spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងមរតក៖ អនុញ្ញាតិឱ្យយើងខ្ញុំថែរក្សាមនុស្សជាទីស្រឡាញ់របស់អ្នករហូតដល់វិនាទីចុងក្រោយ

មរតក៖ អនុញ្ញាតិឱ្យយើងខ្ញុំថែរក្សាមនុស្សជាទីស្រឡាញ់របស់អ្នករហូតដល់វិនាទីចុងក្រោយ

-

អត្ថបទនេះជា​ការឆ្លុះបញ្ចាំង​ពី​គំនិត​ថ្មីៗ​ ដែលមិន​ត្រឹមតែ​ជា​ប្រភេទ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែ​វាជា​គំនិត​មួយដែល​អាច​ជួយ​ដល់​សង្គម​បាន​យ៉ាង​ច្រើន​ផង​ដែរ។

មរណភាព​ជា​រឿង​ដែល​ពិបាក​ទទួលយក

កើត ចាស់ ឈឺ ស្លាប់ គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​លោក តែ​មនុស្ស​ជាច្រើន​មិន​អាច​ទទួល​យក​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត គឺ​មរណភាព បាន​ឡើយ។ នៅ​ពេល​ដែល​ដឹង​យ៉ាងច្បាស់​ថា​ជិត​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន អារម្មណ៍​ក្តុកក្តួល និង​ភាព​សោកសង្រេង​ក៏​ចាប់ផ្តើម​កើត​មាន​ឡើង​ចំពោះ​ក្រុម​គ្រួសារ​និង​ញាតិមិត្ត។ ខណៈ​ពេល​ដែល​ម្នាក់ៗ​ដែល​នៅ​ជុំវិញ​កំពុងតែ​មាន​ទុក្ខ​យ៉ាង​ធំ អ្នក​ទាំងនោះ​ត្រូវ​មាន​កាតព្វកិច្ច​មួយ​ដែល​មិន​អាច​ចៀស​បាន គឺ​ការ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​សម្រាប់​អ្នក​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ។ សមាជិក​គ្រួសារ​ឬ​សាច់ញាតិ ត្រូវ​ញាប់​ដៃ​ញាប់​ជើង​រៀបចំ​គេហដ្ឋាន ទាក់ទង​ទៅ​គ្រប់​ទិសទី ព្រម​ទាំង​ជូន​ដំណឹង និង​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ ដើម្បី​អាច​រៀបចំ​ពិធីបុណ្យ។ ក្នុង​កាលៈទេសៈ​បែបនេះ ក្រុម​គ្រួសារ​និង​ញាតិមិត្ត​ដែល​ជិត​ស្និទ្ធ​អាច​គិតគូរ​រៀបចំ​ពិធី​បាន​តិចតួច​បំផុត ហើយ​ចង់​នៅ​ក្បែរ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅក្នុង​វិនាទី​ចុងក្រោយ។ ជាង​នេះ​ទៅទៀត បើ​មរណភាព​ដោយ​ហេតុ​គ្រោះថ្នាក់ ឬ​ភាព​ចៃដន្យ​អ្វីមួយ​វិញ​ទៀត​នោះ គ្មាន​សោះ​ឡើយ​វិញ្ញាណ និង​ស្មារតី​នៅក្នុង​ក្រុម​គ្រួសារ កុំ​ថា​ឡើយ​បាន​គិតគូរ​ដល់​ការ​រៀបចំ​ពិធី​ឱ្យ​បាន​សមរម្យ។

ក្នុង​កាលៈទេសៈ​កំពុង​តែ​មាន​ទុក្ខ ក្រុម​គ្រួសារ​និង​ញាតិមិត្ត​ដែល​ជិត​ស្និទ្ធ​អាច​គិតគូរ​រៀបចំ​ពិធី​បាន​តិចតួច​បំផុត ហើយ​ចង់​នៅ​ក្បែរ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅក្នុង​វិនាទី​ចុងក្រោយ!

មិន​បាន​គិតគូរ​ឡើយ​ដល់​ការ​រៀបចំ​ពិធី​បុណ្យ​សព

ការ​រៀបចំ​ពិធីបុណ្យ​មួយ​តាម​ប្រពៃណី​គឺ​មិន​ងាយស្រួល​នោះ​ទេ ព្រោះ​ត្រូវ​ដឹង​ពី​ក្បួន​ទម្លាប់់ ដឹង​ថា​ត្រូវ​ទៅ​រក​អ្វី ហើយ​រក​ពី​អ្នក​ណា។ អ្វី​ដែល​កាន់​តែ​លំបាក​ទៀត​នោះ គឺ​ម្ចាស់​ដើម​បុណ្យ​មិន​ដែល​ជួបប្រទះ​រឿង​បែបនេះ មិនដឹង​ថា​ត្រូវ​ធ្វើ​អ្វី​មុន អ្វី​ក្រោយ អ្វី​ចាំបាច់ អ្វី​មិន​ចាំបាច់ និង​ថា​តើ​ទាក់ទង​អ្នកណា​ខ្លះ ហើយ​រៀបចំ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឱ្យ​ត្រឹមត្រូវ​តាម​ប្រពៃណី ឱ្យ​សម​នឹង​ការ​គោរព​និង​ក្តី​ស្រឡាញ់ ដែល​ខ្លួន​មាន​ចំពោះ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ។

