក់ងារ​អចលនទ្រព្យ ខ្ញុំបានជួបករណីនេះជាច្រើន ដោយការសម្រេចចិត្តយឺត ត្រូវបានគេ​ទិញមុនបាត់ ហើយពួកគាត់​តែងតែឱ្យក្រុមការងារ​រក​អចលនវត្ថុ​ដែលប្រហាក់ប្រហែល និងតម្លៃដូចគ្នា តែនៅលើទិផ្សារ តម្លៃចេះតែកើនឡើងឥតឈប់ឈរ។ ជាក់ស្តែង​នៅទីក្រុងភ្នំពេញ តម្រូវការ​ទិញ​មាន​ខ្ពស់ អចលនវត្ថុដែលអ្នកទៅមើល អ្នកផ្សេងក៏ទៅមើល អ្នកពេញចិត្ត គេក៏ពេញចិត្ត ហើយប្រសិនបើអ្នកមិនសម្រេចចិត្តលឿន គេនឹងយកបាត់។

៣. អ្នកចូលចិត្តមើល​តែមិនទិញ

ពួកគាត់ចូលចិត្ត​ដើរមើលច្រើន ហើយគិតថាមើលឱ្យច្រើនសិនចាំគិតថាមួយណាសាកសម​ជាង ធូរថ្លៃជាង និងល្អជាង (ហើយមានពេលខ្លះមើលយូរពេក រហូតមកចាប់អារម្មណ៍អចលនទ្រព្យ​ដែលធ្លាប់មើលពីមុនវិញ តែវាបានឡើងថ្លៃទៅហើយ)។ ចុងក្រោយមានអារម្មណ៍ថា តម្លៃចេះតែឡើងឥតឈប់ឈរ ហើយក៏សម្រេច​ចិត្ត​មិនទាន់ទិញ​ ហើយដើរមើលទៀតក្រែងបានពើបប្រទះ​នូវតម្លៃ​ដែលធូរថ្លៃដូចខ្លួនបានគិត។ តែជាក់ស្តែង​ ស្ថានភាពនេះដូចជាពិបាក​នឹងជួបប្រទះណាស់។

៤. អ្នកដែលតែងតែមិនទុកចិត្ត​ភ្នាក់ងារ

គាត់​ទុកចិត្ត​តែខ្លួនឯង​តែប៉ុណ្ណោះ ហើយ​គិតថា​គ្មាន​អ្នកចេះជាងគាត់ និង​មានសមត្ថភាពរកអចលនទ្រព្យដែលគាត់ចង់បាន។ គាត់គិតថា​ រាល់ក្រុមហ៊ុន​ទាំងអស់សុទ្ធតែកុហក និងចង់បានតែលុយ ហើយ​គាត់មិនជឿ​អ្នកទាំងនោះ​ថា​កំពុងតែលក់អចលនទ្រព្យ​តម្លៃល្អ​ឱ្យគាត់នោះទេ។ ពិតមែនហើយ ភ្នាក់ងារ​ទាំងនោះត្រូវការលុយ តែពួកគាត់​ត្រូវការ​ដោយ​ផ្អែក​លើ​ក្រមសីលធម៌វិជ្ជាជីវៈ ដោយការ​ប្តូរនូវការផ្តល់សេវាកម្ម និងព័ត៌មានទីផ្សារ​ពិតប្រាកដ ហើយធ្វើដើម្បីអតិថិជន ព្រោះគាត់ដឹងថា នៅពេលដែលអតិថិជនចំណេញ ពួកគាត់នឹងមករកសេវា​អចលនទ្រព្យទៀត។ ក្រុមហ៊ុនដែលមិនល្អ ឬគិតតែលុយជាធំមិនខ្វល់ពីអតិថិជនពិតជាមាន​ តែមិនមែនមានន័យថា​មនុស្សគ្រប់រូប និងក្រុមហ៊ុនទាំងនោះសុទ្ធតែដូច្នេះនោះទេ។ ជាក់ស្តែង​ មានអតិថិជនមិនតិចទេដែល​មិនមានបទពិសោធន៍វិនិយោគអចលនវត្ថុ​ បានផល់ចំណេញជាច្រើននៅពេលដែលគាត់​ប្រើប្រាស់សេវា​ពីក្រុមហ៊ុនដែលមានជំនាញវិជ្ជាជិវៈច្បាស់លាស់។

