បើយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថាការធ្វើបច្ចុប្បន្នភាពថ្ងៃទី16 ខែមិថុនា ឆ្នាំ2022 នេះ ទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក Elon Musk មានចំនួន 215.6 ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងលើសទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក Bernard Arnault ចំនួន 80 ពាន់លានដុល្លារ និងលើសទ្រព្យសម្បត្តិសុទ្ធសរុបរបស់ Jeff Bezos ចំនួន 82.2 ពាន់លានដុល្លារ។ ចំពោះការធ្វើបច្ចុប្បន្នភាពថ្មីក្នុងឆ្នាំ 2022 នេះ ជាទិន្នន័យមួយបង្ហាញថា លោក Elon Musk មានចំនួនទ្រព្យសម្បត្តិសុទ្ធច្រើនជាងមហាសេដ្ឋីនានាទូទាំងពិភពលោក ដូចជា Bill Gates, Warren Buffett, Larry Ellison, Mukesh Ambani, Gautam Adani, Larry Page, Sergey Brin និងជាច្រើនរូបទៀត។
គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិដែល Elon Musk ទទួលបានច្រើនជាងគេ គឺបានមកពីប្រភពចំណូលចំនួនពីរ រួមមាន Tesla និង SpaceX។ លើសពីនេះ Elon Musk ក៏កំពុងធ្វើការដើម្បីធ្វើបដិវត្តការដឹកជញ្ជូនទាំងនៅលើផែនដីតាមរយៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងនៅក្នុងលំហ តាមរយៈក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX។ ម្យ៉ាងទៀត គាត់បានកាន់កាប់ភាគហ៊ុន Tesla ចំនួនប្រហែល 25% និង SpaceX ដែលជាក្រុមហ៊ុនរ៉ុក្កែតរបស់ Musk ក៏មានតម្លៃ 100 ពាន់លានដុល្លារ បន្ទាប់ពីការផ្តល់មូលនិធិក្នុងខែធ្នូ ឆ្នាំ 2021។ ហើយទាំងនេះ ជាផ្នែកសំខាន់ត្រួសៗអំពីប្រភពចំណូលរបស់ Musk។
បន្ថែមពីនេះ ភាពជោគជ័យរបស់ Elon Musk មិនមែនកើតឡើងដោយងាយស្រួលនោះឡើង ប៉ុន្តែវាកើតចេញពីក្ដីស្រលាញ់ក្នុងការបង្កើតអ្វីថ្មីៗ និងដើរតាមក្ដីស្រមៃរបស់ខ្លួនឯង រួមផ្សំជាមួយនឹងភាពឆ្លាតវៃ និងសមត្ថភាព ឆន្ទៈរបស់លោកផ្ទាល់ក្នុងការតស៊ូជំនះរហូតទទួលបាននូវអ្វីដែលលោកចង់ឃើញ។ លើសពីនេះ លោកក៏បន្តស្វែងរកអ្វីថ្មីៗក្នុងការបង្កើតវាឡើង ដើម្បីដើរតាមក្ដីស្រមៃ និងជួយពិភពលោកឱ្យកាន់តែជឿនលឿនផងដែរ។ ម្យ៉ាងវិញទៀត ការខិតខំរបស់លោកមិនមែនមនុស្សគ្រប់គ្នាអាចធ្វើតាមបានឡើយ ដោយលោកក៏ធ្លាប់ព្យាយាមធ្វើការរហូត 120ម៉ោង ក្នុងមួយសប្ដាហ៍ក៏មាន ដែលនេះជារឿងគួរឱ្យនឹកស្មានមិនដល់ថាគាត់អាចធ្វើបាន។