បើ​និយាយ​ពី​ខ្ទង់​ចំណាយ​វិញ សម្រាប់​ពិធី​បុណ្យ​ផ្សេងៗ ប្រហែល​ជា​អាច​ប៉ាន់ប្រមាណ​បាន ប៉ុន្តែ​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​សព គឺ​ពិបាក​នឹង​ប៉ាន់ប្រមាណ​ណាស់ ដោយសារតែ​ភាគច្រើន​គឺ​ជា​ការរៀបចំ​ភ្លាមៗ​ដោយ​មិន​បាន​ព្រៀង​ទុក។ ពេល​ខ្លះ​ការ​ចំណាយ​គឺ​ច្រើន​លើសលប់ ដោយសារតែ​គ្រួសារ​សព​មិន​អាច​តថ្លៃ ឬ​គ្មាន​ពេលវេលា​និង​កម្លាំង​ក្នុង​ការ​តថ្លៃ ឬ​ដោយសារ​តែ​ត្រណម​មិន​តថ្លៃ​ក្នុង​ពិធីបុណ្យ ដើម្បី​ឱ្យ​វា​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។ ចំណាយ​ភាគច្រើន​មិនបាន​សមនឹង​តម្រូវការ​របស់​សាច់ញាតិ​បងប្អូន តែ​ដោយ​សិ្ថត​នៅក្នុង​ស្ថានភាព​មានទុក្ខ​បែបនេះ ម្នាក់ៗ​គឺ​ត្រូវតែ​សង្កត់ចិត្ត​ព្រម​ទទួល​យក​អ្វីៗ​ដែល​មាន បើ​ទោះបីជា​មិនបាន​សម​តាមចិត្ត​ដែល​ចង់​បាន​ក៏ដោយ។

«ហាង​មរតក» ចង់​ជួយ​សម្រួល​បន្ទុក​ដល់​គ្រួសារ​សព

ដោយ​សង្កេត​ឃើញ​ពី​ស្ថានភាព​លំបាក​នៃ​គ្រួសារ​សព​បែបនេះ លោក យស ប៊ុនហោ សហការ​ជាមួយ​នឹង​ដៃគូ​បរទេស​ម្នាក់​ទៀត បាន​រួមគ្នា​បង្កើត​ហាង​ផ្ដល់​សេវាកម្ម​រៀបចំ​បុណ្យសព​មួយ​ឡើង ដោយ​បាន​ដាក់​ឈ្មោះ​ហាង​ថា មរតក។ ស្ថាបនិក​ទាំងពីរ​រូប​នេះ​បាន​ពន្យល់​ថា ពួក​គាត់​បាន​មើលឃើញ​ពី​ការ​លំបាក​នៃ​គ្រួសារ​នានា​ក្នុង​សង្គម​ប្រឈម​នឹង​មរណភាព​សមាជិក​គ្រួសារ​របស់​ខ្លួន។ លោក​អ៊ំ​បាន​នឹកគិត​ដល់​ការ​ជួយ​សម្រួល​បន្ទុក​ដល់​ក្រុម​គ្រួសារ​ដែល​មាន​វិបត្តិ ដើម្បី​ឱ្យ​ពួកគាត់​បាន​ចំណាយ​ពេល​វេលា​ចុងក្រោយ​ជាមួយ​អ្នក​ជា​ទី​ស្រឡាញ់​ឱ្យ​ដល់​ទី​បញ្ចប់។ គំនិត​ដ៏​ល្អ​នេះ​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​ផ្ដួចផ្ដើម​បង្កើត​ជា​ហាង មរតក នេះ​ឡើង។

លក្ខណៈ​ពិសេស​នៃ «ហាង​មរតក»