៥. អ្នកដែលតែងតែ​ជឿជាក់​ទាំងស្រុង​ទៅលើអ្នកជំនាញ​គ្រប់រូប

នៅលើសារព័ត៌មាន​ មាន​ព័ត៌​មាន​មិនតិចទេដែលតែងតែ​សម្ភាសន៍អ្នកជំនាញនេះ អ្នកជំនាញ​នោះ​ពីស្ថានភាព​អចលនវត្ថុ។ តើអ្នកជឿទេ នៅពេលដែលអ្នកជំនាញ​ណាមួយ​ថា​អចលនវត្ថុ​ធ្លាក់ថ្លៃ​ វានឹងធ្លាក់ថ្លៃ? ជាក់ស្តែង​កាលពីឆ្នាំ២០១៦ មានព័ត៌មានមិនតិចទេ អ្នកវិភាគ​មិនតិចទេថាឆ្នាំ២០១៧នឹងជួបបញ្ហា បន្ទាប់មក២០១៨ បន្ទាប់ថានឹងមានក្នុងឆ្នាំ២០១៩ ហើយ​ក៏និយាយ​ថា២០២០ នឹងមានបញ្ហា។ តើកន្លងមក​តម្លៃ​បានចុះថ្លៃទេ? យោងតាមស្ថានភាព​សេដ្ឋកិច្ច​ប្រទេសកម្ពុជាសព្វថ្ងៃ ឱកាស​វិនិយោគ​នៅមានសក្តានុពលខ្លាំងក្លា ហើយ​បើ​និយាយ​ថា អាច​នឹងមានបញ្ហាមែននោះ វាគ្រាន់តែជាបញ្ហារយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះថា តម្លៃដីធ្លីនៅប្រទេសយើងមានតម្លៃធូរថ្លៃនៅឡើយប្រៀបធៀបប្រទេសដទៃទៀត។

៦. អ្នកដែលរង់ចាំតម្លៃអចលនទ្រព្យធ្លាក់ដល់បាត

ពួកគាត់តែងតែនឹកចាំដល់ថ្ងៃ​ដែលតម្លៃធ្លាក់ដល់បាតទើបចង់ទិញ តើអ្នកណាខ្លះអាចដឹងថានៅតំបន់ណាដែលអចលនទ្រព្យធ្លាក់ដល់បាត? សូម្បីតែអ្នកជំនាញ​ ឬអ្នករកស៊ីរាប់ឆ្នាំក៏មិនប្រាកដជាអាចដឹងថា​តម្លៃដល់បាតគឺមានកម្រិតណាដែរ។ ឧទាហរណ៍​ថា​នឹងមាន​ការធ្លាក់តម្លៃ​កើតឡើងក្នុងទីផ្សារមែននោះ ពួកគាត់​នឹងនៅតែមិនសម្រេចចិត្តទិញ ព្រោហ​គាត់នឹងគិតថា វាអាចនឹងធ្លាក់បន្តទៀត ព្រោះមិនទាន់ដល់បាត។ ហេតុដូចនេះហើយ ដើម្បី​ចង់ចំនេញក្នុងវិស័យនេះ កុំចាំ​ដល់ធ្លាក់ដល់បាតអី ព្រោះគ្មានអ្នកណាដឹងថា​ពេលណានឹងកើតឡើងឡើយ ឬក៏មិនអាចនឹងកើតឡើងក៏ថាបាន។ គួរតែ​ផ្អែកលើលទ្ធភាព និងតម្រូវការជាក់ស្តែង ហើយធ្វើការសម្រេចចិត្តទិញ ទើបអ្នកអាច​មានឱកាសទិញអចលនទ្រព្យបាន។

៧. អ្នកដែលចង់ទិញអចលនទ្រព្យដែលល្អឥតខ្ចោះ

អ្នកទាំងនោះ​ភាគច្រើនគឺជាអ្នកដែលមានកញ្ចប់ថវការមានកំណត់ តែតែងតែចង់បានអចលនវត្ថុ​ដែលល្អឥតខ្ចោះ។ ជាក់ស្តែង អ្នកណាក៏ចង់បាន​ភាពល្អឥតខ្ចោះផងដែរ ដូចជាមានទីតាំងល្អ ទេសភាពស្អាត សំណង់ល្អ ទំនើប​មានសួន ជិតកន្លែងពាណិជ្ជកម្ម អាចរកស៊ីបាន តម្លៃធូរថ្លៃ ។ល។ ប៉ុន្តែ ល្អគ្រប់ដប់ហើយធូរថ្លៃពិតជា​មិនមានទេនៅក្នុងពិភពលោកនេះ ហើយទោះខំរកយ៉ាងណាក៏រកមិនបានដែរ។ ដូចនេះ​គួរតែមើលតាមលទ្ធភាពជាក់ស្តែង ហើយស្វែងរកអចលនវត្ថុដែលសាកសម​នឹងខ្លួនយើង ហើយមានតម្លៃល្អនោះជាការប្រសើរបំផុត។

សរុបមក អនាគត​តម្លៃ​អចលនទ្រព្យ​ឡើង​ឬចុះ​គឹ​ពិតជា​មិនសំខាន់ខ្លាំង​នោះទេ តែអ្វីដែលសំខាន់បំផុតគឺអាស្រ័យលើតម្រូវការ​ និងគោលដៅរបស់យើង។ ប្រសិនបើអ្នកមានតម្រូវការហើយ អាចកម្ចីបានពីស្ថាប័ន​ហិរញ្ញវត្ថុហើយ អចលនវត្ថុដែលអ្នកបានមើលគឺល្អគ្រប់គ្រាន់ ទីតាំងក៏គ្រាន់បើ តម្លៃក៏អាចទទួលយកបាន នោះជាពេលដែលអ្នកគួរទិញហើយ!

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