ពួកគាត់​មាន​ទស្សនៈ​ថា ពីធី​បុណ្យសព​ធ្វើឡើង​មាន​គោលបំណង​២​យ៉ាង។ ទី១​នោះ​គឺជា​កិត្តិយស​សម្រាប់​អ្នក​ស្លាប់ និង​ទី២​គឺ​ជា​អនុស្សាវរីយ៍​ចុងក្រោយ​បង្អស់​សម្រាប់​អ្នក​ដែល​នៅ​រស់។ ដូចនេះ​ហើយ ពួកគាត់​ចង់​ធ្វើ​យ៉ាងណា​ឱ្យ​ពីធី​បុណ្យ​មាន​ការ​រៀបចំ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត តាម​ប្រពៃណី​នៃ​ក្រុម​គ្រួសារ​សព និង​ប្រព្រឹត្ត​ទៅ​រលូន ដោយ​មិន​ឱ្យ​ក្រុម​គ្រួសារ​សព​មាន​ការ​លំបាក​ឡើយ។

ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ខាង​លើ ពួក​គាត់​បាន​ខិតខំ​ផ្តោត​សំខាន់​លើ​៣​ចំណុច​ដូច​ខាង​ក្រោម៖

  1. ការ​ប្រឹក្សា​យោបល់៖ ផ្ដល់​ការ​ប្រឹក្សា​យោបល់​ដល់​ក្រុម​គ្រួសារ​អំពី​ដំណើរការ​នៃ​ពិធីបុណ្យ​យ៉ាង​ច្បាស់លាស់​និង​លម្អិត ដែល​នាំ​មក​នូវ​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត អាច​ជួយ​រំលែកទុក្ខ​សោក​ដ៏​ធំធេង​របស់​គាត់​បាន​មួយ​កម្រិត។
  2. ផលិតផល៖ ផ្ដល់​ជូន​តែ​ផលិតផល​ក្នុង​ពិធីបុណ្យ ដែល​ល្អ​ប្រណីត សម្រាប់​ជា​កិត្តិយស​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​ជា​ទី​ពេញចិត្ត​នៃ​ញាតិ​មិត្ត​បងប្អូន។
  3. សេវាកម្ម៖ ភ្ជាប់​ជាមួយ​នូវ​សេវា​នានា​ដែល​ចាំបាច់ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​និង​ភាព​ប្រសើរ​នៃ​កម្មវិធី​បុណ្យសព តាំង​ពី​ការ​លើកដាក់ ការ​តុបតែង រហូត​ដល់​ការ​យាម​កំដរ។

លើស​ពី​នេះ​ទៅ​ទៀត ស្ថាបនិក​ទាំង​២​រូប ក៏​បាន​គិតគូរ​ដល់​ខ្ទង់ចំណាយ​នៃ​ក្រុម​គ្រួសារ​សព​ផង​ដែរ។ ពួកគាត់​និយាយ​ថា ពួកគាត់​មិន​ផ្ដោត​ចម្បង​លើ​ការ​រក​ប្រាក់​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ដល់​ផ្លូវចិត្ត​និង​អារម្មណ៍​នៃ​ក្រុម​គ្រួសារ សូម្បី​តែ​តម្លៃ​ក៏​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់។ គិត​ដូចនេះ ពួកគាត់​បាន​បង្កើត​ជា «កញ្ចប់» ដែល​មាន​ទាំង​ផលិតផល និង​សេវា​អម​ជាមួយ មាន​ចែង​ច្បាស់លាស់ ដើម្បី​កាត់បន្ថយ​ចំណាយ​ឱ្យ​បាន​ច្រើន និង​ផ្ដល់​ជូន​ក្នុង​តម្លៃ​សមស្រប​បំផុត ។ នេះ​ក៏​ដើម្បី​អារម្មណ៍​ស្ងប់ចិត្ត​និង​ការ​ជឿជាក់​នៃ​ក្រុម​គ្រួសារ​សព ដែល​ត្រូវការ​ពេលវេលា​ឱ្យ​បាន​ច្រើន​បំផុត​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់​ជា​ចុង​ក្រោយ គ្មាន​ពេល​ឡើយ​មក​ខ្វាយខ្វល់​អំពី​ការរៀបចំ​ពិធី​ទាំងនេះ។ សម្រាប់​ការ​ចាប់ផ្ដើម​ប្រតិបត្តិ​ដំបូង មរតក មាន «កញ្ចប់» ៣​ប្រភេទ សម្រាប់​រយៈពេល ៣ថ្ងៃ ៥ថ្ងៃ ឬ ៧ថ្ងៃ ទៅ​តាម​ការ​ចង់បាន​របស់​ក្រុម​គ្រួសារ​សព។ ទោះ​ក្នុង​កញ្ចប់​ណាមួយ​ក៏ដោយ គ្រួសារ​សព​នឹង​ទទួល​បាន​សេវា​និង​ផលិតផល​ដែល​មាន​គុណភាព ដែល​រួមមាន៖ លិខិត​ស្នាម​ពាក់ព័ន្ធ, ការ​សម្អាត​និង​រក្សាសព, ក្ដារមឈូស​ប្រណីត​និង​ជើង​ទម្រ, ការ​តុបតែង​ផ្កា, និង​ការ​ជួយ​សម្រួល​ដល់​ពិធីបុណ្យ ។

មិន​ផ្ដោត​ចម្បង​លើ​ការ​រក​ប្រាក់​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ដល់​ផ្លូវចិត្ត​និង​អារម្មណ៍​នៃ​ក្រុម​គ្រួសារ

ស្ថាបនា «ហាង​មរតក» មិនមែន​ជា​រឿង​ងាយ​ទេ!

ក្នុង​ការ​ធ្វើ​ឱ្យ​ឧត្តម​គំនិត​នេះ​ក្លាយជា​ការពិត​បាន ស្ថាបនិក​ទាំង​២​រូប បាន​ឆ្លង​កាត់​ការ​លំបាក​គ្រប់សព្វ​បែបយ៉ាង​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ។ ពួកគាត់​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​លំបាក​ក្នុង​ការ​និយាយ​ពី​គំនិត​របស់​ពួកគាត់​ដោយ​បើកចំហ ព្រោះ​ទោះបី​វា​ជា​រឿង​ដ៏​ប្រពៃ ដែល​ពួកគាត់​គិតគូរ​ដល់​សុខទុក្ខ​អ្នកមាន​វិបត្តិ​ក៏ដោយ ក៏​មនុស្សជា​ទូទៅ​មិនទាន់​អាច​ទទួលយក​បាន​នៅឡើយ​នូវ​ការពិភាក្សា​អំពី​បុណ្យសព ឬ​អំពី​ការ​គ្រោង​បុណ្យសព។ តែ​ពួកគាត់​មិន​រួញរា​ឡើយ ហើយ​បាន​ព្យាយាម​ពន្យល់​ដោយ​អស់ពី​ចិត្ត​អំពី​ការ​លំបាក​នៃ​ក្រុម​គ្រួសារ​សព និង​អំពី​អ្វី​ដែល​ពួកគាត់​អាច​ជួយ​បាន ដែល​នេះ​នាំ​ឱ្យ​មាន​មនុស្ស​កាន់តែ​​ច្រើន​ឡើង បាន​បើក​ចិត្ត​ទូលាយ ហើយ​ថែម​ទាំង​គាំទ្រ និង​ជ្រោមជ្រែង​ពួកគាត់​ឱ្យ​ទទួល​បាន​ជោគជ័យ​ទៀតផង។

គំនិត​ឧត្ដម​សម​នឹង​ទទួល​ជោគជ័យ

បើ​តាម «គំនិត», សេវាកម្ម​ដែល​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ទាំង​២​រូប​ខាងលើ អាច​នឹង​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ទូទៅ។ គាំទ្រ​គឺ​ដោយសារតែ​សេវាកម្ម​នេះ​នឹង​ជួយ​សម្រាល​បន្ទុក​ជាច្រើន ដោយ​បាន​ផ្តល់​​អារម្មណ៍​ធូរស្រាល និង​ភាព​ជឿជាក់ ធ្វើ​ឱ្យ​សមាជិក​គ្រួរសារ ព្រមទាំង​សាច់ញាតិ មាន​ពេល​កាន់តែ​ច្រើន​នៅ​ជាមួយ​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ព្រោះ​ជា​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត និង​ជា​ពេល​ជួប​មុខ​គ្នា​ចុងក្រោយ។ ភាព​ជឿជាក់​នៃ​គ្រួសារ​សព​នឹង​កើត​ចេញពី​ការយល់​ច្បាស់​ពី​ដំណើរការ​នៃ​ការរៀបចំ​ពិធី ការ​ដឹងពី​កម្រិត​សេវាកម្ម​និង​អ្វី​ផ្សេងៗ​ដែល​នឹង​ទទួល​បាន និង​ការ​ដឹង​ជាក់លាក់​ពី​ខ្ទង់ចំណាយ។ ប៉ុន្តែ​សេវាកម្ម​ដែល​មិនធ្លាប់​មាន​ពីមុន​មួយ​នេះ អាច​នឹង​ត្រូវការ​ពេលវេលា​ពន្យល់​ដោយមាន​ហេតុផល​សមស្រប ដើម្បី​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ ឱ្យ​ពួកគាត់​យល់​ច្បាស់ និង​ចាត់ទុក​វា​ដូច​ការរៀបចំ​ពិធី​ផ្សេងៗ​ទៀត។ ភាព​ជឿជាក់​នៃ​មហាជន និង​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ពួកគាត់​ទៅលើ​ការរៀបចំ​ពិធីបុណ្យ​សព​នេះ​ហើយ នឹង​នាំមក​នូវ​ភាព​ជោគជ័យ​សម្រាប់ ​មរតក

ខៀក វិទ្យារតនៈ
ខៀក វិទ្យារតនៈhttp://www.kumnit.com%20
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